នៅពេលភ្លើងឆេះគុម្ពប្ញស្សី ទោះជារដូវប្រាំងក្តី កាលបើភ្លើងរលត់ទៅ នឹងចេញ “ទំពាំងភ្លើង” មិនខាន។ ធម្មតាទំពាំងភ្លើង មិនដែលមានអ្នកភូមិណាទៅជីកយកមកស្លនោះឡើយ លុះត្រាតែ “ទំពាំងទឹក” ឬវាដុះតាមធម្មជាតិ ទើបមនុស្សយកមកស្ល។ យ៉ាងណាមិញ គណបក្សថ្មី ដែលប្រជាពលរដ្ឋមិនធ្លាប់ស្គាល់ ឬបង្កើតឡើងបែបប្រញាប់ប្រញាល់ ដោយជ្រើសតាំងបេក្ខជននាយករដ្ឋមន្ត្រី បេក្ខជនតំណាងរាស្ត្រព្រឹបៗនោះ អាចនឹងដូច “ទំពាំងភ្លើង” ដែល “នគរធំ” សូម្បីលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងប្រដមប្រសងគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវរលំរលាយទៅ ថែមទាំងមន្ត្រីប្រឆាំង១១៨នាក់ អស់សិទ្ធិធ្វើនយោបាយផងនោះ ស្រាប់តែលេចចេញគណបក្សថ្មី កើតឡើងព្រោងព្រាត តែប៉ុន្មានខែប៉ុណ្ណោះ មុនការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ រឿងបង្កើតគណបក្សមិនខុសអ្វីទេ ស្របតាមរដ្ឋធម្មនុញ្ញ និងការចង់បានរបស់បក្សកាន់អំណាច តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែបើតាមដានពិនិត្យសង្កេតឱ្យច្បាស់លាស់ ការបង្កើតបក្សថ្មីបែបប្រញាប់រួសរាន់ឱ្យទាន់ពេលបោះឆ្នោតនោះ មិនខុសពី “ទំពាំងភ្លើង” នោះឡើយ។
នៅក្នុងរឿងព្រេងខ្មែរមួយ បានតំណាលពីការពិសោធរកមនុស្សឆ្លាត ពោលគឺសេដ្ឋី ចង់បានកូនប្រសាមានប្រាជ្ញាវាងវៃ ក៏ប្រើឱ្យទៅជីកទំពាំងខែប្រាំងមកស្ល។ កំលោះម្នាក់ល្ងង់ ប្រឹងតែរែកទឹកស្រោចគុម្ពប្ញស្សី ឱ្យឆាប់ចេញទំពាំង ចំណែកបុរសម្នាក់ទៀតឆ្លាត បានយកភ្លើងទៅដុតគុម្ពប្ញស្សី រំលងតែ៣ថ្ងៃ ក៏ចេញទំពាំងព្រោងព្រាត ខណៈដែលកំលោះខំស្រោចទឹក មិនឃើញចេញទំពាំង។ ទោះយ៉ាងណា ក៏សេដ្ឋីនោះមិនយកទំពាំងភ្លើងទៅស្លអ្វីទេ ព្រោះវាគ្មានរសជាតិ បានត្រឹមតែធ្វើការពិសោធរកកូនប្រសាឆ្លាតប៉ុណ្ណោះ។
