ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានជិះម៉ូតូដឹកគ្នាទៅអង្គុយមើលការប្រកួតបាល់ទាត់ពិភពលោក (វើលខាប់) នៅសូរិយាម៉ល លុះកើតមានទំនាស់ពាក្យសម្តីតិចតួច ស្រាប់តែប្រពន្ធខឹង ក៏ទាញម៉ូតូជិះចេញមកចោលប្តី បំណងត្រឡប់ទៅផ្ទះវិញតែម្នាក់ឯង ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យមួយក្រុម ជិះម៉ូតូប្រដេញតាមធាក់ផ្តួល រួចប្លន់យកម៉ូតូទៅបាត់។
ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះស្រីមុំ អាយុ៤០ឆ្នាំ ស្នាក់នៅក្នុងបុរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅបាត់នោះ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1O-8685។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ រូបគាត់និងប្តីបាននាំគ្នាទៅមើលការប្រកួតបាល់ទាត់ពិភពលោក (វើលខាប់) នៅសូរិយាម៉ល ក្បែរផ្សារថ្មី ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ លុះ មកដល់វេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ គាត់និងប្តី ក៏បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ទើបធ្វើឱ្យគាត់ខឹងប្តីពេក ក៏ទាញម៉ូតូជិះ ចេញមកផ្ទះនៅបុរី លឹម ឈាងហាក់ ចំការដូងវិញ តែម្នាក់ឯងទាំងកណ្តាលអធ្រាត្រ ដោយទុកឱ្យប្តីជិះតាក់ស៊ីមកតាម ក្រោយ។
ស្ត្រីរងគ្រោះបន្តថា លុះពេលដែលគាត់ធ្វើដំណើរមកដល់ចំណុច ស្រាប់តែលេខមុខជនសង្ស័យមួយក្រុម មានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកនិច១គ្រឿង និងម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿង មិនចាំស្លាកលេខ បានជិះមកក្បែរគាត់ រួចក៏ធាក់ផ្តួលម៉ូតូរបស់គាត់ បណ្តាលឱ្យដួល បន្ទាប់មក ជនសង្ស័យក៏បានគំរាមមិនឱ្យគាត់ស្រែក បើកហ៊ានស្រែក គេនឹងបាញ់ចោល ទើបធ្វើឱ្យគាត់ភ័យ ក៏រត់ចេញពីម៉ូតូ បំណងទៅហៅគេឯងឱ្យជួយ ទើបធ្វើឱ្យជនសង្ស័យមានឱកាសល្អ ក៏លើកយកម៉ូតូរបស់គាត់ជិះគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលអស់ដោយសុវត្ថិភាព តែម្តង៕