កាលពីថ្ងៃចន្ទ ទី១៨ ខែមិថុនា ស្ថាបនិកក្រុមហ៊ុនអាលីបាបា លោកជេក ម៉ា បានចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតថ្មី លោកមហាធៀ មហាម៉ាត់ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រទេស ម៉ាឡេស៊ី។
ក្នុងជំនួបនេះ មហាសេដ្ឋីចិនរូបនេះបាន បង្ហាញអារម្មណ៍រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាយករដ្ឋមន្ត្រីមានវ័យ៩២ឆ្នាំទៅហើយ បែរជាមានចំណេះដឹងជ្រៅជ្រះពី បច្ចេកវិទ្យា។
នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៨ ខែមិថុនា។
លោកជេក ម៉ា បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានខាងលើថា លោកមហាធៀ មានចំណេះដឹងជ្រៅជ្រះផ្នែកប្រព័ន្ធបច្ចេកវិទ្យា។
លោកជេក ម៉ា បានចំណាយពេលមួយម៉ោង ដើម្បីផ្លាស់ប្តូរ និងចែករំលែកគំនិតយោបល់នានា ជាពិសេស ពាក់ព័ន្ធនឹងការឈានទៅកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយយុវវ័យក្នុងអាជីវកម្មខ្នាតតូច និងក្នុងវិស័យបច្ចេកវិទ្យាផង។
ក្រៅពីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី មហាធៀ លោកជេក ម៉ា ក៏បានជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីថ្មី លោកLim Guan Eng កាលពីថ្ងៃអាទិត្យ ក្នុងអាហារពេលល្ងាចរួមគ្នាដែរ។
តាមពិតទៅ លោកជេក ម៉ា ត្រូវជួបជាមួយលោកមហាធៀ តាំងពីដើមខែមិថុនា ម៉្លេះ ប៉ុន្តែ សំណើសុំនេះ ត្រូវបានពន្យារសិន ដោយសារលោកមហាធៀ ចង់រៀបចង់គណៈរដ្ឋមន្ត្រីឱ្យបានរួចរាល់សិន៕