Monday, October 20, 2025
Homeព័ត៌មានជាតិសងជិវិតគេបានទេ ហេតុអីខំបើកលឿន វ៉ាជែងមិនប្រណីបែបនេះ?

សងជិវិតគេបានទេ ហេតុអីខំបើកលឿន វ៉ាជែងមិនប្រណីបែបនេះ?

ភ្នំពេញ ៖ បុរសម្នាក់ បានបើកម៉ូតូដឹកប្រពន្ធ និងកូនប្រុសចេញពីផ្ទះជួល សំដៅជូនប្រពន្ធទៅធ្វើការ ស្រាប់តែអកុសល បើកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តដឹកទឹកកកមួយគ្រឿង បើកយ៉ាងលឿន ព្យាយាមវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀត ពីខាងស្តាំដៃ ធ្វើឱ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីជាប្រពន្ធធ្លាក់ពីលើម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តី រួមនិងកូនតូច ទទួលរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់ កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវរថយន្តដឹកទឹកកកបុកស្លាប់នោះ មានឈ្មោះសុខា ស៊ីណា អាយុ ៣៥ឆ្នាំ ជាកម្មការិនីរោងចក្រ មានប្តីឈ្មោះលន់ សុភក្ត្រ អាយុ២៧ឆ្នាំ និងមានកូនតូចម្នាក់ទៀត កំពុងរស់ក្នុងបន្ទុកស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកណ្តាល។ ជនរងគ្រោះទាំង៣នាក់ ប្តីប្រពន្ធនិងកូន បើកម៉ូតូ១គឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ។ ចំណែករថយន្តដឹកទឹកកក ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3D-6120 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៣នាក់ខាងលើ (ប្តីប្រពន្ធ និងកូនតូច) បានជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តដឹកទឹកកកខាងលើបើកបរក្នុងទិសដៅស្របគ្នាជាមួយម៉ូតូ បានព្យាយាមបើកជែងរថយន្តមួយគ្រឿងទៀតនៅខាងស្តាំដៃ រួចក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងតែម្តង បណ្តាលឱ្យស្ត្រីជាប្រពន្ធធ្លាក់ពីម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង គួរឱ្យសង្វេគ ចំណែកបុរសជាប្តី រួមនឹងកូនតូច ទទួលរងរបួសធ្ងន់ ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ ដែលមកអង្គុយយំឱបសព បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គ្រួសារជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូដឹកគ្នា បំណងដឹកប្រពន្ធទៅធ្វើការនៅរោងចក្រ ស្រាប់តែអកុសល បានត្រឹមពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះអកុសល ត្រូវរថយន្តដឹកទឹកកកបុក បណ្តាលឱ្យស្លាប់និងរបួសធ្ងន់បែបនេះតែម្តង។

ក្រោយកើតហេតុ ជនបង្កជាអ្នកបើករថយន្តដឹកទឹកកក បានចុះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់អុករថយន្តដឹកទឹកកកនៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ២នាក់ ឪពុកនិងកូនដែលទទួលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

បន្ទាប់ពីចុះធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចជំនាញបានអូសយកម៉ូតូ និងរថយន្ត បង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ។

ដោយឡែក សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយសាច់ញាតិដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES