អ៊ីវ៉ា បានក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មថោន ទៅហើយ ក្រោយពេលដែលនាងចាកចេញពីផលិតកម្មសាន់ដេ ដោយចប់កុងត្រា កាលពីពេលថ្មីៗនេះ។ ការទៅដល់ថោន តារាចម្រៀងស្រីវ័យក្មេង ដែលល្បីដោយសារតែផលិតកម្មសាន់ដេ នាងអ៊ីវ៉ា បានសម្រេចបោះបង់ចោលផលិតកម្មធំហង្សមាស ដែលបានព្យាយាមអូសទាញនាងជាច្រើនឆ្នាំមកហើយនោះ ព្រោះតែអ៊ីវ៉ា យល់ថា ហង្សមាស ផ្ទះធំមានគ្នាច្រើនបន្តិចហើយ ហេតុនេះហើយបានជានាងជ្រើសយកថោន ជាផ្ទះទី2 បន្ទាប់ពីជ្រកកោនជាមួយផលិតកម្មសាន់ដេ ជិត10ឆ្នាំមក។
តាមព័ត៌មានពីអ្នកដឹកនាំសម្តែងនៅផលិតកម្មថោន ម្នាក់ បង្ហើបប្រាប់ដោយសុំមិនបញ្ចោញឈ្មោះនោះថា អ៊ីវ៉ា នឹងត្រូវផលិតកម្មរៀបចំឱ្យនាងចាប់ដៃច្រៀងជាមួយអតីតតារាចម្រៀងផលិតកម្មសាន់ដេ ដែរ គឺលោកកែវ វាសនា នូវបទឆ្លងឆ្លើយ ដែលមានការសម្រិតសម្រាំងជាពិសេស ព្រោះផលិតកម្មយល់ថា ពួកគេទាំង2 មានសមត្ថភាពល្អដូចគ្នា និងអាចច្រៀងចាប់ដៃគូគ្នាបាន។
ទោះជាអ៊ីវ៉ា នឹងក្លាយទៅជាដៃគូរបស់កែវ វាសនា នាពេលខាងមុខក្តី តែអ្នកគាំទ្រ (Fan) តារាចម្រៀងអ៊ីវ៉ា ហាក់មានការព្រួយបារម្ភចំពោះតារាចម្រៀងសាច់សខ្ចី អ៊ីវ៉ា នាពេលនេះថា តើនាងទៅថោន នឹងល្បីជាងសាន់ដេ ថែមទៀត ឬក៏មានការស្រុតឈ្មោះទៅវិញ ដូចកែវ វាសនា ដែរ ព្រោះថា វាសនា កាលនៅសាន់ដេ ល្បីគួរសម តែពេលទៅដល់ថោន បែរជាស្ងប់ស្ងាត់ និងមិនសូវមានបទចម្រៀងល្បីដូចមុនឡើយ។
យ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា អ៊ីវ៉ា នឹងគ្រងតំណែងជាតារាចម្រៀងលេខ2 នៅថោន បន្ទាប់ពីនាងមាស សុខសោភា ជាមិនខាន ប្រសិនបើផលិតកម្មមួយនេះលើកស្ទួយតារារបស់ខ្លួនទៅតាមសមត្ថភាពអ្នកចម្រៀងនោះ។
ប្រភពបានឱ្យដឹងថា នាងអ៊ីវ៉ា នឹងក្តាប់តំណែងលេខ2នៅថោន ដែលពេលនេះ កំពុងគ្រប់គ្រងដោយម្ចាស់បទ “មាន់ស្រែ” នាងរ៉ាប៊ី ព្រោះសម្អាងថា ទោះពេលនេះ រ៉ាប៊ី ហាក់ឡើងកូដខ្លាំងមែន តែសមត្ថភាព បច្ចេកទេសច្រៀងរបស់នាង គឺខ្ពស់ជាងនាងរ៉ាប៊ី ដាច់តែម្តង៕