គម្ពីរ “មិលិន្ទប្បញ្ហា” បានតំណាលពី “ព្រះបាទមិលិន្ទាធិរាជ” ចោទប្រស្នាចំពោះ “ព្រះនាគសេនត្ថេរ” ជាព្រះអរហន្ត ក្រោយព្រះពុទ្ធបរិនិព្វាន បានប្រមាណ៥០០ឆ្នាំ ដើម្បីជម្រះមន្ទិលសង្ស័យ។ ក្នុងនោះ ក៏មានសំណួរ និងចម្លើយពីលក្ខណៈ “បុគ្គល ៩ពួក លាក់ការសម្ងាត់មិនជិត” មិនត្រូវយកមកតែងតាំងជាទីប្រឹក្សា សម្រាប់អ្នកដឹកនាំប្រទេស អ្នកនយោបាយ មេទ័ព ជាដើម។ បុគ្គល ៩ពួកនេះ បានត្រឹមជំរុញចៅហ្វាយនាយរបស់ខ្លួនឱ្យដើរធ្លាក់រណ្តៅប៉ុណ្ណោះ ដែល “នគរធំ” ព្យាយាមស្រាវជ្រាវ នាំមកបង្ហាញជូនអ្នកនយោបាយគ្រប់និន្នាការ ទុកជាប្រធានបទបរិយាយថ្ងៃនេះ…។
ខណៈដែលការបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៦ ជិតចូលមកដល់ យើងឃើញបណ្ឌិតបញ្ញវន្តមួយចំនួន បានចុះឈ្មោះបង្កើតគណបក្ស ចូលរួមបោះឆ្នោតយ៉ាងក្លាហាន និងប្រើវោហារសាស្ត្រមិនធម្មតា។ ជាទូទៅ ប្រធានគណបក្ស ឬថ្នាក់ដឹកនាំប្រទេស ចាំបាច់ត្រូវតែមានទីប្រឹក្សាគ្រប់មុខជំនាញទាំងអស់ ដូចជាទីប្រឹក្សាសន្តិសុខ សម្រាប់ពិគ្រោះយោបល់ពីការរៀបចំសណ្តាប់ធ្នាប់សង្គម ទីប្រឹក្សាសេដ្ឋកិច្ច សម្រាប់សួរពីគន្លឹះសេដ្ឋកិច្ច ជាដើម។ ធម្មតាទីប្រឹក្សា ទោះជាមានសញ្ញាបត្រ ប៉ុនជញ្ជាំងវិហារក៏ដោយចុះ បើសិនជា “ខ្វះលក្ខណសម្បត្តិ” ឬ “ចាត់ចូលក្នុងលក្ខណៈបុគ្គល៩ពួក” ដែលចារទុកក្នុង “គម្ពីរមិលិន្ទប្បញ្ហា” លោកឱ្យវៀរចាក កុំយកធ្វើទីប្រឹក្សាឱ្យសោះ ព្រោះបុគ្គល ៩ពួកនេះ នឹងនាំអ្នកនយោបាយឱ្យដើរថយក្រោយ ដែលយើងសូមពន្យល់លម្អិត ដូចខាងក្រោម ៖
១-បុគ្គលរាគចរិត ៖ ជាមនុស្សចូលចិត្តការតែងខ្លួនហ៊ឺហាឡូយឆាយ ដេញតាមសម្ភារនិយម។ បុគ្គលប្រភេទនេះ មិនថាប្រុស ឬស្រីនោះទេ បើក្លាយជាទីប្រឹក្សា នឹងអូសទាញចៅហ្វាយនាយឱ្យហ៊ឺហា ឡូយឆាយតាមខ្លួន ដែលជួនកាលបុរសទីប្រឹក្សាបែបរាគចរិតនោះ បបួលចៅហ្វាយខ្លួនទៅចូលបន បារ ខារ៉ាអូខេ ស៊ីផឹកស្រវឹង បង្កជម្លោះជាមួយពលរដ្ឋ បណ្តាលឱ្យខូចឈ្មោះអ្នកនយោបាយ ឬគណបក្សមិនខានឡើយ។
