ការធ្វើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន អស់រយៈពេលជាងបីខែកន្លងមកនេះ មិនទាន់រកឃើញអ្នកឈ្នះនិងអ្នកចាញ់នៅឡើយទេ ដោយម្នាក់ៗសុទ្ធខ្លាំងរៀងៗខ្លួន តែអ្វីជាផលវិបាកសម្រាប់ពលរដ្ឋលើពិភពលោកនោះ គឺវិបត្តិសេដ្ឋកិច្ចទីផ្សារពិភពលោក។
កាលពីខែមុន រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចយកពន្ធគយទៅលើទំនិញនាំចូលពីចិន មានតម្លៃ៥០ពាន់លានដុល្លារ ទៅលើមុខទំនិញពិសេស ចំនួនពីរ គឺដែកថែប និងអាលុយមីញ៉ូម។ ការដំឡើងនេះ បានដុតបញ្ឆោះកំហឹងមហាអំណាចចិន ហើយក៏បានបញ្ចោញប្រតិកម្មតបវិញ ជាមួយការកំណត់យកពន្ធគយលើទំនិញនាំចូលពីអាមេរិក មានតម្លៃប្រហាក់ប្រហែលនឹង៥០ពាន់លានដុល្លារផងដែរ។
ដោយសារតែចិន មិនព្រមចុះចាញ់ ហើយសងសឹកត្រឡប់មកលើខ្លួនវិញនោះ កាលពីថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ លោកត្រាំ ក៏បានគំរាមចិន សាជាថ្មីម្តងថា អាមេរិក នឹងកំណត់យកពន្ធគយ ១០ភាគរយ ទៅលើទំនិញចិន មួយចំនួន ដែលទំហំទឹកប្រាក់រហូតទៅដល់២០០ពាន់លានដុល្លារ។ នេះបើយោងតាមប្រភពព័ត៌មានស៊ី-អិន-អិន ចេញផ្សាយ នៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។
លោកដូណាល់ ត្រាំ បានព្រមានថា បើចិន មិនព្រមបញ្ចប់ត្រឹមនេះ អាមេរិក នឹងសម្រេចជាផ្លូវការបន្ថែមពន្ធ២០០ពាន់លានដុល្លារ ទៅលើមុខទំនិញចិន នាំចូលអាមេរិក។
អាមេរិក ជារឿយៗតែងតែបន្ទោសចិន ថា ស៊ីខ្សែលើអាមេរិក គឺអតុល្យភាពទំហំពាណិជ្ជកម្ម។
គួររំឭកថា កាលពីឆ្នាំ២០១៧ ទំនិញអាមេរិក នាំចេញទៅចិន ជាប់ពន្ធ៤៩,៨ពាន់លានដុល្លារ ខណចិន នាំចេញទៅអាមេរិក ជាប់ពន្ធ៤៦,២ពាន់លានដុល្លារ៕