ខេត្តព្រះវិហារ ៖ យុវជន២នាក់កំពុងជិះម៉ូតូដឹកគ្នាតាមដងផ្លូវទាំងពាក់កណ្តាលអធ្រាត្រ ស្រាប់តែត្រូវរថយន្តសណ្តោងរ៉ឺម៉កដឹកឈើ១គ្រឿង ដែលទំនងជាអ្នកបើកបរងោកមួយភាំង ក៏ជ្រុលចង្កូតមកបុកចំពីមុខទាំងកំរោល បណ្តាលឱ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ចំណែកអ្នកបើករថយន្តដឹកឈើ រួមនឹងអ្នកដំណើរម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចអូរផ្អាវ ស្ថិតក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន។
យុវជនរងគ្រោះទាំង២នាក់ ដែលត្រូវរថយន្តដឹកឈើបុកស្លាប់ រួមមាន ទី១-ឈ្មោះថាម សុវណ្ណធូ អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន និងទី២-ឈ្មោះចាន់ ហុកសេង អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិតាប៉ោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ។ ចំណែករថយន្តបង្កជាប្រភេទរថយន្តសាំងយ៉ុង ពណ៌ស្លែ មានសណ្តោងកន្ទុយរ៉ឺម៉កដឹកឈើ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ និងរួមដំណើរដោយស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណដូចគ្នា និងរងរបួសធ្ងន់ទាំង២នាក់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តសណ្តោងរ៉ឺម៉កដឹកឈើបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានរេចង្កូតមកបុកម៉ូតូជនរង គ្រោះចំពីមុខយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះទាំង២នាក់ ប៉ើងផ្លោងធ្លាក់ចេញពីផ្លូវស្លាប់យ៉ាងអណោចអធ័ម។ ចំណែកអ្នកបើកបររថយន្ត ដឹកឈើ និងអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំទាំងយប់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីទាំងកើតហេតុ និងបានចាត់បញ្ជូនជនរងគ្រោះទាំង២នាក់ ទៅកាន់មន្ទីរពេទ្យខេត្តកំពង់ធំទាំងយប់ ដើម្បីសង្គ្រោះជីវិត។ ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច អូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកជ័យសែន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ដោយឡែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើង ដោយសារមូលហេតុ អ្នកបើកបរងងុយដេក ទើបធ្វើឱ្យរេចង្កូតជ្រុលទៅបុកម៉ូតូ នៅចំណែកផ្លូវម្ខាងទៀត បង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស២នាក់បែបនេះតែម្តង៕