គ-ការងារប្រជុំ និងសិក្ខាសាលា ៖ ឆ្នាំ២០១៦ បានចូលរួមចំនួន៣៩១ដង និងឆ្នាំ២០១៧ បានចូលរួមចំនួន៩១៥ដង។
ក្នុងនោះ ក៏មានភាពអសកម្ម និងបញ្ហាមិនប្រក្រតីជាច្រើនក្នុងការអនុវត្តការងារនាយកដ្ឋានដូចតទៅ ៖
១-រាល់គ្រប់កិច្ចប្រជុំនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន តែងតែឆ្លៀតប្រើអំណាច ដោយប្រើឈ្មោះឯកឧត្តមរដ្ឋមន្ត្រី ឬខុទ្ទកាល័យ ដើម្បីយកវេទិកាវាយប្រហារធ្ងន់ៗចំពោះថ្នាក់ដឹកនាំទទួលបន្ទុក មិនចេះអ្វីទាំងអស់ គឺចេះតែស្រៈ ឬស្រៈអា ក្នុងចេតនាបង្កការរាំងស្ទះការងារដល់នាយកដ្ឋានតែប៉ុណ្ណោះ ប្រសិនបើថ្នាក់ដឹកនាំក្រសួងខ្លាំងមែន សូមកុំកែតែអក្ខរាវិរុទ្ធ សូមឱ្យធ្វើឯកសារ ឬលិខិតឱ្យល្អជាងលោកប្រធាននាយកដ្ឋានទៅ ទើបគេចាត់ទុកថាខ្លាំង លើសពីនេះទៅទៀត លោកប្រធាននាយកដ្ឋាន បានជះកំហឹងក្រេវក្រោធខ្លាំងៗ ប្រមាថ និងវាយប្រហារធ្ងន់ៗចំពោះអនុប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកថា គ្មានកំណើត ភ្លេចកំណើត ឬជាក្រពើវង្វេងបឹង… ជាដើម ស៊ីពីនាយកដ្ឋាននីតិកម្មកសិកម្ម តែបែរជាជួយការពារ និងប្រគល់ភារកិច្ចទៅឱ្យអង្គភាពផ្សេងទៅវិញ។
២-រាល់កិច្ចប្រជុំនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន តែងតែប្រើអំណាចខ្លួន ដោយប្រើឈ្មោះខុទ្ទកាល័យ និងឯកឧត្តមរដ្ឋមន្ត្រី ដើម្បីបំផុសបំផុល និងស្រែកបញ្ជាទៅមន្ត្រីសមាជិក អង្គប្រជុំឱ្យទះដៃ ឬហ៊ោកញ្ជ្រៀវ បំបាក់ស្មារតីមន្ត្រីនៅក្រោមឱវាទរបស់ខ្លួន ដែលបង្ហាញឱ្យឃើញពីភាពអនាធិបតេយ្យ និងមានចរិតលក្ខណៈជាបងធំក្នុងកិច្ចប្រជុំរាល់លើក។
៣-មិនដែលគោរពថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក និងមិនអនុវត្តតាមគោលការណ៍ណែនាំ និងប្រឆាំងនឹងការសម្រេចរបស់ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការឯកឧត្តម ហួត ប៊ុនណារី និងឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ដែលបានអញ្ជើញមកប្រជុំណែនាំមន្ត្រី តាំងតែពីលើកដំបូង ដែលតម្រូវឱ្យមានការប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាពឯកឧត្តម ហួត ប៊ុនណារី។
៤-រាល់កិច្ចប្រជុំក្រៅនាយកដ្ឋាន ដូចជា ករណីប្រជុំក្រុមការងារ RIA របស់ក្រសួង លោកប្រធាននាយកដ្ឋាន តែងតែវាយប្រហារថ្នាក់ដឹកនាំនាយកដ្ឋាន (អនុប្រធាននាយកដ្ឋាន) ខ្លួនឯង ដែលត្រូវទទួលបានការតែងតាំងពីឯកឧត្តមរដ្ឋមន្ត្រីថា គ្មានអ្នកណាម្នាក់ចេះធ្វើការងារអ្វីឡើយ ដែលនេះឆ្លុះបញ្ចាំងពីការប្រមាថដ៏ធ្ងន់ចំពោះថ្នាក់ដឹកនាំក្រសួង ក៏ដូចជា ចំពោះឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ផង ដែលផ្ទុយពីការពិតទាំងស្រុង រឿងពិត គឺលោកប្រធាននាយកដ្ឋាន តែងតែព្យាយាមបង្អាក់ការងារ និងព្យាយាមរំខានគ្រប់រូបភាព រកល្បិចគ្រប់វិធី ដោយឱ្យអនុប្រធាននាយកដ្ឋាន ឬថ្នាក់ដឹកនាំការិយាល័យមួយចំនួន អាចបំពេញការងារឱ្យបានរលូន។
៥-រាល់ការចូលរួមប្រជុំរបស់អនុប្រធាននាយកដ្ឋាន គឺសុទ្ធតែអនុវត្តតាមចំណារបន្ថែមពីប្រធាននាយកដ្ឋានទាំងអស់ ប៉ុន្តែក្នុងកិច្ចប្រជុំមួយរបស់នាយកដ្ឋាន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បែរជាយកប្រធានបទប្រជុំលើកផែនការ និងទិសដៅឆ្នាំថ្មី ទៅវាយប្រហារថ្នាក់ដឹកនាំនាយកដ្ឋានថា ទៅប្រជុំក្នុងនាមឯកជន ដោយមិនតំណាងនាយកដ្ឋាននីតិកម្មកសិកម្ម ដែលខ្លួនបានចារទៅឱ្យប្រជុំ ហើយលោកប្រធានតាំងខ្លួនតែម្នាក់គត់ជាម្ចាស់កម្មសិទ្ធិរបស់នាយកដ្ឋាន និងវាយប្រហារថ្នាក់ដឹកនាំ អង្គភាពផ្សេងៗទៅវិញ ដូចជា រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាដើម…។
៦-ការចូលរួមអមដំណើរថ្នាក់ដឹកនាំក្រសួង (ឯកឧត្តមរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ) លោកប្រធាននាយកដ្ឋាន តែងតែគាបសង្កត់គ្រប់បែបយ៉ាងចំពោះថ្នាក់ដឹកនាំជាអនុប្រធាននាយកដ្ឋាន តែបើលោកប្រធាន គាត់ទៅ គឺត្រូវយកមន្ត្រីអម ២ទៅ៣នាក់ ផ្ទុយទៅវិញ នៅពេលដែលគាត់បញ្ជាឱ្យអនុប្រធាននាយកដ្ឋានណាមួយទៅអមដំណើរ ឬចូលរួមកម្មវិធីជាមួយថ្នាក់ដឹកនាំក្រសួង ហើយអនុប្រធាននាយកដ្ឋាននោះ ស្នើសុំមន្ត្រីតែម្នាក់គត់ គឺមិនបានផង ទោះជាប្រាប់ហេតុផលថា ពិបាកបើករថយន្តខ្លួនឯងផង (៣ទៅ៤ខេត្ត) រត់ទៅតាមថ្នាក់ដឹកនាំផង ឡើងធ្វើបទឧទ្ទេសនាមផង បញ្ហាសុខភាព ឬបញ្ហារថយន្តខូចតាមផ្លូវ គឺគ្រាន់បានជាគ្នា ជួយគ្នាទៅវិញទៅមក តែលទ្ធផល គឺលោកប្រធាននាយកដ្ឋាន បដិសេធរហូត ហើយថែមប្រើភាសាថា ការទៅអមដំណើរជាមួយថ្នាក់ដឹកនាំក្រសួង គឺជាការខ្ជះខ្ជាយថវិកានាយកដ្ឋានទៅវិញ។
II-ការងារសេវាសាធារណៈ សម្រាប់ប្រតិបត្តិការពាណិជ្ជកម្មសម្ភារកសិកម្ម
II-១.ការងារដែលត្រូវបានអនុវត្ត
-ក្រុមចុះបញ្ជិកា ៖ ឆ្នាំ២០១៦ មាន២២៥ ក្រុមហ៊ុន និងឆ្នាំ២០១៧ មាន២០៥ក្រុមហ៊ុន។
-ក្រមហ៊ុននាំចូលនាំចេញសម្ភារកសិកម្ម ៖ ឆ្នាំ២០១៦ មាន២០៦ក្រុមហ៊ុន និងឆ្នាំ២០១៧ មាន២៥០ក្រុមហ៊ុន។
-ក្រុមហ៊ុនធ្វើអាជីវកម្ម សម្ភារកសិកម្ម ៖ ឆ្នាំ២០១៦ មាន១៣ក្រុមហ៊ុន និងឆ្នាំ២០១៧ មាន១២ក្រុមហ៊ុន។
-ក្រុមហ៊ុនចុះបញ្ជីឃ្លាំងសន្និធិ ៖ ឆ្នាំ២០១៦ មាន៤៥ក្រុមហ៊ុន និងឆ្នាំ២០១៧ មាន៨៤ក្រុមហ៊ុន។
-ក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយ ៖ ឆ្នាំ២០១៦ មាន៣៦ក្រុមហ៊ុន និងឆ្នាំ២០១៧ មាន៦៩ក្រុមហ៊ុន។
-ក្រុមហ៊ុនធ្វើប្រតិបត្តិការលាយផ្សំ ឬវេចខ្ចប់ជាថ្មីជីកសិកម្ម ៖ ឆ្នាំ២០១៦ មាន០៦ ក្រុមហ៊ុន និងឆ្នាំ២០១៧ មាន០៧ក្រុមហ៊ុន។
-ការងារបន្ទប់ពិសោធគុណភាពជីកសិកម្ម ៖ ឆ្នាំ២០១៦ មាន៦៤៤សំណាក ស្មើនឹង១០៦ក្រុមហ៊ុន និងឆ្នាំ២០១៧ មាន៤៧៣សំណាក ស្មើនឹង៨៦ក្រុមហ៊ុន។
II-២.បញ្ហាកសិកម្ម និងភាពមិនប្រក្រតី
១-រាល់ឯកសារអាជីវកម្មក្រុមហ៊ុន គឺមានភាពយឺតយ៉ាវ ដោយមិនដែលបានផ្តល់សេវាសាធារណៈឱ្យបានលឿនដូចអ្វីត្រូវបានកំណត់ក្នុងច្បាប់ថា ៣០ថ្ងៃនោះឡើយ ដោយសារក្រុមលេខាលោកប្រធាននាយកដ្ឋាន ទុកផ្អឹបឯកសារ ទុកមិនធ្វើឱ្យគេ បង្កការលំបាកដល់អតិថិជន ធ្វើឡើងតាមការបង្គាប់បញ្ជារបស់លោកប្រធាន។
២-ឯកសារលិខិតអនុញ្ញាត និងបញ្ជិកាក្រុមហ៊ុនជាច្រើន ត្រូវបានធ្វើរំលងដោយមិនមានហត្ថលេខាសង្ខេបពីប្រធានការិយាល័យ អនុប្រធាននាយកដ្ឋានទទួលបន្ទុក ឬថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ហើយដែលកន្លងមក តែងតែមានការថ្នាំងថ្នាក់ពីប្រធានការិយាល័យបមាណីយសម្ភារកសិកម្ម (លោកគឹម ខេមរិទ្ធ) ដែលជាហេតុនាំឱ្យមានការវាយប្រហារគ្នាតាមប្រព័ន្ធ Facebook ហើយបញ្ហាលោកគឹម ខេមរិទ្ធ នេះ គឺលោកបានដឹងពីភាពមិនអាចគ្រប់គ្រងបានពីក្រុមបក្ខពួកលោកប្រធាននាយកដ្ឋាន ដោយមិនសប្បាយចិត្ត ដែលលោកប្រធាននាយកដ្ឋាន តែងតែបណ្តែតបណ្តោយឱ្យអនុប្រធានការិយាល័យក្រឡុកការងារ មិនឆ្លងការងារ និងមិនដែលហៅប្រជុំណែនាំម្តងឡើយ បែរជាស្នើសុំសម្រួលភារកិច្ចគ្នាទៅវិញ។
៣-លោកប្រធាននាយកដ្ឋាន មិនគោរពតាមគោលការណ៍ឯកភាពរបស់ថ្នាក់ដឹកនាំ និងឯកឧត្តមរដ្ឋមន្ត្រី ដោយហ៊ានសម្រចឱ្យក្រុមហ៊ុននាំចូលដោយចិត្តឯង ដូចជា លិខិតអនុញ្ញាតនាំចូលនាំចេញជីកសិកម្ម លេខ៤៤៧/០២-១០៧ កសក/មមក.មជ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់ឱ្យក្រុម ងី ហេង គ្រុប នូវបរិមាណនាំចូលចំនួន៥០០០០តោន តែជាក់ស្តែងគោលការណ៍អនុញ្ញាតផ្តល់ឱ្យតែ ២០៨០០តោន។
៤-ឯកសារអាជីវកម្មក្រុមហ៊ុនភាគច្រើន គឺសុទ្ធតែមានលោកប្រធាននាយកដ្ឋាន និងក្រុមមន្ត្រីជំនិតលោកប្រធាននាយកដ្ឋាន តែងតែនៅពីក្រោយខ្នង កាងខុសរឿង ដែលឯកសារទាំងនោះសុទ្ធតែមិនប្រក្រតី ឯកសារមួយចំនួនមិនគ្រប់គ្រាន់ និងក្លែងបន្លំឯកសារមួយចំនួនធំ ដែលធ្វើឱ្យក្រុមហ៊ុនត្រឹមត្រូវទទួលសិទ្ធិពីក្រុមហ៊ុនដើមបាត់បង់ប្រយោជន៍ ហើយក្រុមហ៊ុនទាំងនោះលែងមានទំនុកចិត្តលើក្រសួង និងមើលងាយក្រសួង។
៥-លោកប្រធាននាយកដ្ឋានតែងតែប្រើឈ្មោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងជាច្រើនក្នុងការរត់ឯកសារអាជីវកម្មក្រុមហ៊ុន ដោយមិនឱ្យធ្វើទៅតាមនីតិវិធីជាធរមាន រំលងមន្ត្រីជំនាញ និងថ្នាក់ដឹកនាំទទួលបន្ទុកទាំងអស់ ហើយលោកប្រធាននាយកដ្ឋាន តែងតែងព្រមានមន្ត្រីជំនាញ និងដ្នាក់ដឹកនាំទទួលបន្ទុក ដោយមិនឱ្យពិនិត្យឯកសារ គឺបញ្ជាឱ្យធ្វើទាំងខុសនីតិវិធី និងបែបបទការតម្រូវឯកសារ ថែមទាំងព្រមានដកតួនាទីមន្ត្រី និងថ្នាក់ដឹកនាំនាយកដ្ឋានថែមទៀត។
៦-ឯកសារមួយចំនួន ពេលមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ប៉ុន្តែត្រូវក្រុមបក្ខពួកលោកប្រធាននាយកដ្ឋាន បានដកយកចំណារលើស្ទីកឃើរចេញ ឬលុបអក្សរពេញ រួចបន្តបញ្ជូនឯកសារដោយមិនកែសម្រួលយ៉ាងគឃ្លើន។
(នៅមានត)