ខេត្តកណ្តាល ៖ ក្រុមគ្រួសារមួយនេះ ហេតុតែជីវភាពទីទ័លក្រ ខ្វះមុខខ្វះក្រោយ សឹងរកអង្ករច្រកឆ្នាំងមិនបាន ក៏ដាច់ចិត្តឱ្យប្តីចេញទៅធ្វើការនៅស្រុកថៃ ដើម្បីរកប្រាក់កម្រៃផ្ញើមកចិញ្ចឹមប្រពន្ធកូនខ្ចី និងកូនប្រុសស្រីតូចៗ៣នាក់ លុះបន្ទាប់ពីចាកចេញទៅ ប្តីក៏មិនឃើញផ្តល់ដំណឹងដល់អ្នកផ្ទះសោះ ដែលគិតមកដល់សព្វថ្ងៃ ប្តីបាត់ដំណឹង៦ខែមកហើយ ជាហេតុធ្វើឱ្យប្រពន្ធព្រួយបារម្ភ ប្រកាសតាមរកប្តីទាំងទឹកភ្នែក។

ស្ត្រីដែលប្រកាសតាមរកប្តីចេញទៅធ្វើការនៅស្រុកថៃ រួចក៏បាត់ដំណឹងសូន្យឈឹង៧ខែមកហើយនេះ មានឈ្មោះសុខខឿន (កំពុងមានកូនខ្ចី) មានប្តីឈ្មោះផាត និងមានកូនចំនួន៣នាក់ ក្នុងបន្ទុក (ប្រុស១ ស្រី២) សព្វថ្ងៃរស់នៅស្រុកល្វាឯម។

តាមការអះអាងរបស់ស្ត្រីជាប្រពន្ធ បានឱ្យដឹងថា ប្តីរបស់នាងបានចេញទៅធ្វើការនៅស្រុកថៃ អស់រយៈពេល៦ខែមកហើយ ដោយចេញទៅធ្វើការនៅក្នុងរោងចក្រផលិតដែរ តែតាំងពីចេញបាត់ពីផ្ទះទៅ ប្តីមិនដែលបានផ្តល់ដំណឹងផ្ញើមកអ្នកផ្ទះឱ្យបានដឹងសោះ ទុកឱ្យនាងជាប្រពន្ធដែលកំពុងមានកូនខ្ចី រួមនឹងកូនតូចៗ៣នាក់ទៀត រស់នៅវេទនាគ្មានទីពឹង ទន្ទឹងចាំតែផ្លូវប្តី និងឪពុកវិលវិញ តែមិនដឹងថា ប្តីនៅមានជីវិត ឬក៏មានបញ្ហាយ៉ាងណានោះទេ។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Bros Da កាលពីពេលថ្មីៗនេះ បានបង្ហោះសារមួយថា “សូមបងប្អូនជួយ Share ម្នាក់មួយផង ដើម្បីឱ្យប្តីគាត់បានឃើញ ហើយឱ្យគាត់ត្រឡប់មករកប្រពន្ធនិងកូនវិញផង ព្រោះប្រពន្ធនិងកូនគាត់ គ្មានទីពឹងទេ មានតែប្តីគាត់នឹងហើយ សូមមេត្តាជួយគាត់ផង…”។

ជាមួយនេះ គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះវីដេអូឃ្លីបមួយ ដែលស្ត្រីអភ័ព្វជាប្រពន្ធបានទួញយំប្រកាសរកប្តីរបស់ខ្លួនទាំងទឹកភ្នែកថា “សូមបងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ជួយរកប្តីខ្ញុំផង ឈ្មោះផាត គាត់ទៅធ្វើការប្រទេសថៃ បាត់ដំណឹង៥-៦ខែហើយ ខ្ញុំកូន៣-៤េ ហីយអត់មានទីពឹងទេ សូមឱ្យបងប្អូនជួយខ្ញុំផង ជួយស៊ែរតៗគ្នា ខ្ញុំពិបាកណាស់ រាល់ថ្ងៃរស់នៅជាមួយម្តាយ ហើយខ្ញុំជំពាក់គេទៀត សូមបងប្អូនជួយស៊ែរតៗគ្នាឱ្យគាត់បានដឹងផង ប្រសិនបើគាត់នៅរស់ នេះកូនពៅ ប្តីខ្ញុំឈ្មោះផាត ខ្ញុំឈ្មោះសុខខឿន បើគាត់បានឃើញ សូមឱ្យគាត់ផ្តល់ដំណឹងឱ្យខ្ញុំផង ខ្ញុំរស់នៅរាល់ថ្ងៃពិបាកណាស់ សូមបងប្អូនជួយស៊ែរតៗគ្នាឱ្យគាត់បានឃើញផង សុំទ្រង់ឯកឧត្តម សូមជួយខ្ញុំផង ខ្ញុំជំពាក់គេ ប្តីខ្ញុំបាត់ដំណឹង ហើយខ្ញុំកូនខ្ចី ខ្ញុំនៅស្រុកល្វាឯម ខេត្តកណ្តាល ខ្ញុំឈ្មោះសុខខឿន ប្តីខ្ញុំឈ្មោះផាត សូមបងប្អូនជួយស៊ែរតៗគ្នាឱ្យប្តីខ្ញុំបានដឹងថា គាត់ទៅរស់នៅប្រទេសថៃ ធ្វើការនៅរោងចក្រផលិតដែក ខ្ញុំមានកូន៣នាក់ សូមបងប្អូនជួយខ្ញុំផង ខ្ញុំជំពាក់គេ ខ្ញុំអត់មានទីពឹងទេ…”៕