បន្ទាប់ពីបានឮប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គណបក្សប្រជាជនកម្ពុជា (CPP) មានសមាជិកជាង៥លាននាក់ឯណោះ ចំណែកមន្ត្រីខ្លះទៀត ប្រកាសថា មានអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ចុះចូល CPP រាប់ពាន់នាក់នោះ ជាហេតុនាំឱ្យគណបក្សតូចៗ ទើបបង្កើតថ្មី ធ្លាក់ទៅក្នុងភាពអស់សង្ឃឹមថា នឹងបានកៅអីតំណាងរាស្ត្រ។ ទោះយ៉ាងណា ក៏មានអ្នកគាំទ្រគណបក្សមួយ និយាយថា “គ្នាច្រើន អន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ” ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
សុភាសិតខ្មែរថា “គ្នាច្រើន អន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ” បានជ្រួតជ្រាបជាទូទៅក្នុងមជ្ឈដ្ឋានមហាជន ដែលយើងមិនចាំបាច់បកស្រាយវែងឆ្ងាយ ដោយគ្រាន់តែបញ្ជាក់ថា “បើមានគ្នាច្រើនប្រចាំជើងគ្នា នឹងធ្វើឱ្យខូចផែនការអ្វីមួយ”។ ជាទូទៅ ការបង្កើតសមាគម អង្គការ សហគមន៍ ក្រុមសាមគ្គី ឬគណបក្សនយោបាយ បើ “ប្រចាំជើងគ្នា” មិនជួយចូកជួយចែវ បណ្តាលឱ្យគោលការណ៍ ឬផែនការសមាគម សហគមន៍ អង្គការ ឬគណបក្ស ជួបភាពរកាំរកូស មិនពេញលេញ ឬមិនគ្រប់ជ្រុងជ្រោយ មិនខុសពីមនុស្សក្នុងគ្រួសារមានសមាជិកជាង១០នាក់ លុះពេលស្ងោរអន្សមភ្ជុំ ខ្លះរវល់លេងបៀ ខ្លះរវល់ជល់កែវ ស្ត្រីខ្លះរវល់បំបៅកូន ភ្លេចថែភ្លើងចង្ក្រាន បណ្តាលឱ្យអន្សមឆៅ។ ជួនកាលគ្នាច្រើនពេក ចេះតែនាំគ្នារុញអុសឱ្យភ្លើងឆេះខ្លាំង ភ្លេចថែមទឹក បណ្តាលឱ្យអន្សមខ្លោចអស់ទៅ។
នៅពេលបក្សកាន់អំណាច ប្រកូកប្រកាសថា មានសមាជិកជាង៥លាននាក់ ចាំតែគូសសន្លឹកឆ្នោតជូនបក្សទេវតានោះ បណ្តាលឱ្យបក្សតូចៗទើបបង្កើតថ្មី ធ្លាក់ទៅក្នុងភាពអស់សង្ឃឹម ដោយបារម្ភថា បក្សគាត់នឹងក្លាយជា “បក្សអំពិលអំពែក” ឬ “បក្សកំដរ” ដូចអ្វីដែលលោកសម រង្ស៊ី បានលាបពណ៌កន្លងមក។ ទោះយ៉ាងណា ក៏មានបុរសម្នាក់អះអាងថា គាត់ជាសមាជិក “គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ” (LDP) របស់លោកខឹម វាសនា បាននិយាយនៅក្នុងតៀមកាហ្វេមួយថា “បក្សខ្ញុំមិនអស់សង្ឃឹមទេ ព្រោះ CPP គ្នាច្រើន អន្សមខ្លោច”។ បុរសម្នាក់នោះ បន្ថែមថា “កាលបោះឆ្នោតឆ្នាំ២០១៣ និង២០១៧ ក៏ CPP អួតពីរឿងមានសមាជិកជាង៥លាននាក់នោះដែរ តែលទ្ធផលបោះឆ្នោត បានតែជាង៣លានសំឡេង”។
ដោយឡែក លោកអ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា “វាគ្រាន់តែជាយុទ្ធសាស្ត្រចាស់គំរឹលរបស់បក្សកាន់អំណាច ដែលតែងតែធ្វើឡើងរាល់មុនពេលបោះឆ្នោត វាជាវប្បធម៌ប្រពៃណីទៅហើយ”។
