Monday, November 18, 2024
Homeព័ត៌មានសិល្បៈកូរ៉េខាងជើង មិនទាន់ទុកចិត្តជប៉ុន នៅឡើយទេ

កូរ៉េខាងជើង មិនទាន់ទុកចិត្តជប៉ុន នៅឡើយទេ

យោងតាមប្រភពព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា កូរ៉េខាងជើង នឹងបន្តបែរខ្នងដាក់ប្រទេសជប៉ុន ប្រសិនបើទីក្រុងតូក្យូ មិនព្រមបញ្ឈប់សកម្មភាពជាសត្រូវ ប្រឆាំងនឹងប្រទេសជិតខាង ដូចជា សមប្រយុទ្ធយោធាទ្រង់ទ្រាយធំ និងកិច្ចប្រឹងប្រែងត្រៀមកម្លាំងយោធា។

ការលើកឡើងរបស់មេដឹកនាំកូរ៉េ បែបនេះ ក៏ដោយសារតែកាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីន ហ្ស៊ូអាបេ កំពុងរៀបគម្រោងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដើម្បីដោះស្រាយបញ្ហាមួយចំនួន ជាពិសេស ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ដោយកងទ័ពកូរ៉េខាងជើង។ ទោះបីជាមេដឹកនាំផ្តាច់ការរូបនេះ បានជួបមេដឹកនាំសំខាន់ៗជាច្រើនលើពិភពលោក ដូចជាប្រទេសចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ទៅហើយក្តី តែសម្រាប់លោកអាបេ មិនទាន់បានកំណត់កាលបរិច្ឆេទមួយជាក់លាក់ជាមួយគ្នានៅឡើយទេ។

ប្រភពព័ត៌មានពីកូរ៉េខាងជើង បានឱ្យដឹងថា ប្រសិនបើកូរ៉េ បញ្ឈប់រាល់សកម្មភាពសមប្រយុទ្ធយោធាទាំងអស់នោះ ជំនួបចរចារបស់ប្រទេសទាំងពីរ អាចនឹងកើតមានឡើង។ កាលពីឆ្នាំ២០០២ កូរ៉េខាងជើង បានសារភាពថា ខ្លួនបានចាប់ជំរិតជនជាតិជប៉ុន ១៣នាក់ កាលពីឆ្នាំ១៩៧០ និង១៩៨០ ហើយមានតែ៥នាក់ប៉ុណ្ណោះ ដែលបានត្រឡប់ទៅដល់ប្រទេសជប៉ុនវិញ៕

RELATED ARTICLES