ខេត្តបាត់ដំបង ៖ បុរសម្នាក់ តែងប្រើប្រាស់ថ្នាំញៀន និងផឹកស្រាស្រវឹងជាប់ជាប្រចាំ និងថែមទាំងឧស្សាហ៍ប្រើអំពើហិង្សាវាយតប់ ប្រពន្ធសឹងរាល់ថ្ងៃ រហូតដល់ប្រពន្ធទ្រាំមិនបាន ក៏រត់ចោលបាត់ ទុកឱ្យប្តីរស់នៅតែលតោលម្នាក់ឯង ដើរផឹកស្រវឹងអួទីនួរាល់ថ្ងៃ ទីបំផុត ក៏ដាច់ចិត្តគិតខ្លី ចងកសម្លាប់ខ្លួន។
ករណីបុរសតូចចិត្តប្រពន្ធរត់ចោល ដើរផឹកស្រាស្រវឹងជោកជាំ រួចចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលង អធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១៣ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ជនរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះឡេះ ការីម អាយុ៣១ឆ្នាំ ជាជនជាតិខ្មែរ-អ៊ីស្លាម មុខរបរមិនពិតប្រាកដ មានលំនៅ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមសម្តីស្ត្រីឈ្មោះម៉ាត់ ម៉ារីយ៉ង់ អាយុ៥១ឆ្នាំ ជាជនជាតិអ៊ីស្លាម មុខរបរលក់ចានឆ្នាំង ជាអ្នកជិតខាងជនរងគ្រោះ បានរៀបរាប់ ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹងរាល់ថ្ងៃ ដោយមានវិបត្តិផ្លូវចិត្ត ព្រោះប្រពន្ធរត់ចោលតាំងពីឆ្នាំ២០១៦ មកម៉្លេះ។ មូលហេតុ ដែលប្រពន្ធរត់ចោលនោះ គឺដោយសារតែជនរងគ្រោះតែងតែប្រើអំពើហិង្សាទៅលើប្រពន្ធជាញឹកញាប់ រហូតដល់ប្រពន្ធ ទ្រាំលែងបាន ក៏រត់ចោលបាត់រហូតមកដល់សព្វថ្ងៃ ជាហេតុធ្វើឱ្យបុរសរូបនេះ ឈឺចិត្តស្អិតទ្រូងដើរផឹកស្រាកាន់តែខ្លាំង រហូតដល់ចុងក្រោយ ក៏បែកគំនិតគិតខ្លីបែបនេះតែម្តង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ គាត់បានលឺសំឡេងដួលធុងស្ពិចត្រូ តែមិនបានចាប់អារម្មណ៍នោះទេ។ រហូតដល់ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ដោយសារតែឃើញផ្ទះ ជនរងគ្រោះ ហាក់ស្ងប់ស្ងាត់ខុសប្លែកពីធម្មតា ក៏ដើរទៅអើតមើល ស្រាប់តែប្រទះឃើញជនរងគ្រោះចងកនៅលើផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យគាត់ភ័យឆោឡោ ស្រែកហៅអ្នកជិតខាងឱ្យជួយ៕