ភ្នំពេញ ៖ ករណីប្លន់ត្រូវបានគេសង្កេតឃើញថា ហាក់ចាប់ផ្តើមកក្រើកឡើង ស្របពេលរដូវកាលប្រកួតបាល់ទាត់ពិភពលាក វើលខាប់ បានចូលមកដល់ជាក់ស្តែង គ្រាន់តែរយៈ១យប់ មានអំពើប្លន់ម៉ូតូចំនួន២ករណី បានកើតឡើងនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។
ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចម្ងាយពីច្រកចូលប៉ុស្តិ៍ប្រហែល១០០ម៉ែត្រ ក្នុងភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យមួយក្រុម បើកម៉ូតូ៣គ្រឿង មានគ្នា៩នាក់ បានធ្វើសកម្មភាពវាយ ប្លន់យកម៉ូតូមួយគ្រឿងពីបុរសម្នាក់បានសម្រេច រួចបើកគេចខ្លួនដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចឡើយ។
ជនរងគ្រោះ ដែលត្រូវចោរវាយប្លន់ម៉ូតូ ទៅបាត់នោះ មានឈ្មោះជឿន ឆៃរ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការងាររោងចក្រ ស្នាក់នៅម្តុំអូរដឹម ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលបាត់បង់ទៅ នោះ ម៉ាក ZOOMER-X ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-6899។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់ទើបតែចេញពីធ្វើការនៅកាណាឌីយ៉ា គោលបំណងត្រឡប់ទៅផ្ទះនៅអូរដឹម ដោយបើកម៉ូតូ ZOOMER-X ពណ៌ស ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៩នាក់ បើកម៉ូតូ៣គ្រឿង ក្នុងនោះម៉ាកហុងដាឌ្រីម សេ១២៥ ចំនួន២គ្រឿង និងម៉ាកស៊ុយហ្ស៊ុយគីនិក ១គ្រឿង មិនចាំស្លាកលេខ មកពីក្រោយ រួចធ្វើសកម្មភាពយកមួកការពារសុវត្ថិភាពវាយពីក្រោយគាត់ បណ្តាលឱ្យដួលម៉ូតូ ហើយភ្លាមៗនោះ គាត់ក៏បានស្រែកថា ចោរៗ ខណៈនោះ ត្រូវបក្ខពួកក្រុមចោរ ដែលបិទគូទពីក្រោយ បានដេញវាយ ធ្វើឱ្យគាត់ភ័យ ក៏រត់យករួចខ្លួនសិន។ ដោយឃើញឱកាសល្អ ក្រុមចោរប្លន់ទាំងនោះបានលើកម៉ូតូបើកគេចខ្លួនបាត់។
ក្រោយកើតហេតុ មិនមានសមត្ថកិច្ចណាម្នាក់ មកដល់កន្លែងកើតហេតុនោះទេ ចំណែកជនរងគ្រោះ ដោយមិនស្គាល់ប៉ុស្តិ៍ផង ក៏បានហៅម៉ូតូឌុបជិះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ៣ ខណៈជិះដល់រង្វង់មូលបានជួបនឹងសមត្ថកិច្ចម្នាក់ ដែលចាំយកលុយរថយន្តដឹកទំនិញ ក៏បានសួររកប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងពីករណីចោរវាយប្លន់យកម៉ូតូ ទើបសមត្ថកិច្ចសួរថា ប្លន់នៅចំណុចណា? លុះជនរងគ្រោះឆ្លើយថា នៅជ្រៃកោង សមត្ថកិច្ចក៏ប្រាប់ថា នៅចោមចៅ២ រួចហើយជនរងគ្រោះ បានជិះម៉ូតូឌុបត្រឡប់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ២ ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវដើម្បីរកម៉ូតូរបស់គាត់វិញ។
ដោយឡែក ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ក្រោយវត្តអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសម្នាក់ ត្រូវជនសង្ស័យវាយប្លន់ម៉ូតូ១គ្រឿងម៉ាក PCX បានសម្រេច និងបណ្តាលឱ្យបុរសរងគ្រោះ ជាម្ចាស់ម៉ូតូបាត់បង់ស្មារតី ទើបមិនទាន់អាចសាកសួរពីដំណើររឿងទាំងមូលបានច្បាស់លាស់នៅឡើយ៕