ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ កាលពីឆ្នាំ២០១៥ ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស ប៊ុត សីហា នឹងក្លាយទៅជាតារាចម្រៀងផលិតកម្មថោន នាពេលឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីត្រូវហង្សមាស បានដេញអ្នកចម្រៀងរូបនេះ ចេញទាំងនៅជាប់កុងត្រា ក្រោយផ្ទុះរឿងអាស្រូវថា សីហា មានជាប់ពាក់ព័ន្ធគ្រឿងញៀន កាលពីខែមុន មកនោះ។ ប៊ុត សីហា ដែលបរាជ័យក្នុងការចេញទៅច្រៀងសម្តែងនៅអាមេរិក ជាមួយស្រីស្អាតនាងរ៉ាប៊ី កាលពីខែមីនា នោះ បានប្រាប់អ្នកយកព័ត៌មានយើងថា លោកនឹងទៅចូលរួមធ្វើជាសមាជិករបស់ផលិតកម្មថោន ក្នុងពេលឆាប់ៗនោះហើយ គឺមិនចូលផលិតកម្មសាន់ដេ ទេ ព្រោះខ្លួនបានអ្នកធ្វើការច្រើននៅថោន។
តាមរយៈការមានសមត្ថភាពច្រៀងខ្លាំងជាងគេក្នុងចំណោមតារាចម្រៀងកាន់ពាន ទាំងអស់នៅក្រុមហ៊ុនហង្សមាស នោះ ប៊ុត សីហា ដែលពេលនេះហាក់ស្ងប់ស្ងាត់បន្តិច រឿងការសេពគ្រឿងញៀននោះ អតីតតារាចម្រៀងផលិតកម្មហង្សមាស រូបនេះ មានជំនឿនឹងសង្ឃឹមយ៉ាងមុតមាំថា រូបគេនឹងអាចស្តារកេរ្តិ៍ឈ្មោះ បានមកវិញនៅថោន ជាមិនខាន បើទោះជាពេលនេះគេឃើញថា សីហា បានបាត់បង់ឱកកាសច្រៀង Concert ធំៗ និងលេចមុខតែច្រៀងតាមអកកេសតាមជាយៗក្រុងក្តី។
ការទៅដល់ថោន របស់តារាចម្រៀងប៊ុត សីហា ធ្វើឱ្យថោន ទទួលបានតារាចម្រៀងពីហង្សមាស ទី៨ហើយ គឺមានយក់ ថិករដ្ឋា, ឈិត សុវណ្ណបញ្ញា, សុន ស្រីពេជ្រ, ម៉ៅ ហាជី, ស៊ូ ស៊ីរីកា និងនាងផាន វីរ៉ាទី ហៅរ៉ាប៊ី៕