ភ្នំពេញ ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី រហូតដល់គិតខ្លីលែងចង់រស់ ក៏ធ្វើសកម្មភាពទាញកាំភ្លើងរបស់ប្តី មកបាញ់ប្រហារខ្លួនឯងចំពោះ បណ្តាលឱ្យធ្លាយពោះរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយព្យាយាមលាក់បាំងព័ត៌មាន សូម្បីតែសមត្ថកិច្ចមូលដ្ឋានចុះសួរនាំ ក៏ក្រុមគ្រួសារមិនបានសហការជាមួយសមត្ថកិច្ចដែរ។
ហេតុការណ៍ស្ត្រីម្នាក់យកកាំភ្លើងប្តីបាញ់ប្រហារខ្លួនឯងធ្លាយពោះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ២៣អាអឺ២ ផ្លូវ១៤៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។
មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ស្ត្រីរងគ្រោះដែលប៉ុនប៉ងធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួននេះ មានឈ្មោះឆោ សុគន្ធា អាយុ២៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។ ស្ត្រីរងគ្រោះមានប្តីឈ្មោះថុន វិមាន ហៅម៉េង អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីយោធា ជាន់ខ្ពស់ អាចពាក់ដល់ផ្កាយទៀតផង ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានស្នាក់នៅក្នុងបន្ទប់តែម្នាក់ឯង ខណៈដែលបុរសជាប្តីបានចេញទៅធ្វើការបាត់ទៅហើយ ចំណែកកូននៅក្រៅបន្ទប់ រីឯប្អូនស្រីបង្កើតកំពុងធ្វើម្ហូបនៅខាងក្រោយ។ ស្រាប់តែមួយសន្ទុះក្រោយមក ប្អូនស្រីរបស់ស្ត្រីរងគ្រោះ បានលាន់លឺស្នូរផ្ទុះអាវុធ១គ្រាប់ចេញពីក្នុងបន្ទប់បងស្រី (ស្ត្រីរងគ្រោះ) ទើបបានស្ទុះរត់ទៅបើកទ្វារមើល ស្រាប់តែចូលទៅដល់ ក៏ប្រទះឃើញបងស្រីរបស់ខ្លួនមានរបួសត្រង់ពោះ ដេកដួលក្នុងថ្លុកឈាមបាត់ទៅហើយ ដោយយកកាំភ្លើងរបស់ប្តីបាញ់ខ្លួនឯង១គ្រាប់។
ប្រភពដដែលបន្តថា ភ្លាមនោះ ប្អូនស្រីរបស់ស្ត្រីរងគ្រោះ បានទូរស័ព្ទប្រាប់ប្តីស្ត្រីរងគ្រោះ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចផងដែរ ប៉ុន្តែពេលកម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ស្ត្រីរងគ្រោះត្រូវប្តីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ អូរ៉ បាត់ទៅហើយ ប៉ុន្តែដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក របួសត្រង់ពោះ ក្រោមចុងដង្ហើមខាងឆ្វេង (បៀមគ្រាប់) ទើបបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតវិញ៕