២-បុគ្គលទោសចរិត ៖ ជាមនុស្សឆាប់ខឹងឆេវឆាវ ខ្វះធម៌ខន្តី បើមានបញ្ហាអ្វីមួយជាមួយពលរដ្ឋ អាងប្រើអំពើហិង្សា បើបានធ្វើទីប្រឹក្សាអ្នកធំ នឹងធ្វើឱ្យអ្នកធំនោះ ខូចឈ្មោះ មិនខុសពីរឿងថៅកែ ចិញ្ចឹមឆ្កែប៊ែរហ្សេ ច្បាស់ក៏គ្មានភ្ញៀវណាហ៊ានចូលផ្ទះគាត់ឡើយ ដោយខ្លាចឆ្កែខាំ។
៣-បុគ្គលមោហចរិត ៖ ជាមនុស្សល្ងង់ងោះ រៀនសូត្រចេះដឹងសន្ធឹកដែរ តែមិនចេះពិចារណាឱ្យឃើញហេតុនឹងផល។ បុគ្គលប្រភេទនេះ ប៉ិនខាងអែបអប ឡេមឡឺម លុតក្រាប ប្រើទៅលិចៗ ទៅកើតៗ បើបានធ្វើទីប្រឹក្សា នឹងនាំអ្នកនយោបាយ ឱ្យភ្លេចខ្លួនស្រវឹងយស ជាដើម។
៤-បុគ្គលភ័យខ្លាច ៖ មនុស្សប្រភេទនេះ ខ្លាចចៅហ្វាយនាយខ្លាំងណាស់ ទោះជាខ្លួនមានភារកិច្ចជាអ្នកអនុវត្តច្បាប់ ឬជាអាជ្ញាធរដែនដី បើគ្មានបញ្ជាពីថ្នាក់លើ ច្បាស់ជាខ្លួនមិនហ៊ានធ្វើអ្វីទាំងអស់។ រឿងខ្លាចនោះ មិនមែនខ្លាចប្រជាពលរដ្ឋនោះទេ តែ “ខ្លាចធ្លាក់បុណ្យស័ក្តិ” ឯណោះទេ ដូច្នេះបុគ្គលខ្លាចរបៀបនេះ បើយកធ្វើទីប្រឹក្សា បានត្រឹមរាស្ត្រថ្កោលទោសតែប៉ុណ្ណោះ។
៥-បុគ្គលលោភលន់ ៖ មនុស្សប្រភេទនេះ “បានហើយចង់បានទៀត ឆ្លៀតហើយឆ្លៀត មិនគិតក្រែង មើលយល់តែខ្លួនឯង មិនយល់គេឯទៀតផង” បានសេចក្តីថា គេធ្វើយ៉ាងណាបំពេញចិត្តចៅហ្វាយនាយឱ្យ “ជួយការពារទ្រព្យសម្បត្តិរបស់ ខ្លួន”។ បើបានធ្វើទីប្រឹក្សា នឹងប្រើល្បិចកលរុញចៅហ្វាយនាយឱ្យឈ្លោះជាមួយគូប្រជែងរបស់ខ្លួន ដើម្បីការពារទ្រព្យ ដូចរឿង “កណ្ឌហាលព្រាហ្មណ៍ ជាចៅក្រមអគតិ សម្បូរលាភសក្ការៈ ខ្លាចរលាយទ្រព្យខ្លួន ក៏ញុះញង់ព្រះមហាក្សត្រ ឱ្យចាប់ “ចន្ទកុមារ” ទៅដុតទាំងរស់ ព្រោះតែចន្ទកុមារ រករឿងពាក់ព័ន្ធអំពើពុករលួយ ចារទុកយ៉ាងពិស្តារក្នុងរឿង “ចន្ទកុមារជាតក”។
៦-ស្ត្រីខាតលក្ខណ៍ ៖ ស្ត្រីមានលក្ខណៈខុសគ្នា រួមមានតែ២គឺ “គ្រប់លក្ខណ៍ និងខាតលក្ខណ៍” បើអ្នកនយោបាយយកស្រីគ្រប់លក្ខណ៍ ធ្វើទីប្រឹក្សា នឹងនាំជ័យជម្នះជារៀងរហូត ប៉ុន្តែបើយកប៉ះស្រីខាតលក្ខណ៍ ឬស្រីអ្នកលេង ឡេះឡោះ ចេះជល់កែវដូចប្រុសៗ ឬជាស្រី មិនចេះគោរពប្តី និងព្រឹទ្ធាចារ្យ មកតែងតាំងជាទីប្រឹក្សា បានត្រឹមវិនាសតែប៉ុណ្ណោះ។
