ភ្នំពេញ ៖ បុរសជាអ្នករើសអេតចាយម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម ដោយសារហត់នឿយអស់កម្លាំង គ្មានបាយទឹកហូបចុកគ្រប់គ្រាន់ ទើបធ្វើឱ្យកើតជាអាការៈខ្យល់គរស្លាប់នៅតាមចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ប្រកបរបរជាអ្នកដើររើសអេតចាយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ គេបានឃើញជនរងគ្រោះខាងលើ បានដើររើសអេតចាយនៅក្នុងមូលដ្ឋានខាងលើ។ លុះក្រោយមក ដោយសារតែហត់នឿយអស់កម្លាំងខ្លាំងពេក ទើបជនរងគ្រោះបានដើរមកប្រះខ្លួនដេកនៅលើចញ្ចើមផ្លូវតែម្តង។
ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោងប្រមាណជាង៤រសៀលថ្ងៃដដែល ដោយមិនទាន់ឃើញជនរងគ្រោះភ្ញាក់ពីដំណេកផង ណាមួយឃើញមេឃរកកល់ចង់ភ្លៀងផង ទើបប្រជាពលរដ្ឋនៅក្បែរនោះ ឃើញអាណិតខ្លាចបុរសរងគ្រោះទទឹកភ្លៀង ក៏នាំគ្នាទៅជួយសែងជនរងគ្រោះមកដាក់លើចិញ្ចើមផ្លូវចំណុចកើតហេតុតែម្តង និងបានព្យាយាមដាច់ជនរងគ្រោះឱ្យក្រោកដែរ តែជនរងគ្រោះមិនក្រោកសោះ។
ប្រភពខាងលើ បញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានការភ្ញាក់ផ្អើលឆោឡោថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យមានការចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជរងគ្រោះពិតជាបានស្លាប់ដោយកើតអាការៈខ្យល់គរប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រកាសស្វែងរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