យ៉ាងណាមិញ គណបក្សដែលទើបបង្កើតដែលមានសមាជិកបក្ស សុទ្ធតែថ្មីមិនសូវស្គាល់ មកដាក់ជាបេក្ខជននាយករដ្ឋមន្ត្រី ឬបេក្ខជនតំណាងរាស្ត្រ ចូលប្រកួតជាមួយបក្សកាន់អំណាច ដែលមានធនធានមនុស្សសន្ធឹកសន្ធាប់នោះ ដូចជាយ៉ាប់ណាស់។ ទំពាំងភ្លើង វាដុះចេញពីដី ដោយសារអំណាចភ្លើង ឬ “ការជំរុញបង្ខំ” ពុំមែនកើតឡើងដោយទឹកភ្លៀងជោកជាំដី រាល់ថ្ងៃនោះទេ វាគ្រាន់តែជាទំពាំងមែន ប៉ុន្តែស្លមិនឆ្ងាញ់ ឬអ្នកស្រុកមិនហ៊ានស្លតែម្តង។
កន្លងមក អ្នកនយោបាយក្មេងៗខ្លះ នៅក្នុងចង្កោមអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលមិនសូវមានមុខមាត់ សូម្បីតែតំណាងរាស្ត្រ ក៏មិនបានធ្វើដែរ ព្រោះលោកសម រង្ស៊ី និងលោកកឹម សុខា បានជ្រើសរើសសហការីគាត់ ឬជាមនុស្សជំនិតគាត់ ឱ្យចូលអង្គុយអស់ហើយ។ លុះ CNRP ត្រូវរលាយចោលមក ខណៈដែលមន្ត្រីប្រឆាំង ១១៨រូប ចែកផ្លូវគ្នារប៉ាត់រប៉ាយ អស់សិទ្ធិធ្វើនយោបាយ ស្រាប់តែលេចចេញអ្នកនយោបាយក្មេង ចេញមុខបង្កើតគណបក្សដោយឡែកពីគ្នា ឬ “ពូជតែ១ ចេញត្រួយជាង១០” ឯណោះ។ គណបក្សថ្មីទាំងនោះ បានរងការចោទប្រកាន់ពីលោកសម រង្ស៊ី ថាជា “បក្ស អំពិលអំពែក”, “បក្សរណប”, “បក្សស៊ីពែ” ជាដើម ប៉ុន្តែប្រធានគណបក្សតូចៗទាំងនោះវាយបកវិញថា “បក្សគាត់បន្តវេនប្រឆាំង” ខ្លះថា “លក់ឡាន លក់ដី លក់ផ្ទះ ចង់អស់ហើយ” ដើម្បីយកលុយមកធ្វើនយោបាយ។
ទោះយ៉ាងណាក៏ដោយចុះ ចំណុចសំខាន់នៅត្រង់ “ទំពាំងភ្លើង” នេះឯង កំពុងចូលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ដែលមានបេក្ខជនភាគច្រើនជា “ទំពាំងទឹក” ពោលគឺ CPP ដាក់បញ្ចូលបេក្ខភាពតំណាងរាស្ត្រ សុទ្ធតែជើងចាស់ មានបទពិសោធន៍ការងារយូរឆ្នាំ បើឱ្យប្រជាពលរដ្ឋជ្រើសយកទៅស្ល ច្បាស់ជាពួកគាត់យក “ទំពាំងទឹក” ឯណោះទេ។ ដូច្នេះការប្រកួតប្រជែងលើសង្វៀនប្រជាធិបតេយ្យ ត្រូវឆ្លុះមើលតថភាពសង្គមផងដែរ ថាតើគណបក្សថ្មីមានសមត្ថភាពដឹកនាំដល់កម្រិតណា? បើចេះតែចូលប្រកួត មិនមើលមុខក្រោយ បានត្រឹមខាតប្រយោជន៍ ឬក្លាយជា “បក្សអំពិលអំពែក” ដូចអ្វីដែលលោកសម រង្ស៊ី ដាក់ឱ្យក៏ថាបាន។
