Monday, January 20, 2025
Homeសង្គម និងជីវិតចាក់ប្លង់សេខុនដូ បាក់សង្កត់កម្មករស្លាប់២នាក់

ចាក់ប្លង់សេខុនដូ បាក់សង្កត់កម្មករស្លាប់២នាក់

ភ្នំពេញ ៖ កម្មករសំណង់មួយក្រុមបានឡើងទៅបំពេញការងាររបស់ខ្លួននៅជាន់ទី២៣ នៃអគារខុនដូរទើបនឹងសាងសង់ ស្រាប់តែអកុសលត្រូវប្លង់សេដែលទើបនឹងចាក់នៅជាន់ទី២៣ (មិនទាន់ជាប់ល្អ) បានបាក់មកសង្កត់ បណ្តាលឱ្យកម្មករចំនួន៥នាក់ បានទទួលរងរបួសធ្ងន់ ស្រាល ដោយឡែកកម្មករ២នាក់ផ្សេងទៀត មានវាសនាអភ័ព្វជាងគេ ត្រូវផ្ទាំងប្លង់សេសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម និងជាប់ក្រោមគំនរប្លង់សេរាប់ម៉ោង ទម្រាំក្រុមការងារអាចគាស់យកសាកសពចេញមកវិញបាន។

ហេតុការបាក់ប្លង់សេសង្កត់កម្មករសំណង់ស្លាប់ និងរបួសធ្ងន់ស្រាលខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជាន់ទី២៣ នៃអគារខុនដូរកំពុងសាងសង់ Mekong View Tower 6 មានទីតាំងស្ថិតនៅ ក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវប្លង់សេបាក់សង្កត់ស្លាប់ រួមមាន ទី១-ឈ្មោះបាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងទី២-ឈ្មោះនាម ហ៊ីង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុនប៉ែន ខេត្តសៀមរាប។ ជនរងគ្រោះ ទាំង២នាក់ មានរបរជាកម្មករសំណង់ធ្វើការ និងស្នាក់នៅក្នុងការដ្ឋានសំណង់អគារខុនដូរខាងលើ។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ស្រាលទាំង៥នាក់ រួមមាន ទី១-ឈ្មោះនឿន របួសជើង ទី២-ឈ្មោះផាត របួសជើង ទី៣-ឈ្មោះ រិទ្ធ របួសស្មា ទី៤-ឈ្មោះស្រី លន ភេទស្រី របួសស្មា និងទី៥-ឈ្មោះស្រី របួសកែងដៃ។ ជនរងគ្រោះទាំង៥នាក់ គឺជាកម្មករសំណង់បម្រើការ និងស្នាក់នៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើ។

តាមសម្តីកម្មករសំណង់ម្នាក់ សុំមិនបញ្ចោញឈ្មោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ប្លង់សេពិតាននៅជាន់ទី២៣ ដោយប្លង់សេនោះ មានទំហំ១២ម៉ែត្រ គុណនឹង២៤ម៉ែត្រ និងមានកម្រាស់០,១៤ម៉ែត្រ។  លុះដល់វេលារសៀលថ្ងៃដដែលនោះ ខណៈដែលប្លង់សេមិនជាន់ជាប់ល្អផងនោះ ក៏បន្តបាញ់ចាក់ប្លង់សេពិតានថែមទៀត ស្រាប់តែបណ្តាលឱ្យបាក់រន្ទាធ្លាក់ពិដានសង្កត់កម្មករ និងក្រុមជាងបណ្តាលឱ្យរងរបួស៥នាក់ និងបាត់ខ្លួន២នាក់ជាប់ក្រោមប្លង់សេពិដាន នោះតែម្តង។

ក្រោយកើតហេតុភ្លាមៗនេះ អាជ្ញាធរសមត្ថកិច្ច និងមន្ត្រីតុលាការបានចុះទៅពិនិត្យកន្លែង និងបានជួយដឹកបញ្ជូនជនរងគ្រោះទាំង៥នាក់ ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកក្រុមជាងបាននាំគ្នាដាប់គាស់បេតុង រុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង។ ជាមួយគ្នានេះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ក៏បានចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងកើតហេតុផងដែរ។ រហូតមកដល់ម៉ោង១០និង៤០នាទីយប់ ថ្ងៃដដែល ទើបរកឃើញ សាកសពជនរងគ្រោះទាំង២នាក់ឃើញ។

បន្ទាប់ពីគាស់យកសាកសពជនរងគ្រោះទាំង២នាក់ ចេញពីក្រោមប្លង់សេរួចមក សមត្ថកិច្ចជំនាញបានពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារប្លង់សេពិតាន បាក់សង្កត់ប្រាកដមែន៕

RELATED ARTICLES