៧-អ្នកស្រវឹង ៖ បុគ្គលដែលចូលចិត្តគ្រឿងញៀនស្រវឹង ថ្ងៃណាក៏មាត់ធុំក្លិនស្រាហួងនោះ បើយកធ្វើទីប្រឹក្សា បុគ្គលនោះ លាក់ការសម្ងាត់មិនជិតទេ ហើយបើសិនជាចៅហ្វាយនាយប្រាប់រឿងសម្ងាត់អ្វីមួយ ច្បាស់ជាទីប្រឹក្សាប្រមឹកនោះ យកទៅប្រាប់គេឯងឱ្យដឹងខ្ចរខ្ចាយមិនខាន។
៨-មនុស្សខ្ទើយ ៖ ជាបុគ្គលភេទទី៣ ក្បួនតម្រាមិនឱ្យយកធ្វើទីប្រឹក្សានោះទេ ព្រោះជាមនុស្សមានកម្មពៀរតាមផ្តន្ទា ដោយសារពីជាតិមុន បានក្រៀវសត្វឱ្យបាត់បង់លទ្ធភាពបន្តពូជ។ ដូចអ្នកក្រៀវជ្រូកញី ដោយកាត់ស្បូនចោល ក្រៀវជ្រូកឈ្មោល ដោយវះយកពងស្វាសចោល ក៏រងពៀរវេរា កើតជាមនុស្សខ្ទើយ ស្ទើរប្រុស ស្ទើរស្រី បើយកធ្វើទីប្រឹក្សា នឹងនាំឱ្យចៅហ្វាយនាយនោះថយសិរីសួស្តី។
៩-ទារក ៖ ពាក្យថា “ទារក” ក្នុងគម្ពីរមិនមែនសំដៅដល់កូនង៉ានៅបៅដោះនោះទេ តែគេរាប់ចំពោះតែក្មេងនៅលេងល្បែង ចាប់ពីអាយុ១០ឆ្នាំ ចុះទៅក្រោម។ ក្មេងនៅលេងល្បែងបាយឡុកបាយឡ បើវាឃើញយ៉ាងណា ថាយ៉ាងហ្នឹង មិនចេះលាក់ការសម្ងាត់ទេ បើអ្នកនយោបាយទៅពិគ្រោះយោបល់ជាមួយក្មេងបែបនេះ គ្មានបានផលអ្វីទាំងអស់…។
ការលើកឡើងដោយត្រួសៗពី “បុគ្គល ៩ពួក” ខាងលើនេះ ព្រះមហាក្សត្រ សម្តេចចៅហ៊្វាទឡ្ហៈ អគ្គមហាសេនា មេទ័ព មេឧទ្ទាម កាលពីបុរាណ មិនយកធ្វើទីប្រឹក្សាឡើយ។ សូម្បីតែ “ទីប្រឹក្សាប៉ប៉ាច់ប៉ប៉ោច” និយាយស្តី “គ្មានប្រធានបទ និងកម្មបទ” ក៏មិនអាចយកទុកពិគ្រោះយោបល់បានដែរ។ កាលពីសម័យអាណាព្យាបាលបារាំង ក៏មានលោកធំបារាំងម្នាក់ ឋានៈ “រ៉េស៊ីដង់ ស៊ុបពែរីយើរ” (Résident Supérieur) បានតែងតាំងមន្ត្រីខ្មែរម្នាក់ ជាទីប្រឹក្សាផង ជាអ្នកបកប្រែផង ប៉ុន្តែមិនបានប៉ុន្មាន លោកធំនោះ ក៏ដកចេញវិញ ដោយស្តីបន្ទោសទីប្រឹក្សានោះថា និយាយគ្មានវាប (Verbe) គ្មានកុំប្លេម៉ង់ (Complément) ឬគ្មានប្រធានបទ កម្មបទនេះឯង។
