ភ្នំពេញ ៖ តារាស្រីរូបស្រស់សិចស៊ី ដេននី ខ្វាន់ បានបញ្ចោញប្រតិកម្មឆ្លើយតបទៅអ្នកដែលរិះគន់នាងថា ឆ្កួតនឹងសម្រស់ បន្ទាប់ពីនាងបានកែសម្រស់ជាបន្តបន្ទាប់នោះ ដោយនាងបានបញ្ជាក់ថា នាងមិនខ្វល់នឹងសម្តីអ្នករិះគន់ទាំងនោះទេ សំខាន់ពេញចិត្តនឹងសម្រស់របស់នាង ទោះបីស្អាតដោយសារការកែច្នៃក៏ដោយ ព្រោះជាការកែនូវចំណុចខ្វះខាតនៃសម្រស់នាង។
ដេននី ខ្វាន់ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៨ ថា “មនុស្សមួយចំនួនគិតថាខ្ញុំឆ្កួតនឹងសម្រស់ខ្លួនឯង… តែខ្ញុំមិនខ្វល់ពីសម្តីពួកគេទេ សំខាន់ខ្ញុំពេញចិត្តនឹងសម្រស់របស់ខ្ញុំ ទោះវាស្អាតដោយសារការកែច្នៃក៏ដោយចុះ តែខ្ញុំក៏បានបំពេញនូវចំណុចខ្វះខាតនៃសម្រស់ខ្ញុំបានហើយ។ ហើយខ្ញុំក៏ដឹងថា សម្រស់របស់ខ្ញុំមិននៅជាមួយខ្ញុំបានរហូតនោះទេ ព្រោះមនុស្សយើងចៀសមិនផុតពីភាពចាស់ជ្រីវជ្រួញដដែល តែមុននឹងចាស់ជ្រីវជ្រួញក៏បានស្គាល់ភាពស្អាតនឹងគេដែរ!”។
ដោយឡែក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ដេននី ខ្វាន់ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាងដដែលថា “ខ្ញុំមិនដែលខ្លាចនឹងប្រាប់គេថា ខ្ញុំស្អាតដោយសារកែសម្រស់នោះទេ ហើយក៏អត់ខ្វល់ពីមនុស្សមួយចំនួនដែររិះគន់ថា ខ្ញុំកែឡើងមុខដូចខ្មោចមុខដូច ព្រះយូឡាយ។ គីមីពេញខ្លួន រស់មិនបានយូរ តែក៏ចង់ប្រាប់ពួកគាត់វិញថា ជីវិតមនុស្សមិនទៀងនោះទេ អ្នកខ្លះធម្មជាតិស្លាប់មុនគីមី ក៏មានច្រើនដែរ ព្រោះជីវិតមនុស្សកើតមក គឺចៀសមិនផុតពីសេចក្តីស្លាប់ទេ… អ៊ីចឹងហើយ សូមកុំប្រមាថជីវិតខ្ញុំអី បើអ្នកបានកើតមក មានសម្រស់ធម្មជាតិស្រស់ស្អាតហើយ គួរតែអាណិតដល់ខ្ញុំដែលកើតមកមិនស្អាតខំចំណាយលុយ ចំណាយពេលវេលា ជាពិសេស ត្រូវឆ្លងកាត់មុខកាំបិតយ៉ាងឈឺចាប់ ដើម្បីឱ្យមានសម្រស់ស្រស់ស្អាតដូចស្រីដទៃទៀត។ នៅលើលោកនេះ មនុស្សស្រីណាដែលថា មិនចង់ស្អាត??? ដូច្នេះបើអ្នកមានសម្រស់ស្រស់ស្អាតហើយ សូមកុំដៀលអ្នកដទៃដែលមិនស្អាត!”៕