Saturday, October 25, 2025
Homeព័ត៌មានជាតិថ្ងៃខួបកំណើត បងសុខចិត្តឈប់លេងហ្វេសប៊ុក លក់ទូរស័ព្ទយកលុយទិញកងដៃឲ្យប្រពន្ធសម្លាញ់

ថ្ងៃខួបកំណើត បងសុខចិត្តឈប់លេងហ្វេសប៊ុក លក់ទូរស័ព្ទយកលុយទិញកងដៃឲ្យប្រពន្ធសម្លាញ់

ខេត្តបាត់ដំបង ៖ បុរសជាប្តីម្នាក់នេះ បានសម្រេចចិត្តផ្អាកលេងហ្វេសប៊ុកមួយរយៈ ដើម្បីយកទូរស័ព្ទទៅលក់យកប្រាក់ទិញកងដៃ ទុកជាកាដូជូនប្រពន្ធថ្ងៃកំណើតផង និងទុកជាការសុំទោសប្រពន្ធ ចំពោះរឿងរ៉ាវកន្លែងមក ដែលប្តីបានធ្វើឱ្យប្រពន្ធមិនសប្បាយចិត្តផង ជាហេតុធ្វើឱ្យប្រពន្ធរំភើបចិត្ត រហូតដល់ស្រក់ទឹកភ្នែក ចំពោះទឹកចិត្តរបស់ប្តី។

ប្តីប្រពន្ធខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បុរសជាប្តីមានគណនីហ្វេសប៊ុកឈ្មោះ ហ៊ាគាត ប៉ារចណា។

យោងតាមគណនីហ្វេសប៊ុក ហ៊ាគាត ប៉ារចណា កាលពីពេលថ្មីៗ បានបង្ហោះវីដេអូឃ្លីប និងរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពការរៀបចំពិធីខួបកំណើតឱ្យប្រពន្ធជាទីស្រលាញ់របស់ខ្លួន ដែលពិធីមួយនេះ បានធ្វើឱ្យប្រពន្ធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់ទប់ទឹកភ្នែកមិនជាប់ទៀតផង។

តាមរយៈវីដេអូឃ្លីបខាងលើ គេឃើញបុរសជាប្តីបានប្រគល់នំខួបកំណើតជូនប្រពន្ធ ដោយមានអុជទៀនបំភ្លឺផង លុះក្រោយពីប្រីពន្ធផ្លុំទៀនពន្លត់រួចហើយ បុរសជាប្តីបានប្រាប់ឱ្យប្រពន្ធកាត់នំ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺនៅក្នុងនំខួបកំណើតនោះ បានបង្កប់នូវថង់ប្លាស្ទីកមួយ ដែលមានកងដៃប្លាកទីន ចំនួន១៧កង នៅក្នុងនោះ ព្រមទាំងមានភ្ជាប់មកជាមួយនូវវិក័យបត្របញ្ជាក់ពីតម្លៃផងដែរ ដែលកងដៃមួយឈុតនេះ មានតម្លៃរហូតដល់៩០០ដុល្លារឯណោះ និងបានទិញពីតូបលក់មាសមួយកន្លែង ក្នុងផ្សារបរវេល ខេត្តបាត់ដំបង។

ក្រោយពីបានឃើញកាដូកងដៃបង្កប់ក្នុងនំខួបកំណើតរបស់ខ្លួនរួចមក គេឃើញស្ត្រីជាប្រពន្ធមិនអាចនិយាយអ្វីចេញឡើយ ក្រៅពីសើចទាំងទឹកភ្នែក រួចស្ទុះឱបកប្តី និងថើបប្តី ដោយការស្រលាញ់ពេញចិត្តជាទីបំផុត ទាំងដែលកូនស្រីតូចហាក់ស្រឡាំងកាំង នៅពេលឃើញម្តាយយំ ក៏យំតាមម្តាយ ដោយមិនដឹងថាមានរឿងអ្វីនោះទេ។

ជាមួយនេះ បុរសជាប្តីបានបង្ហោះសារភ្ជាប់ជាមួយនោះថា “សុំទោសរាល់ទង្វើដែលបងធ្វើខុសលើអូន ប្រពន្ធសំលាញ់  បងស្រលាញ់អូន ប្រពន្ធសំលាញ់…”។

ដោយឡែក នៅមុនថ្ងៃខួបកំណើតប្រពន្ធ១ថ្ងៃ បុរសជាប្តីបានបង្ហោះសារមួយថា “ថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលខ្ញុំលេង Facebook ហើយក៏ជាថ្ងៃចុងក្រោយដែលខ្ញុំឈប់លេង Facebook ដែរ សុំផ្អាកលេង Facebook មួយរយៈសិន ព្រោះតែ…” “ចង់យាយថា ខ្ចីទូរស័ព្ទគេផុសទេ ឈប់លេងហើយ ដើម្បីប្រពន្ធ bye bye …” “នឹកកាលគ្រានោះ ជាមួយមនុស្សដែលឱ្យខ្ញុំស្គាល់អ្វីៗគ្រប់យ៉ាង ហើយបង្រៀនឱ្យចេះតស៊ូ ព្យាយាមកុំឱ្យចុះចាញ់រាល់ការងារគ្រប់យ៉ាង អរគុណអូនណាស់ប្រពន្ធសំលាញ់…”។

ចំពោះទឹកចិត្តបុរសជាប្តីដែលសម្រេចចិត្តធ្វើការលះបង់ ដើម្បីប្រពន្ធនាពេលនេះ បានធ្វើឱ្យមិត្តភក្តិ រួមនឹងអ្នកលេងហ្វេសប៊ុកជាច្រើនបានសម្តែងនូវអារម្មណ៍កោតសរសើរ និងជូនពរឱ្យចំណងស្នេហ៍អ្នកទាំងពីរកាន់តែផ្អែមល្ហែមស្អិតល្មួតរហូតតទៅ៕

RELATED ARTICLES