អាការឈឺក្បាល គឺតែងតែជួបជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ វាអាចជារឿងតូចតាច តែក៏អាចជារឿងគ្រោះថ្នាក់ដែរ ទៅតាមមូលហេតុរបស់វា។ អាការឈឺក្បាល ជាការឈឺចាប់ត្រង់ផ្នែកក្បាល ដោយពេលខ្លះឈឺខ្លាំងស្ទើរទ្រាំពុំបាន ឬពុំអាចប្រកបរបរការងារបាន។ មានមូលហេតុជាច្រើន ដែលបណ្តាលឱ្យឈឺក្បាល ដែលមូលហេតុទាំងនោះអាចកំណត់ ឬស្តែងពីទីតាំង ភាពញឹកញាប់នៃការឈឺក្បាល និងរោគសញ្ញារួមផ្សំមួយចំនួន ដែលយើងអាចដឹងបាន ប្រសិនបើមានការមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យ។
១-តើបញ្ហាឈឺក្បាលប្រភេទណា ដែលអ្នកធ្លាប់ឈឺ?
ការឈឺក្បាលមានច្រើនប្រភេទ និងច្រើនទម្រង់ ដោយខ្លះមានរយៈពេលខ្លីត្រឹមប៉ុន្មាននាទី និងខ្លះទៀតមានរយៈពេលវែងដល់រាប់ម៉ោង។ គេចែកការឈឺក្បាល ជា២ប្រភេទធំៗ ៖
-ការឈឺក្បាលដោយឯកឯង ដែលមិនរួមផ្សំនឹងជំងឺផ្សេងៗ (Céphalée primaire)
-ការឈឺក្បាលបន្ទាប់ពីការប៉ះទង្គិចក្បាល ឬជំងឺផ្សេងៗ (Céphalée Secondaire).
២-តើអ្វីខ្លះជាមូលហេតុនៃការឈឺក្បាល?
ការឈឺក្បាលមួយចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ ប៉ុន្តែវាអាចឱ្យឈឺក្បាលរ៉ាំរ៉ៃ ដែលយើងជួបជាញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃ ដូចជា ៖
-ការឈឺក្បាលប្រកាំង (ឈឺមួយចំហៀងក្បាល)
-ការឈឺសរសៃមុខ និងក្បាល
-ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ
-ការធុញថប់ (Stress) និងការថប់អារម្មណ៍។ ប៉ុន្តែក៏មានការឈឺក្បាលមួយចំនួន បណ្តាលមកពីជំងឺធ្ងន់ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារឱ្យមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័ស ដូចជា ៖ ជំងឺរលាកស្រោមខួរក្បាល, ការហូរឈាមក្នុងស្រោមខួរក្បាល, ការត្បៀត ឬបែកសរសៃឈាមខួរក្បាល (Stroke), ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងខួរក្បាល ជាដើម។
៣-តើយើងត្រូវធ្វើដូចម្តេច ដើម្បីដឹងមូលហេតុនៃការឈឺក្បាល?
ចំពោះការធ្វើរោគវិនិច្ឆ័យ ជាទូទៅតែងតែពិបាកខ្លះ វាទាមទារឱ្យមានការសាកសួរ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ និងល្អិតល្អន់ពីវេជ្ជបណ្ឌិតឯកទេស រួមផ្សំជាមួយការធ្វើតេស្តមួយចំនួន ដែលមាននៅមន្ទីរពេទ្យ ជាមួយស្តង់ដារខ្ពស់ក្នុងការ ៖ ធ្វើតេស្តឈាម, រុករកដោយម៉ាស៊ីនស្កេនខួរក្បាល និងម៉ាស៊ីនអឹមអអាយ (MRI), វាស់ប្រព័ន្ធចរន្តខួរក្បាលដោយម៉ាស៊ីន EEG ជាដើម។
៤-តើយើងត្រូវធ្វើដូចម្តេច ប្រសិនបើឈឺក្បាល?
ការព្យាលបាលបញ្ហាឈឺក្បាល មានច្រើនមធ្យោបាយ និងខុសគ្នាទៅតាមមូលហេតុនៃអាការឈឺក្បាលនោះ។ មានតែការមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងពិនិត្យនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដែលអាចឱ្យយើងដឹងពីមូលហេតុច្បាស់លាស់ ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ចំណាំ ៖ សូមចៀសវាងការទៅផ្សំថ្នាំ លេបនៅតាមឱសថស្ថាននានា ដោយមិនបានឆ្លងកាត់ ការពិគ្រោះជំងឺជាមួយគ្រូពេទ្យជំនាញ ដើម្បីចៀសវាងការប៉ះពាល់សុខភាពធ្ងន់ ឬការយឺតយ៉ាវ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិតជាយថាហេតុ៕
(ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត)