ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវប្រពន្ធចុះចោលផ្ទះអស់រយៈពេលជាងកន្លះខែមកហើយ ដោយប្រាប់ថាចេញទៅធ្វើការរោងចក្រ លុះចុងក្រោយក៏ទទួលបានដំណឹងថា ស្ត្រីជាប្រពន្ធកំពុងតែមានទំនាក់ទំនងជាមួយប្រុសថ្មី ជាហេតុធ្វើឱ្យបុរសជាប្តីឈឺចិត្តស្អិតទ្រូង ដើរផឹកស្រា ស្រវឹងជារៀងរាល់ថ្ងៃ ទីបំផុត ក៏សម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនតែម្តង។
ករណីបុរសជាប្តីខូចចិត្តរឿងប្រពន្ធចុះចោលផ្ទះ បែរជាដាច់ចិត្តចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិយាយអត ឃុំគុត្តសត ស្រុកអូរជ្រៅ។
បុរសគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះឈួយ ពន្លឺ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ ទើបនឹងចាប់ដៃគ្នាជាមួយប្រពន្ធបានប៉ុន្មានឆ្នាំប៉ុណ្ណោះ និងមិនទាន់មានកូនចៅជាមួយគ្នានៅឡើយ។ កន្លងមក ជីវិតគ្រួសាររបស់ជនរងគ្រោះ ហាក់មិនសូវចុះសម្រុងនឹងគ្នាសោះ និងចេះតែឧស្សាហ៍ឈ្លោះ ប្រកែកគ្នាជាញឹកញាប់។
ប្រភពដដែលបន្តថា លុះក្នុងរង្វង់ប្រមាណជាងកន្លះខែមុននេះ ពោលគឺនៅដើមខែមិថុនា ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានចុះចោលផ្ទះចោលជនរងគ្រោះជាប្តីបាត់ ដោយផ្តាំផ្ញើដំណឹងតាមអ្នកស្គាល់គ្នា ឱ្យមកប្រាប់ជនរងគ្រោះថា នាងចេញទៅធ្វើការនៅរោងចក្រ នៅក្រុងប៉ោយប៉ែត។ លុះក្រោយមកទៀត ជនរងគ្រោះជាប្តី ក៏ទទួលបានដំណឹងល្ហិចល្ហៀងថា ប្រពន្ធរបស់ខ្លួនកំពុងមានប្រុសថ្មី ទើបធ្វើឱ្យបុរសរងគ្រោះឈឺចិត្តស្អិតទ្រូងយ៉ាងខ្លាំង រហូតដល់ដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ៕