ឥឡូវនៅកម្ពុជា មានគណបក្សចំនួន២០ ចូលរួមក្នុងការបោះឆ្នោត ដែលប្រធានគណបក្សនីមួយៗ សុទ្ធតែមានទីប្រឹក្សា ពិគ្រោះយោបល់។ ដូច្នេះមុននឹងតែងតាំងទីប្រឹក្សា គួរតែអ្នកនយោបាយទាំងនោះ “វៀរចាកបុគ្គល ៩ពួក” ដូចរៀបរាប់ខាងលើ ទើបបានលទ្ធផលល្អ។ ដោយឡែកថ្នាក់ដឹកនាំបក្សកាន់អំណាច សម្បូរទីប្រឹក្សាជាងគេ ប៉ុន្តែទីប្រឹក្សាខ្លះប្រហែលជាចូលក្នុងប្រភេទ “បុគ្គល ៩ពួក” ខាងលើ ទើបទីប្រឹក្សាខ្លះ រងការចោទប្រកាន់ពីពួកប្រឆាំងថា “យកនាយករដ្ឋមន្ត្រី ឱ្យជួយកាងទ្រព្យសម្បត្តិរបស់ខ្លួន”។ ចំណែកទីប្រឹក្សាខ្លះទៀត ក៏ត្រូវនាយករដ្ឋមន្ត្រី ស្តីបន្ទោសពីរឿង “និយាយប៉ប៉ាច់ប៉ប៉ោច” ឬ ធ្វើឱ្យធ្លាយព័ត៌មានដឹងដល់អ្នកកាសែត ជាដើម។ អ្នកនាំពាក្យ ក៏ចាត់ទុកថា ជាទីប្រឹក្សាដែរ ឬថា ជាទីប្រឹក្សាសំខាន់បំផុត សម្រាប់ជួយអ្នកដឹកនាំ ដែលមិនខុសពី “អ្នកចាំទីកីឡាបាល់ទាត់” បើបកស្រាយខុសពីការចង់បានរបស់អ្នកដឹកនាំ គឺមកពីជាប់ក្នុង “លក្ខណៈបុគ្គល ៩ពួក” នោះហើយ។ ទោះយ៉ាងណា រវាង “ចារកម្ម និងទីប្រឹក្សា” មានភារកិច្ចខុសគ្នា ពោលគឺចារកម្ម គេអាចយកក្មេង ឬស្ត្រីភេទ ទៅប្រើការមានប្រសិទ្ធភាពណាស់ ជាពិសេស “ស្រីស្អាត” អាចនាំជ័យជម្នះដល់ជាតិមាតុភូមិ។
សរុបទៅ “បុគ្គល ៩ពួក កុំយកធ្វើទីប្រឹក្សា” គ្រាន់តែជាការជួយបង្ហាញផ្លូវអ្នកនយោបាយ ឱ្យចេះប្រុងប្រយ័ត្នតែប៉ុណ្ណោះ ព្រោះបើជ្រើសទីប្រឹក្សាខុស នឹងធ្លាយការសម្ងាត់គ្មានសល់។ ហេតុនេះ អ្នកនយោបាយ អ្នកដឹកនាំប្រទេស មិនត្រូវយកបុគ្គល ៩ពួក គឺទោសចរិត, មោហចរិត, រាគចរិត, អ្នកភ័យខ្លាច, មនុស្សលោភលន់, ស្ត្រីឡេះឡោះ, អ្នកប្រមឹក, មនុស្សខ្ទើយ, ក្មេងលេងបាយឡុកបាយឡ មកធ្វើទីប្រឹក្សា ឬទៅពិគ្រោះយោបល់ជាមួយទេ ព្រោះបុគ្គល ៩ពួកនេះ ធ្វើឱ្យខូចប្រយោជន៍ ឬចាញ់ប្រៀបគូប្រជែង ដែលមានចារទុកយ៉ាងច្បាស់ក្នុង “គម្ពីរមិលិន្ទប្បញ្ហា” នៃព្រះពុទ្ធសាសនា៕