Saturday, July 19, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក សម្រេចផ្អាកសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង តាមការសន្យា

អាមេរិក សម្រេចផ្អាកសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង តាមការសន្យា

ស្របពេលដែលប្រមុខមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កំពុងបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ នៅទីក្រុងប៉េកាំង ជួបជាមួយលោកស៊ី ជីនពីង ដើម្បីរាយការណ៍ជំនួបប្រជុំកំពូលនៅសិង្ហបុរី កាលពីសប្តាហ៍មុន ការវិវឌ្ឍស្ថានភាពនយោបាយនៅឧបទ្វីបកូរ៉េ ក៏មានភាពរីកចម្រើនទៅមុខដែរ។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចផ្អាកសមយុទ្ធយោធារួមគ្នាទាំងស្រុង ដែលគ្រោងនឹងធ្វើឡើងនៅខែសីហា ខាងមុខនេះ។

នេះបើយោងតាមប្រភពព័ត៌មានស៊ី- អិន-អិន ចេញផ្សាយកាលពីថ្ងៃអង្គារ នេះ។

លោកស្រី Choi Hyun-soo អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងត្បូង និងអាមេរិក បានសម្រេចជាឯកច្ឆ័ន្ទផ្អាកគម្រោងធ្វើសមយុទ្ធ Ulchi Freedom Guardian នៅសីហា។

ការប្រកាសនេះបានធ្វើឡើងតែមួយសប្តាហ៍ ក្រោយជួបគ្នាប្រជុំកំពូលនៅសិង្ហបុរី ដែលបានសន្យាបញ្ឈប់ល្បែងសង្គ្រាមបង្កហេតុនានា ដែលជាការចំណាយខ្ពស់។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកស្រី Dana White បានថ្លែងថា យោងតាមការសន្យារបស់ដូណាល់ ត្រាំ អាមេរិក សម្រេចផ្អាករាល់ផែនការសមយុទ្ធយោធារួម ខែសីហា នេះទាំងស្រុង។ ចំណែកសេតវិមាន ថ្លែងថា សមយុទ្ធយោធារួមត្រូវផ្អាក ប្រសិនបើកូរ៉េខាងជើង គោរពការសន្យារំសាយនុយក្លេអ៊ែរ៕

RELATED ARTICLES