ភ្នំពេញ ៖ យុវជនឈាមរាវ បានលួចកួចចិត្តស្រលាញ់នារីវ័យជំទង់ម្នាក់ស្នាក់នៅបន្ទប់ក្បែរគ្នាជាយូរមកហើយ លុះចិត្តស្រលាញ់ពុះកញ្ជ្រោលខ្លាំងទ្រាំលែងបាន ក៏ដាច់ចិត្តទៅសុំថើបស្រីត្រង់ៗ លុះនាងមិនព្រម បែរជាចាប់បង្ខំថើបបាន១ខ្សឺត ធ្វើឱ្យខាងស្រីខឹងជេរស្តី ស្រាប់តែប្រុសព្រានអប្រិយ បានស្ទុះទៅវាយស្រី១ដៃ បណ្តាលឱ្យសន្លប់ស្តូក ធ្វើឱ្យមានឱកាសល្អ ក៏លើកបីត្រកងនារីរងគ្រោះចូលបន្ទប់របស់ខ្លួន ចាប់រំលោភតាមចិត្ត រហូតដល់បានសម្រេច លុះខាងស្រីភ្ញាក់ដឹងខ្លួន ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកប្រុសព្រាន យកមកចាត់ការតាមច្បាប់។
ករណីយុវជនឈាមរាវស្រលាញ់ស្រីខ្លាំងពេក រហូតដល់បែកគំនិតវ៉ៃខាងស្រីឱ្យសន្លប់ រួចបីចូលបន្ទប់ចាប់រំលោភតាមចិត្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលបុរីសែនមនោរម្យ ជាន់ទី៣ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវខាងស្រីប្តឹងប៉ូលិសចាប់ខ្លួនប្រុសព្រានបាន នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ក្នុងបុរីសែនមនោរម្យ ទីតាំងកើតហេតុ។
ប្រុសព្រានល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ន រស្មី អាយុ១៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និងមានស្រុកកំណើតនៅស្រុកសំបូរ ខេត្តក្រចេះ។ ចំណែកនារីរងគ្រោះ មានឈ្មោះអ.ន អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ (បន្ទប់ជួលក្បែរគ្នា)។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលរូបនាងកំពុងអង្គុយនៅកាំជណ្តើរ និយាយទូរស័ព្ទជាមួយម្តាយនៅឯស្រុកកំណើត ដែលគាត់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានដើរមកសួរនាំនាងថា កំពុងធ្វើអ្វី? ពេលនោះ នាងក៏បានឆ្លើយថា កំពុងនិយាយទូរស័ព្ទជាមួយម្តាយនៅឯស្រុកកំណើត គាត់កំពុងនៅមន្ទីរពេទ្យ ស្រាប់តែពេលនោះ ជនសង្ស័យបានសុំនាងថើប១ខ្សឺត ទើបនាងនិយាយថា មកសុំគេថើប ដូចជាងាយម៉្លេះ មិនដែលស្គាល់គ្នាផង ស្រាប់តែភ្លាមនោះ ជនសង្ស័យបានស្ទុះមកចាប់ថើបនាង១ខ្សឺតទាំងកំរោល ទើបធ្វើឱ្យនាងខឹងក៏ស្រែកជេរ ស្តីជនសង្ស័យថា “អាងាប់ម៉េចក៏ធ្វើចរិតថោកអ៊ីចឹង? ដឹងគេមានគូដណ្តឹងហើយ ម៉េចនៅតែធ្វើអ៊ីចឹងទៀត?” ពេលនោះ ជនសង្ស័យក៏បានឆ្លើយថា “អត់ខ្វល់ទេ យប់ហ្នឹងនាងមិនរួចខ្លួនឡើយ”។
នារីរងគ្រោះបន្តថា លុះនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែជនសង្ស័យរូបនោះ បានស្ទុះមកដាល់នាង១ដៃ ចូលក្បាលពោះ បណ្តាលឱ្យនាងចុកអួលយ៉ាងខ្លាំង រួចក៏សន្លប់លែងដឹងខ្លួនតែម្តង។ ស្រាប់តែពេលនាងភ្ញាក់ដឹងខ្លួនមកវិញ ឃើញខ្លួនប្រាណនាងស្រាតននលគក និងមានតែ កន្សែងគ្របពីលើប៉ុណ្ណោះ ថែមទាំងមានឈានប្រឡាក់ពេញខ្លួនទៀត ចំណែកជនសង្ស័យនៅអង្គុយយោលជើងនៅចុងជើងរបស់នាងធ្វើព្រងើយ ទើបនាងដឹងថា នាងត្រូវជនល្មោភកាមរូបនេះចាប់រំលោភខ្ទេចខ្ទីគ្មានសល់អ្វីទេ។ លុះឃើញនាងបើកភ្នែកដឹងខ្លួន ស្រាប់តែជនសង្ស័យបានបោះ សម្តីដាក់នាងទៀតថា ចង់ទៀតអត់? ធ្វើឱ្យនាងខឹងច្រឡោត ក៏និយាយថា ចាំមើលអញប្តឹងសមត្ថកិច្ច តែត្រូវជនសង្ស័យឆ្លើយយ៉ាងឡូយថា ប្តឹងក៏ប្តឹងទៅ។ ភ្លាមនោះ នាងក៏បានរើសខោអាវមកស្លៀកវិញ ហើយក៏រត់ចេញពីបន្ទប់ជនសង្ស័យ ត្រឡប់ទៅបន្ទប់នាងវិញ។
នារីរងគ្រោះបានបញ្ជាក់ថា បន្ទាប់មកនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នាងក៏បានរឿងរ៉ាវទាំងអស់ឱ្យបងស្រី រួមនឹងម្ចាស់ផ្ទះ ជួលរបស់នាងបានដឹង បន្ទាប់មកក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចចុះមកនាំខ្លួនជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍នគរបាលកន្ទោកតែម្តង៕