តារាចម្រៀងយេយេ អ្នកនាងកែវ អាលីយ៉ា ហៅអាលីយ៉ា បានទទួលមរណភាពហើយកាលពីព្រឹកម៉ោង៦ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយមិនអាចទ្រាំទ្រនឹងជំងឺរលាកទងសួតធ្ងន់ធ្ងរបាន។
បើតាមគណណិហ្វេសប៊ុករបស់ “សិល្បករកម្ពុជា” បានបង្ហោះសារថា “RIP សិល្បការនី Dj អាលីយ៉ាបានទទួលមរណភាពហើយនៅវេលារម៉ោង៦ព្រឹកនេះ សពតំកល់នៅវត្តទួលអស់លោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សូមសិល្បករសិល្បៈការិនី មេត្តាទៅចូលរួមបុណ្យសពនាងផង ដោយសារនាងគ្មានសាច់ញាតិឡើយ ព្រោះនាងជាក្មេងកំព្រា ។ មួយវិញទៀតខ្ញុំសុំអោយបងប្អូនមហាជនសូមមេត្តាកុំវៃតម្លៃលើនាងអី ដើម្បីអោយវិញ្ញាណក្ខន្តនាងបានស្ងប់ កុំអោយអភ័ព្ទដូចជាតិនេះ ព្រោះជាតិនេះនាងលំបាកណាស់។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា ក្រុមប្រឹក្សារភិបាលសមាគមសិល្បករខ្មែរ”។
គួរបញ្ជាក់ថា តាមព័ត៌មានថា អាលីយ៉ា បានធ្លាក់ខ្លួនឈឺជំងឺរលាកទងសួត ហើយជំងឺនាងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទៅហើយ ទើបនាងមកពីខេត្តសៀមរាប មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ហេតុនេះហើយបានជាធ្វើឱ្យស្ថានភាពសុខភាពនាងដុនដាប សឹងតែមិនគួរឱ្យជឿនោះ។ អ្វីដែលគួរឱ្យរន្ធត់ខ្លាំងផងនោះ គឺអាលីយ៉ា បានដេកព្យាបាលជំងឺជាមួយអ្នកជំងឺដែលក្រីក្រជុំគ្នា ហើយនាងគ្មានប្រាក់កាសជាប់នឹងខ្លួនឡើយ សូម្បីតែឃ្លានចង់ញ៉ាំអី ក៏គ្មានលុយទិញ ហើយនៅពេលដែលឃើញមិត្តភក្តិអ្នកសិល្បៈម្នាក់ទៅសួរសុខទុក្ខនាងនោះ អាលីយ៉ា បានត្រឹមសម្រក់ទឹកភ្នែក ព្រោះនាងអាសូរខ្លួនពេក។
អាលីយ៉ា ធ្លាប់ចេញសម្តែងច្រៀង និងថតភាពយន្តមួយចំនួនផងដែរ អំឡុងពេលដែលនាងលេងខ្លួនសិចស៊ីតាមបែបស្ទីលអឺរ៉ុបប្លែកៗនោះ។ ប៉ុន្តែ កាលពីឆ្នាំមុន អាលីយ៉ា ធ្លាប់រងគ្រោះដោយអំពើហិង្សា ដោយសារត្រូវបុរសម្នាក់ធ្វើបាបលើរាងកាយនាង តែរហូតមកដល់ពេលនេះ អាលីយ៉ា មិនទាន់បានទទួលយុត្តិធម៌ផង ស្រាប់តែនាងធ្លាក់ខ្លួនដេកស្តូកស្តឹងនៅមន្ទីរពេទ្យ បែបអស់សង្ឃឹមក្នុងជីវិត គួរឱ្យអាសូរដល់រូបនាងជាពន់ពេក ដែលពីមុនធ្លាប់តែសប្បាយក្អាកក្អាយ និងលេងខ្លួនសិចស៊ីដល់កំពូល តែពេលនេះ បែរជាមកធ្លាក់ខ្លួនជាមួយនឹងជំងឺរលាកទងសួតដ៏ធ្ងន់ធ្ងរ តម្រូវឱ្យព្យាបាលនិងជួយសង្គ្រោះជីវិតឱ្យទាន់ពេលវេលាផងដែរ៕