Monday, January 20, 2025
Homeសង្គម និងជីវិតឈឺពោះឆ្លងទន្លេ គ្រូពេទ្យវះកាត់ អកុសលស្លាប់ទាំងម្តាយនិងកូន

ឈឺពោះឆ្លងទន្លេ គ្រូពេទ្យវះកាត់ អកុសលស្លាប់ទាំងម្តាយនិងកូន

ខេត្តព្រះសីហនុ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ បានឈឺពោះសម្រាលក៏ត្រូវបុរសជាប្តី និងក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងត្រូវគ្រូពេទ្យជំនាញប្រាប់ថា សម្រាលតាមធម្មជាតិមិនបានទេ ចាំបាច់ត្រូវធ្វើការវះកាត់ លុះក្រោយពីវះកាត់រួច បែរជាស្លាប់ទាំងម្តាយនិងកូន ជាហេតុធ្វើឱ្យក្រុមគ្រួសារស្ត្រីរងគ្រោះ កើតទុក្ខមិនសុខចិត្ត ចោទប្រកាន់ថា បណ្តាលមកពីក្រុមគ្រូពេទ្យផ្នែកសម្រាល ធ្វើការដោយធ្វេសប្រហែស មិនប្រុងប្រយ័ត្នទើបបណ្តាលឱ្យស្ត្រីរងគ្រោះនិងទារកទើបសម្រាលស្លាប់យ៉ាងអាណោចអាធ័ម។

ករណីគ្រូពេទ្យវះកាត់សម្រាល បណ្តាលឱ្យទាំងម្តាយនិងកូននេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

តាមសម្តីស្ត្រីឈ្មោះឯម សុខា ត្រូវជាម្តាយស្ត្រីរងគ្រោះ ដែលបានស្លាប់ទាំងម្តាយនិងកូន បានរៀបរាប់ប្រាប់ថា កូនស្រីគាត់ឈ្មោះធា ណារី អាយុ៣១ឆ្នាំ មុខរបរជាជាងកាត់ដេរសម្លៀកបំពាក់ មានប្តីឈ្មោះឈឿន សំណាង មុខរបរជាជាងជួសជុលរថយន្ត រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ស្ត្រីជាម្តាយស្ត្រីរងគ្រោះបានបន្តថា កន្លងមកដោយយល់ឃើញថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅខេត្តព្រះសីហនុ ទើបគ្រួសារគាត់បានសម្រេចបញ្ជូនកូនស្រីទៅសម្រាលនៅមន្ទីរពេទ្យនោះ ប៉ុន្តែបែរជាគ្រូពេទ្យមានការធ្វេស ប្រហែស បណ្តាលឱ្យកូនស្រីរបស់គាត់ រួមនឹងចៅ បានស្លាប់យ៉ាងអណោចអាធ័ម បន្ទាប់ពីសម្រាលដោយវះកាត់យកកូនចេញពីផ្ទៃបានប្រមាណ៣០នាទីប៉ុណ្ណោះ។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា ប្រពន្ធរបស់គាត់ ទើបនឹងសម្រាលកូនទី១ បានអាយុ៣ខួបប៉ុណ្ណោះ ស្រាប់តែសម្រាលកូនទី២ ក៏ជួបរឿងអកុសល ដែលនឹកស្មានមិនដល់បែបនេះតែម្តង។

បុរសជាប្តីបន្តថា នៅពេលដែលប្រពន្ធរបស់គាត់ ចាប់ផ្តើមឈឺពោះសម្រាល គឺមានសុខភាពល្អធម្មតា លុះបញ្ជូនមកដល់មន្ទីរពេទ្យ ក៏ត្រូវក្រុមគ្រូពេទ្យប្រចាំការបានឱ្យប្រពន្ធគាត់សម្រាលតាមធម្មជាតិ  ប៉ុន្តែប្រឹងសម្រាលអស់ពេលយ៉ាងយូរ នៅតែសម្រាលមិនចេញ ទើបក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់យកទារកចេញពីក្នុងផ្ទៃ តែអកុសលបន្ទាប់ពីធ្វើការវះកាត់រួច ប្រពន្ធគាត់ហូរឈាមមិនឈប់ ពេលនោះក្រុមគ្រូពេទ្យក៏ចាប់ផ្តើមធ្វើការវះកាត់ជាលើកទី២ទៀត។ បន្ទាប់ពីការវះកាត់លើកទី២រួចរាល់បានប្រមាណ៣០នាទី ស្រាប់តែប្រពន្ធ និងកូនរបស់គាត់បានស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។

ស្ត្រីជាម្តាយស្ត្រីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីកូនស្រី និងចៅរបស់គាត់បានស្លាប់ទៅហើយ គ្រូពេទ្យដែលជាប្រធានវេនប្រចាំការក្នុងថ្ងៃកើតហេតុ មិនបានយកចិត្តទុកដាក់ផ្តល់ជាកម្លាំងចិត្ត ឬបង្ហាញពីហេតុផលបញ្ជាក់ប្រាប់ក្រុមគ្រួសារសពទេ តែបែរជាប្រើពាក្យគំរាមពួកគាត់ទៅវិញថា បើហ៊ានតែប្តឹងផ្តល់ “មីងមិនអាចមានមុខចូលមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខាងលើនេះបានទៀតទេថ្ងៃក្រោយ” ដែលសម្តីគំរាមកំហែងបែបនេះ គ្រួសារគាត់មិនអាចទទួលយកបានឡើយ។ មិនតែប៉ុណ្ណោះ ក្រោយកើតហេតុ ក្រុមគ្រូពេទ្យផ្នែកសម្រាលវេនប្រចាំការ នៅថ្ងៃកើតហេតុ បានព្យាយាមលាក់បាំងជាមួយក្រុមគណៈគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តព្រះសីហនុទៀត លុះដល់បែកធ្លាយទើបរត់ជាន់ជើងគ្នា៕

RELATED ARTICLES