ការអះអាងពីចំនួនសមាជិកជាង៥លាននាក់ គាំទ្រ CPP និងការបន្តុះបង្អាប់របស់ពួកប្រឆាំង គឺជាយុទ្ធសាស្ត្រនៃការរកសំឡេងឆ្នោត ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ត្រង់ពាក្យសម្តីបុរសគាំទ្រ LDP ដែលថា “គ្នាដូចស្រមោច អន្សមឆៅ” ដែលគួរដល់ការពិចារណា។ កន្លងមក យើងឃើញយ៉ាងនេះមែន គឺនៅមុនពេលបោះឆ្នោតម្តងៗ តែងមានចលនាអូសទាញប្រជាពលរដ្ឋឱ្យចុះចូលបក្សកាន់អំណាច ស្ទើរតែគ្រប់ខេត្ត-ស្រុក បន្ទាប់មកក៏មានការប្រកាសថា សមាជិក CPP កើនដល់ជាង៥លាននាក់ឯណោះ។ លុះបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ CPP បានទទួលសន្លឹកឆ្នោតគាំទ្រតែជាង៣លានសំឡេងប៉ុណ្ណោះ បាត់អស់ជាង២លាន មិនដឹងទៅខាងណា? ចំណុចនេះហើយបានជាអ្នកគាំទ្រ LDP ដែលកំពុងឃោសនាវាយប្រហារបក្សកាន់អំណាច ធ្ងន់ៗនោះ បង្អាប់ CPP ថា “គ្នាច្រើន អន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ”។ កាលពីពេលថ្មីៗនេះ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានស្រែកដាក់មីក្រូថា “ស្រុកខ្មែរ មិនមែនដាក់ថ្នាំព្យាបាលទេ តែត្រូវវះកាត់!” មេបក្សដែលមានវេហោរសាស្ត្រមិនធម្មតានេះ វ៉ៃធ្ងន់ៗទៀតថា បើគាត់បានកាន់អំណាច នឹងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង។ រីឯគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ក៏មិនធម្មតាដែរ គឺបន្ទាប់ពីបានចេញគោលការណ៍១៤ចំណុចរួចមក ស្រាប់តែមានមន្ត្រីហ៊្វុនស៊ិនប៉ិច ខ្លះដើរចេញពីគណបក្ស។ ការដើរចេញនេះ អ្នកវិភាគមើលឃើញថា បើពួកគេទៅចុះចូល CPP គឺមានន័យថា “មិនពេញចិត្តសម្តេចក្រុមព្រះ ដែលប្រឆាំងចំប្លង់” ដូច្នេះបើព្រះអង្គប្រឆាំង ច្បាស់ជាអាចអូសទាញអ្នកមាននិន្នាការប្រឆាំង ឱ្យបោះឆ្នោតថ្វាយព្រះអង្គមិនខាន ដោយហេតុថា នៅកម្ពុជា សព្វថ្ងៃប្រជាពលរដ្ឋមាននិន្នាការធំៗ២ គឺ “ប្រឆាំង និងមិនប្រឆាំង”។ រីឯគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លេខរៀងទី៧ ដែលអះអាងថា នឹងបំបែកសំឡេងឆ្នោត CPP មិនឱ្យបាន ៥០បូក១ នោះ ជួនកាលអាចបានសម្រេច បើសិនជាបក្សកាន់អំណាច ភ្លេចប្រយ័ត្នពីរឿង “គ្នាច្រើន អន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ”។
ឥឡូវនៅក្នុងមជ្ឈដ្ឋានមហាជន តាំងពីក្រុងដល់ស្រែ ដែលពួកគាត់ចូលចិត្តតាមដានរឿងនយោបាយ នៅពេលជួបគ្នា ក៏សួរគ្នាតែពីរឿង “អាមេរិក បង្កកទ្រព្យសម្បត្តិ ដកទិដ្ឋាការលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង”។ ទោះជាបានឮ លោកនាយទាហានជាន់ខ្ពស់បដិសេធថា “លោកគ្មានលុយឯណា ផ្ញើទុកនៅអាមេរិក នោះទេ បើអាមេរិក ចង់ដកៗទៅ” យ៉ាងណាក្តី ក៏ប្រជាពលរដ្ឋទាំងអ្នកគាំទ្រ CPP ទាំងពួកប្រឆាំងជាអតីត CNRP ក៏ដូចជាសមាជិកគណបក្សទើបបង្កើតថ្មី ជាប់មន្ទិលសង្ស័យ មិនចេះអស់មិនចេះហើយ។ នៅមានចំណុចអសកម្មផ្សេងទៀត ប៉ះពាល់ដល់សន្លឹកឆ្នោត CPP ដូចករណីអ្នកកាសែតថតបានក្បួនរថយន្តដឹកឈើដូចហែកឋិន នៅខេត្តរតនគិរី មណ្ឌលគិរី នាំចេញទៅវៀតណាម ដោយមានការសមគំនិតគ្នាជាប្រព័ន្ធ រឿងទំនាស់ដីធ្លីជាង១០ឆ្នាំ ដោះស្រាយមិនចេញ រឿងចោរកម្មកើតឡើងកាន់តែច្រើនទៅៗ រឿងគ្រឿងញៀន ដែលថ្ងៃណា ក៏ប៉ូលិសចាប់បានក្មេងញៀនថ្នាំ ធ្វើឱ្យចង្អៀតគុក និងរឿងអយុត្តិធម៌សង្គម សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈផ្សេងៗទៀត ដែលជាមេរោគពិបាកព្យាបាល ទើបលោកខឹម វាសនា ថា “ស្រុកខ្មែរ មិនមែនដាក់ថ្នាំព្យាបាលទេ តែត្រូវវះកាត់”។
បើអ៊ីចឹងនោះ សមាជិក CPP ថា មានដល់ទៅជាង៥លាននាក់ ពុំដឹងថា ចំនួននេះសុទ្ធតែបោះឆ្នោតឱ្យ CPP ទាំងអស់ ឬយ៉ាងណាទេ ព្រោះតាមការកត់សម្គាល់ អាណត្តិមុន បាត់ជាង២លានសំឡេងឯណោះ។ ហេតុនេះ គួរតែបក្សកាន់អំណាច ប្រឹងប្រែងឱ្យមែនទែន កុំជឿរបាយការណ៍ថ្នាក់ក្រោមពេក ព្រោះកាលពីអាណត្តិមុន នៅមូលដ្ឋានខ្លះ មានអ្នកចុះចូលបក្សកាន់អំណាច រាប់រយនាក់ ដែលដោះអាវរូបព្រះអាទិត្យរះ ដុតចោល ពាក់អាវរូបទេវតាបាចផ្កា លុះលទ្ធផលបោះឆ្នោត បែរជាបក្សប្រឆាំង កើនសំឡេង។ ដូច្នេះករណីអ្នកគាំទ្រ LDP ចំអកឱ្យបក្សកាន់អំណាច ថា “គ្នាដូចស្រមោច អន្សមឆៅ” នោះ ចាត់ទុកជាការដាស់តឿនមន្ត្រី CPP កុំមានមោទនភាពពេក ព្រោះទោះជាអស់គូប្រជែងស្មើទម្ងន់គ្នា ក៏នៅសល់ហ៊្វុនស៊ិនប៉ិច LDP បញ្ចោញវោហារសាស្ត្រមិនធម្មតា ដែលមិនគួរមើលស្រាល។
សរុបទៅ “គ្នាដូចស្រមោច អន្សមឆៅ” គ្រាន់តែជាការបកស្រាយតាមអ្វីដែលបុរសគាំទ្រគណបក្សលោកខឹម វាសនា បន្តុះបង្អាប់បក្សកាន់អំណាច តែប៉ុណ្ណោះ។ ហេតុនេះ ទោះជាតួលេខបង្ហាញថា CPP មានសមាជិកជាង៥លាននាក់នោះ គួរប្រុងប្រយ័ត្នផង ព្រោះគ្នាច្រើនប្រចាំជើងគ្នា អាចធ្វើឱ្យអន្សមឆៅ ឬខ្លោចបាន។ ចំណែកបក្សតូចៗឯទៀត ដែលមិនសូវមាត់ក ឬមិនពូកែវោហារដូចលោកខឹម វាសនា ក៏គួរប្រឹងប្រែងឡើង កុំទាន់អស់សង្ឃឹមអី…៕