Monday, October 20, 2025
Homeព័ត៌មានជាតិមិនមានលុយគ្រប់ ប្រុសរត់ចោលស្រីបាត់

មិនមានលុយគ្រប់ ប្រុសរត់ចោលស្រីបាត់

ភ្នំពេញ ៖ គូសង្សារវ័យក្មេងមួយគូ បានជិះម៉ូតូដឹកគ្នាដើរលេងយប់ លុះជិះក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកគូទរថយន្ត១គ្រឿង បណ្តាលឱ្យក្រពឹត និងត្រូវម្ចាស់រថយន្តទាមទារសំណងការខូចខាតចំនួន១០០ដុល្លារ ប៉ុន្តែដោយសារតែដោះស្រាយគ្នាមិនចេញ ស្រាប់តែប្រុសស្នេហ៍ហេងស៊យ បែកគំនិតជិះម៉ូតូគេចចេញពីកន្លែងកើតហេតុចោលស្រីស្នេហ៍បាត់ ទុកឱ្យខាងស្រីនៅតែម្នាក់ឯង និងត្រូវភាគីខាងរថយន្តឃាត់ឱ្យចេញសំណងជំនួសប្រុសស្នេហ៍ហេងស៊យ។

ហេតុការណ៍ដ៏ហួសចិត្តខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងនិងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-6084 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បម្រុងបត់ឆ្វេងឆ្លងទៅផ្លូវហាណូយ ខណៈនោះស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាក DUCATI ពណ៌ក្រហម គ្មានពាក់ស្លាកលេខ ជិះគ្នា២នាក់ ជាគូសង្សារនឹងគ្នា ធ្វើដំណើរមកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកគូទរថយន្តខាងលើចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឱ្យក្រពឹតកាង និងបែកស្តុប តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ ភាគីទាំង២ ក៏បានធ្វើការដោះស្រាយគ្នានៅនឹងកន្លែង ដោយភាគីខាងរថយន្តបានទាមទារសំណងចំនួន១០០ដុល្លារ ពីភាគីខាងម៉ូតូ តែភាគីខាងម៉ូតូព្រម ប្រាប់ថា មានតែ៥០ដុល្លារនោះទេ។ ធ្វើឱ្យការដោះស្រាយមិនត្រូវគ្នា រហូតមួយស្ទុះក្រោយមក យុវជនជាប្រុសស្នេហ៍ដែលជាអ្នកបើកម៉ូតូ បានសុំសងសំណងទៅភាគីខាងរថយន្តចំនួន៦០ដុល្លារ ដើម្បីបញ្ចប់រឿង តែភាគីខាងរថយន្តនៅតែប្រកាន់ជំហរមិនព្រមទទួលយកក្នុងតម្លៃ៦០ដុល្លារនោះដដែល។

បន្ទាប់ពីដោះស្រាយមិនត្រូវរ៉ូវគ្នាបែបនេះ ទើបធ្វើឱ្យយុវជនជាប្រុសស្នេហ៍បែកគំនិត ក៏ឆ្លៀតពេលមនុស្សអ៊ូអរចោមរោមមើល ក៏បញ្ឆោះម៉ូតូជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបន្សល់ទុកយុវតីជាស្រីស្នេហ៍នៅទីតាំងកើតហេតុតែម្នាក់ឯង។ លុះឃើញប្រុសស្នេហ៍ហេងស៊យជិះម៉ូតូគេចចេញចោលបាត់បែបនេះ ស្រាប់តែនារីជាសង្សារក៏បម្រុងឡើងជិះម៉ូតូឌុបចេញពីកន្លែងកើតហេតុដែរ ប៉ុន្តែត្រូវអ្នកបើកបររថយន្តឃាត់មិនឱ្យទៅ ធ្វើឱ្យកើតមានជម្លោះតឹងសរសៃកដាក់គ្នាពេញកន្លែងកើតហេតុ រហូតមួយសន្ទុះក្រោយមក នារីរងគ្រោះបានព្រមចេញសំណងចំនួន៥០ដុល្លារឱ្យទៅភាគីខាងរថយន្ត។ ចំណែកភាគីខាងរថយន្ត ដោយមិនចង់មានរឿងវែងឆ្ងាយ ក៏យល់ព្រមទទួលយកដើម្បីបញ្ចប់រឿងតែម្តង៕

RELATED ARTICLES