ខេត្តកណ្តាល ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ដោះស្រាយមិនចេញ ក៏ដាច់ចិត្តគិតខ្លី ព្យាយាមលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែមិនសម្រេចបំណង ដោយសារតែក្រុមគ្រួសារជួយសង្គ្រោះទាន់ ចុងក្រោយឆ្លៀតពេលដែលក្រុមគ្រួសារកំពុងដេកលង់លក់ ក៏បាន ចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង។
បុរសរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះសាយ បញ្ញា ហៅចក់ អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង។ តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះមិនដឹងជាមានវិបត្តិអ្វីក្នុងចិត្តនោះទេ ចេះតែមានទឹកមុខ ស្រពាប់ ស្រពោនមិនឈប់ លុះសួរនាំទៅ ជនរងគ្រោះចេះតែឆ្លើយថាមិនអីទេៗ មិនព្រមប្រាប់ពីរឿងក្នុងចិត្តសោះឡើយ។ លុះក្រោយមក ជនរងគ្រោះ ធ្លាប់បានលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែមិនស្លាប់ ដោយសារតែក្រុមគ្រួសារប្រទះឃើញ ជួយសង្គ្រោះបានទាន់ពេល ទីបំផុត ជនរងគ្រោះ ក៏ព្យាយាមសម្លាប់ខ្លួនដោយចងក រហូតសម្រេចបំណង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះបានហូបបាយជុំ គ្រួសារជាធម្មតា រួចក៏ចូលដេកបាត់ទៅ។ លុះដល់វេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ ឈានចូល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលក្រុមគ្រួសារភ្ញាក់ពីដំណេក ចូលទៅផ្ទះបាយបំណងដាំបាយ ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