Wednesday, March 12, 2025
Homeសន្ដិសុខសង្គមញាក់សាច់! ចោរជិះឡាន Rolls Royce ចេញប្លន់

ញាក់សាច់! ចោរជិះឡាន Rolls Royce ចេញប្លន់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្លឹបផឹកស៊ី CASA ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋថា ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ បានធ្វើសកម្មភាពជិះរថយន្ត ទំនើបម៉ាករ៉ុលស៍រ៉យស៍ ចេញប្លន់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ Ly Ker Xing ភេទប្រុស អាយុ២៤ឆ្នាំ ជាជនជាតិចិន មុខរបរបើកបរ រថយន្តកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ E8-8340722។ ចំណែកបក្ខពួក៣នាក់ទៀត ដែលកំពុងរត់គេចខ្លួនមិនទាន់ស្គាល់អត្តសញ្ញាណនៅ ឡើយ គ្រាន់តែដឹងថា សុទ្ធតែជាជនជាតិចិនដូចគ្នា។ ដោយឡែកជនរងគ្រោះជាដើមបណ្តឹង មានឈ្មោះគង់ ទីប៉ោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានលំនៅក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៨ ការិយាល័យជំនាញ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះគង់ ទីប៉ោ ថា ខ្លួនត្រូវបានក្រុមជនសង្ស័យមានគ្នា៤នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់ ដោយប្រើកាំភ្លើងខ្លីម៉ាករ៉ូឡូ កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

លោកស្នងការបានបន្ថែមថា តាមការ អះអាងរបស់ជនរងគ្រោះ ក្រុមជនសង្ស័យជា ជនជាតិចិនទាំង៤នាក់ បានប្រើវិធី វីឆាត “We chat” ហៅគាត់ជាជនរងគ្រោះឱ្យមកយកលិខិតឆ្លងដែនទៅបន្តទិដ្ឋាការ លុះគាត់មកដល់ក៏ត្រូវ ក្រុមជនជាតិចិនទាំង៤នាក់ ដែលជិះរថយន្តទំនើបម៉ាករ៉ូលស៍រ៉យស៍ ធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់តែម្តង ដោយបាត់បង់ទ្រព្យសម្បត្តិ រួមមានលុយចំនួន៥០០ដុល្លារ ប័ណ្ណបើកបរ១សន្លឹក បណ្ណ័សំគាល់រថយន្ត១សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

លោកស្នងការ បានបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួច ដោយមានការសម្របសម្រួលនិតិវិធីផ្លូវច្បាប់ពីលោកគៀង សុន្ធារោ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត កម្លាំងជំនាញ ផែននគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការដ្ឋានក្រុង ប៉ុស្តិ៍ និងកងអន្តរាគមន៍ពិសេស ធ្វើការស្រាវជ្រាវរហូតដល់ ម៉ោង១១យប់ថ្ងៃដដែល កម្លាំងជំនាញកំណត់មុខសញ្ញាបានម្នាក់ ដែលកំពុងផឹកស៊ីនៅក្លឹបកំសាន្ត CASA ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ក៏ចុះធ្វើការហ៊ុំព័ទ្ធចាប់ខ្លួនជនសង្ស័យ បានម្នាក់ឈ្មោះ Ly Ker Xing ខណៈដែលបក្ខពួក៣នាក់ទៀត បានរត់គេចខ្លួនអស់ទៅហើយ។ ដោយឡែកវត្ថុតាងចាប់យកបានរួមមានលុយដុល្លារចំនួន៥០០ដុល្លារ (ជារបស់ជនរងគ្រោះ) អាវុធខ្លី១ដើម ម៉ាករ៉ូឡូ លេខ 38. SWPL (គ្រាប់៣គ្រាប់) ផលិតនៅUSA ជាអាវុធ ធ្វើសកម្មភាព ព្រមទាំងរថយន្តទំនើបម៉ាក Rolls Royce ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2BP-6666 (មធ្យោបាយធ្វើសកម្មភាព)។

ចំណែកជនសង្ស័យ៣នាក់ទៀត ជាជនជាតិចិនកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ត។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបំពេញនីតិវិធី៕

RELATED ARTICLES