Saturday, March 15, 2025
Homeសន្ដិសុខសង្គមម៉ែកាប់កូនស្លាប់ រួចរត់ទៅប្រាប់ប៉ូលិស

ម៉ែកាប់កូនស្លាប់ រួចរត់ទៅប្រាប់ប៉ូលិស

ភ្នំពេញ ៖ ស្ត្រីមានជំងឺសរសៃប្រសាទប្រចាំកាយម្នាក់ ទំនងជាស្ថានភាពជំងឺធ្វើទុក្ខខ្លាំងគ្រប់គ្រងសតិស្មារតីខ្លួនឯងលែងបាន ក៏ធ្វើសកម្មភាពយកអង្រែបុកគ្រឿង និងកាំបិតប៉័ងតោ វាយដំ កាប់ប្រហារកូនប្រុសបង្កើតខ្លួនឯងដែលមានជំងឺសរសៃប្រសាទដូចគ្នា បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ទឹក បន្ទាប់មកស្ត្រីជាម្តាយបង្កើតដែលសម្លាប់កូនប្រុសដោយផ្ទាល់ដៃ បានរត់ទៅសារភាពប្រាប់សមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ម្តាយមានជំងឺសរសៃប្រសាទ កាប់កូនប្រុសស្លាប់ រួចរត់ទៅប្តឹងប៉ូលិសនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ២៣ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ស្ត្រីដៃដល់ជាម្តាយ ដែលកាប់កូនប្រុសបង្កើតស្លាប់ មានឈ្មោះស អ៊ាង អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ មានជំងឺសរសៃប្រសាទប្រចាំកាយ មានប្តីឈ្មោះវ័ន្ត រួន អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកក្មេងប្រុសរងគ្រោះ ដែលត្រូវម្តាយកាប់ស្លាប់ មានឈ្មោះវ័ន្ត ភារុណ អាយុ១៣ឆ្នាំ មានជំងឺសរសៃប្រសាទដូចម្តាយដែរ និងជាកូនច្បងក្នុងចំណោមបងប្អូនប្រុស២នាក់។ ក្រុមគ្រួសារខាងលើនេះ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមសម្តីស្ត្រីម្នាក់ដែលត្រូវជាសាច់ញាតិគ្រួសារខាងលើ បានឱ្យដឹងថា ទាំងម្តាយ ទាំងកូនប្រុស គឺសុទ្ធសឹងតែមានជំងឺសរសៃប្រសាទដូចគ្នា គ្រាន់តែថា កូនប្រុសមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ រីឯម្តាយទើបនឹងមានជំងឺនេះ២ទៅ៣ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ កន្លងមក ទាំង២នាក់ម្តាយកូន ធ្លាប់ត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែហាក់មិនបានធូរស្រាលសោះ។ ជារៀងរាល់ថ្ងៃ ម្តាយកូន២នាក់នេះ តែងកើតមានរឿងឈ្លោះប្រកែកគ្នាមិនឈប់ ជួនកូនរករឿងវាយម្តាយ ជួនម្តាយរករឿងវាយកូន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បុរសជាប្តីបានចេញទៅធ្វើការបាត់ ដោយដឹកកូនប្រុសពៅ ទៅសាលារៀនផងដែរ ហេតុនេះនៅក្នុងផ្ទះនៅសល់តែម្តាយកូនតែ២នាក់ប៉ុណ្ណោះ។ លុះបន្តិច ក្រោយមក គេបានលាន់ឮសូរមាត់កូនប្រុស (ក្មេងប្រុសរងគ្រោះ) បានឈ្លោះប្រកែក ជេរម្តាយ (ជនដៃដល់) ហើយក៏ឮសំឡេងម្តាយជេរតបទៅកូនប្រុសវិញដែរ បន្ទាប់មកក៏ស្ងាត់មាត់ទាំងអស់គ្នាទៅ ទើបធ្វើឱ្យអ្នកជិតខាងមិនបានចាប់អារម្មណ៍អ្វីឡើយ។

ប្រភពដដែលបន្តថា ស្រាប់តែមួយសន្ធុះក្រោយមក ស្ត្រីជាម្តាយបានដើរចេញមកខាងក្រៅបន្ទប់ រួចចាក់សោបន្ទប់ពីក្រៅជាប់ ហើយក៏ដើរចេញ យកកូនសោទៅផ្ញើផ្ទះអ្នកជិតខាងក្បែរនោះ រួចប្រាប់គេឯងថា នាងបានកាប់កូនស្លាប់បាត់ហើយ ជួយមើលបន្ទប់ផង នាងទៅប្តឹងប៉ូលិស សិន។ ចំណែកអ្នកជិតខាង មិនមានអ្នកណាម្នាក់ជឿសម្តីស្ត្រីបង្កឡើយ ព្រោះយល់ថា ស្ត្រីរូបនេះមានជំងឺសរសៃប្រសាទ ទើបនិយាយផ្តេសផ្តាសបែបនេះ។ រហូតដល់ក្រោយមកកម្លាំងសមត្ថកិច្ច អាជ្ញាធរបានចុះមកដល់បន្ទប់ជួលរបស់ស្ត្រីជាជនបង្កព្រោងព្រាត និងបានចាក់សោ បើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញកូនប្រុសស្លាប់មែនក្នុងបន្ទប់ទឹក ទើបមានការភ្ញាក់ផ្អើល និងដឹងថាអ្វីដែលស្ត្រីបង្កនិយាយគឺជាការពិត៕

RELATED ARTICLES