ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជិតដល់ថ្ងៃភ្ជាប់ពាក្យទៅហើយ ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្តធុនធំមួយគ្រឿង បើកមកកៀរ បណ្តាលឱ្យដួលម៉ូតូចូលក្រោមកង់ឡានទាំង៣នាក់ (ឪពុក កូនស្រី និងក្មួយស្រីតូច) រួចក៏ត្រូវរថយន្តកិនបែកខ្ទេចក្បាលស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ខណៈដែលឪពុកនិងក្មួយស្រីតូច ជិះម៉ូតូទៅទទួលកូនស្រីចេញពីធ្វើការ តែដូចជាទៅស្លាប់ព្រមគ្នានៅលើដងផ្លូវទៅវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះទាំង៣នាក់ (ឪពុកកូនស្រី និងក្មួយស្រី) ដែលត្រូវរថយន្តកិនបែកខ្ទេចក្បាលស្លាប់យ៉ាងអាណោចអាធ័មខាងលើនេះ រួមមាន ទី១-ឈ្មោះម៉ាត់ សារី ភេទប្រុស ជាជនជាតិខ្មែរ-អ៊ីស្លាម អាយុ៥៦ឆ្នាំ មុខរបរអ្នកលក់ដូរ (ត្រូវជាឪពុក) ទី២-ឈ្មោះម៉ាត់ សារីណា ភេទស្រី ជាជនជាតិខ្មែរ-អ៊ីស្លាម អាយុ២០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ (ត្រូវជាកូន) និងទី៣-ឈ្មោះអេត រ៉ូស៊ីកា ភេទស្រី ជាជនជាតិខ្មែរ-អ៊ីស្លាម អាយុ៥ឆ្នាំ (ត្រូវជាក្មួយស្រី)។ ជនរងគ្រោះទាំង៣នាក់ខាងលើ មានលំនៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ និងជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-0752។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ានដាយ ពណ៌លឿង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2260 បើកបរដោយឈ្មោះខូវ ខែម ភេទប្រុស អាយុ២៨ឆ្នាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងាថ នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាកហ៊ីយ៉ានដាយ បើកបរក្នុងទិសដៅពីជើងទៅត្បូង ស្របគ្នាជាមួយម៉ូតូជនរងគ្រោះម៉ាកនិច ជិះគ្នា៣នាក់ (ឪពុកកូនស្រី និងក្មួយស្រី) លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កក៏បានកៀរម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលខ្ទាតជនរងគ្រោះទាំង៣នាក់ ចូលក្រោមកង់រថយន្តកិនពីលើបែកក្បាលខ្ទេច ស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុតែម្តង។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាឪពុកឈ្មោះម៉ាត់ សារី បានជិះម៉ូតូចេញពីផ្ទះ បំណងទៅទទួលកូនស្រីចេញពីធ្វើការរោងចក្រនៅម្តុំស្វាយប៉ាក ស្របពេលនោះ ក្មេងស្រីរងគ្រោះត្រូវជាក្មួយស្រី ក៏បានសុំទៅជាមួយដែរ។ លុះពេលទៅទទួលកូនស្រីចេញពីរោងចក្រមកហើយ ជិះម៉ូតូឌុបគ្នា៣នាក់ត្រឡប់មកវិញដល់ចំណុចកើតហេតុ ដែលជិតដល់ផ្ទះទៅហើយ ក៏ស្រាប់តែត្រូវរថយន្តធុនធំខាងលើបើកកៀរ បណ្តាលឱ្យដួល រួចកិនទាំង៣នាក់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។
ក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា អ្វីដែលជារឿងគួរឱ្យអាណោចអាធ័មបំផុតនោះ គឺនារីរងគ្រោះឈ្មោះម៉ាត់ សារីណា ជិតដល់ថ្ងៃភ្ជាប់ពាក្យទៅហើយ គឺត្រៀមនឹងភ្ជាប់ពាក្យនៅថ្ងៃអាទិត្យខាងមុខនេះ ស្រាប់តែមកជួបគ្រោះអកុសល ត្រូវរថយន្តកិនស្លាប់ទាំងឪពុក ទាំងកូនស្រី រួមនឹងក្មួយស្រីម្នាក់ទៀតតែម្តង។
ក្រោយកើតហេតុ រថយន្តបង្កមិនបានឈប់មើលជនរងគ្រោះនោះទេ តែបែរជាព្យាយាមបន្ថែមល្បឿន ក្នុងបំណងបើករត់គេច ប៉ុន្តែក្រោយពីគេចបានប្រមាណ១គីឡូម៉ែត្រពីកន្លែងកើតហេតុ ក៏ត្រូវប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចដេញតាមស្ទាក់ឃាត់ខ្លួនបាន ហើយភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនជនបង្ករូបនោះទៅប៉ុស្តិ៍ភ្លាមៗ ព្រោះតែឃើញប្រជាពលរដ្ឋចោមរោមប្រុងនាំគ្នាវាយទៅលើជនបង្កដែលជាអ្នកបើកបរទៅហើយ ទើបសមត្ថកិច្ចប្រញាប់នាំចូលរថយន្ត រួចបញ្ជូនជនបង្កទៅកាន់ប៉ុស្តិ៍នគរបាលជាបន្ទាន់ បន្ទាប់មកក៏បញ្ជូនបន្តទៅកាន់ការិល័យចរចរណ៍ ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