ខេត្តបាត់ដំបង ៖ យុវជនម្នាក់ចិត្តខ្លាំងគំនិតខ្លីម្នាក់ ទើបនឹងចេញពីមណ្ឌលអប់រំកែប្រែ៤ថ្ងៃ ស្រាប់តែនៅសុខៗ ក៏ទាញម៉ាស៊ីនសម្រាប់អារឈើ មកកាត់បំពង់កខ្លួនឯង បណ្តាលឱ្យបាញ់ឈាមស្លាប់មួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចអូរតាចាន់ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល។
យុវជនចិត្តខ្លាំង ដែលយកម៉ាស៊ីនអារឈើ កាត់កខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនេះ មានឈ្មោះវ៉ាត អ៊ុត អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបនឹងចេញពីគុក មានលំនៅក្នុងភូមិឃុំកន្លែងកើតហេតុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនខាងលើនេះ (ជនរងគ្រោះ) គឺជាមនុស្សញៀនថ្នាំ និងតែងបង្កការអុកឡុក ក្រុមគ្រួសារ អ្នកស្រុកភូមិសឹងរាល់ថ្ងៃ រហូតដល់ក្រុមគ្រួសារទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនយុវជនរូបនេះ យកទៅមណ្ឌលអប់រំ កែប្រែខេត្តសៀមរាប ដោយសង្ឃឹមថា ជននេះនឹងអាចកែខ្លួន ក្លាយជាមនុស្សល្អឡើងវិញ។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ក្រោយពេលទើបនឹងចេញពីមណ្ឌលអប់រំកែប្រែចំនួន៤ថ្ងៃ ស្រាប់តែនៅសុខៗជននេះ ក៏ទាញម៉ាស៊ីនអារឈើ មកអារបំពង់កខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមមួយរំពេចតែម្តង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
លោកសន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ថាមានករណីអត្តឃាត សមត្ថកិច្ចក៏បានចុះពិនិត្យដល់ទីតាំងកើតហេតុ។ លុះក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានយកម៉ាស៊ីនសម្រាប់អារឈើ មកអារកខ្លួនឯងធ្វើអត្តឃាតប្រាកដមែន៕