ខេត្តតាកែវ ៖ ករណីឃាតកម្មសម្លាប់ស្ត្រីវ័យចំណាស់ស្លាប់ ពេលនេះឃាតករត្រូវបានសមត្ថកិច្ចចាប់បានហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣និង០០នាទី នៅផ្ទះតែម្តង។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពីទទួលបានដំណឹងថា មានស្រ្តីវ័យចំណាស់ម្នាក់ ឈ្មោះ សុខ ម៉េង ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង វបានស្លាប់ដោយត្រូវឃាតករ វាយចំលើថ្ងាសខាងឆ្វេង និងត្រង់ក្បាលចំនួន០៣កន្លែងភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង ចុះដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យលើកសាកសព និងបានកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ងិន បុប្ផា ហៅផា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា “មូលហេតុដែលឈានដល់ការសម្លាប់ជនរងគ្រោះ គឺមកពីជនសង្ស័យមានគំនុំជាមួយជនរងគ្រោះ កាលពីជាង១ឆ្នាំមុន”។
គួរបញ្ជាក់ថា ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅខាងក្រោយផ្ទះរបស់ខ្លួន ដោយមានស្លាកស្នាមរបួសវាយនឹងដំបងចំថ្ងាសជាច្រើនកន្លែងទៀតផង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ និងសន្និដ្ឋានថា ជាករណី ឃាតកម្ម។
ករណីស្ត្រីចំណាស់ត្រូវជនដៃដល់វាយសម្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំសំរោង ស្រុកសំរោង។
លោកយាយរងគ្រោះ ដែលត្រូវឃាតករវាយសម្លាប់យ៉ាងឃោរឃៅនេះ មានឈ្មោះសុខ ម៉េង អាយុ៦៧ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីរងគ្រោះ ដេកស្លាប់ ក្នុងថ្លុកឈាម នៅខាងក្រោយផ្ទះរបស់ខ្លួនចំងាយប្រមាណ២៥០ម៉ែត្រ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងប្រញាប់រត់ទៅរាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង៕