Monday, January 20, 2025
Homeសង្គម និងជីវិតរត់ទៅដឹកគោមកផ្ទះ អកុសលរន្ទះបាញ់ស្លាប់២នាក់

រត់ទៅដឹកគោមកផ្ទះ អកុសលរន្ទះបាញ់ស្លាប់២នាក់

ខេត្តឧត្តរមានជ័យ ៖ បុរសស្ត្រីចំនួន៣នាក់ ជាអ្នករស់នៅភូមិជាមួយគ្នា បានដឹកគោចេញទៅឃ្វាលនៅវាលស្រែតាំងពីព្រឹក លុះដល់ក្បាលព្រលប់ឃើញមេឃធ្លាក់ភ្លៀង ក៏នាំគ្នារត់ទៅដឹកគោពីវាលស្រែ ត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល ត្រូវរន្ទះបាញ់ប្រហារ បណ្តាលឱ្យស្ត្រី២នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកបុរសម្នាក់ទៀតសន្លប់ស្តូកស្តឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាក្បាល ព្រលប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចគោកច្រឹកលិច ស្ថិតក្នុងភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់។

ស្ត្រីរងគ្រោះទាំង២នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ រួមមាន ទី១-ឈ្មោះច្រុច ហ៊ីង អាយុ៤៩ឆ្នាំ មុខរបរកសិករ និងទី២-ឈ្មោះម៉ា សឿម អាយុ៦៧ឆ្នាំ មុខរបរកសិករ។ ចំណែកបុរសរងគ្រោះ ដែលត្រូវរន្ទះបាញ់បណ្តាលឱ្យសន្លប់ មានឈ្មោះហ៊ា សាវុធ ហៅប៉ាក់ អាយុ៥៣ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានដឹកគោចេញទៅចងនៅវាលស្រែខាង ក្រោយភូមិដូចសព្វដង។ រហូតមកដល់ក្បាលព្រលប់ថ្ងៃដដែល ក៏ស្រាប់តែមេឃបានបង្អុរធ្លាក់ភ្លៀងមួយមេធំ លាយឡំដោយផ្គររន្ទះផង ទើបជនរងគ្រោះទាំង៣នាក់ បាននាំគ្នាប្រញាប់រត់ចេញពីផ្ទះ បំណងទៅដឹកគោត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល ដើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវរន្ទះបាញ់ បណ្តាលឱ្យស្ត្រីទាំង២នាក់ស្លាប់នៅនឹងកន្លែង ចំណែកបុរសម្នាក់ទៀត រងរបួសធ្ងន់ សន្លប់ស្តូកស្តឹង។

ក្រោយកើតហេតុ អ្នកភូមិបាននាំគ្នាជួយដឹកបញ្ជូនបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ចំណែកសាកសពស្ត្រីរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញ ចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES