ខេត្តប៉ៃលិន ៖ បុរសម្នាក់ រួមនិងកូនប្រុសម្នាក់ទៀត បានរួមដៃគ្នាព្រួតវាយទៅលើស្ត្រីជាប្រពន្ធ និងជាម្តាយចុង ១អង្រែបុកគ្រឿង បណ្តាលឱ្យពកថ្ងាស រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិ ថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
ស្ត្រីរងគ្រោះ ដែលត្រូវប្តី និងកូនប្រុសចុង វាយសំពង១អង្រែបុកគ្រឿង មានឈ្មោះ ជន ភៀង អាយុ៤៥ឆ្នាំ មុខរបរកសិករ។ ចំណែកជនដៃដល់មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះភឿក សុន ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ និង២-ឈ្មោះសុន សរ អាយុ១៥ឆ្នាំ ត្រូវជាកូនចុង របស់ស្ត្រីរងគ្រោះ។ ក្រុមគ្រួសារខាងលើនេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសឈ្មោះភឿក សុន ទើបនឹងទទួលយកស្ត្រីរងគ្រោះឈ្មោះជន ភៀង ជាប្រពន្ធទី២ បានមួយរយៈប៉ុណ្ណោះ ដោយរស់នៅជុំគ្នាជាមួយនឹងកូនប្រុសម្នាក់ទៀតឈ្មោះសុន សរ។ កន្លងមក រវាងកូនប្រុស និងម្តាយចុង (ស្ត្រីរងគ្រោះ) ហាក់មិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ឧស្សាហ៍កើតមានទំនាស់នឹងគ្នាខ្លាំងណាស់ ចំណែកបុរសជាប្តីហាក់កាន់ជើងកូនប្រុស ច្រើនជាងប្រពន្ធ។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ គេឃើញស្ត្រីរងគ្រោះ និងកូនប្រុសចុងនោះ បានឈ្លោះប្រកែកគ្នាជាថ្មីម្តងទៀត តែមិនដឹងផ្តើមចេញពីរឿងអ្វីនោះទេ បន្ទាប់មកក៏ឈានដល់ការប្រទាញប្រទង់គ្នា។ ចំណែកបុរសជាប្តីនៅពេលឃើញប្រពន្ធកូនឈ្លោះគ្នា បែបនេះមិនបានជួយឃាត់នោះទេ បែរជាស្ទុះទៅទាញខ្សែភ្លើងទៅវាយប្រពន្ធថែម ទើបធ្វើឱ្យកូនប្រុសបានដៃ ក៏ទាញអង្រែបុកគ្រឿងវាយសំពងស្ត្រីជាម្តាយចុង បណ្តាលឱ្យពកកណ្តាលថ្ងាស រងរបួសធ្ងន់តែម្តង៕