សព្វថ្ងៃ អ្នកណាក៏ដឹងដែរថា បក្សកាន់អំណាច មានធនធានមនុស្សគ្រប់គ្រាន់ ឯយុវជនដែលបក្សដាក់បញ្ចូលជាបេក្ខជនតំណាងរាស្ត្រនោះ ជាប្រភេទ “ទំពាំងស្នងប្ញស្សី” ដែលដុះតាមធម្មជាតិ មិនមែនជាប្រភេទ “ទំពាំងភ្លើង” នោះទេ។ ហេតុនេះទោះបីជា CPP មិនចាំបាច់ចំណាយលុយកាក់ចេញឃោសនា ក៏អាចយកឈ្នះបក្សទើបបង្កើតទាំងនោះដោយមិនបាច់ប្រឹង។
ផ្ទុយទៅវិញ បើសិនជាបក្សកាន់អំណាច “ចង់សាក” ដោយបើកផ្លូវឱ្យអតីតបក្សសង្គ្រោះជាតិ រស់វិញ បានចូលរួមការបោះឆ្នោតនោះ ច្បាស់ជាប្រដមប្រសងគ្នាទៀត ដោយសារតែអតីតបក្សប្រឆាំងធំជាងគេនោះ មានប្រភេទមនុស្ស “ទំពាំងទឹក” ច្រើនដែរ មិនមែនជា “ទំពាំងភ្លើង” នោះទេ។ រឿងទាមទារឱ្យសាកនេះ ជាសម្តីរបស់លោកជាម ច័ន្ទនី អតីតតំណាងរាស្ត្របក្សប្រឆាំង ប៉ុន្តែ CPP មិនល្ងង់អីឱ្យសាកនោះទេ ព្រោះបើឱ្យសាកដដែល គេខំប្តឹងផ្តល់រំលាយ CNRP ធ្វើអី? មានន័យថា CPP និងអតីត CNRP សុទ្ធតែមានទំពាំងស្នងប្ញស្សីដូចគ្នា ហើយទំពាំងនោះ វាដុះច្រើនទៅៗ ដែលប្រជាពលរដ្ឋទិញយកទៅស្ល ប៉ុន្តែជាមួយបក្សទើបបង្កើតដែលជ្រើសតាំងសមាជិកព្រឹបៗ ឱ្យទាន់ពេលបោះឆ្នោតនោះ ដូចជាពិបាកយកឈ្នះ CPP ណាស់។ កុំថាឡើយដល់ទៅឈ្នះ សូម្បីកៅអីបួនប្រាំ ឬចង់បំបែកសំឡេងឆ្នោត CPP កុំឱ្យប្រើរូបមន្ត ៥០បូក១ បាននោះ ក៏មិនងាយដែរ ជួនកាលបានត្រឹមជួយជ្រោមជ្រែងបើកផ្លូវឱ្យ CPP បានប្រើរូបមន្ត ២ភាគ៣ឯណោះទេ។
ថ្មីៗនេះ ក៏មានគណបក្សមួយដែលធ្លាប់នៅក្នុងចង្កោម CNRP ចេញគោលនយោបាយវាយប្រហារលោកសម រង្ស៊ី យ៉ាងចាស់ដៃ ពាក់ព័ន្ធដល់រឿង “ដេកផ្ទះឈ្នះស្អាត” ហើយត្រូវបានអ្នកវិភាគម្នាក់លើកឡើងថា “ចង់បានកូនគេ វ៉ៃឪគេ ធ្វើម៉េច នឹងបាន” គឺមានន័យថា គណបក្សនោះចង់អូសទាញអ្នកគាំទ្រអតីត CNRP ក៏ប្រឹងវ៉ៃលោកសម រង្ស៊ី។ រឿងវ៉ៃយ៉ាងណានោះ វាជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយ ប៉ុន្តែចំណុចសំខាន់ បើបក្សណា “សម្បូរទំពាំងភ្លើង” ធ្វើយ៉ាងណាក៏អ្នកស្រុកមិនជីកយកទៅស្លដែរ ដែលជាបរិបទសម្រាប់អ្នកនយោបាយថ្មីពិចារណា។ ការធ្វើនយោបាយ គឺចង់ឈ្នះ បើមិនឈ្នះដាច់ ក៏ត្រឹម “បានកៅអីខ្លះ” ប៉ុន្តែបើ “សូន្យកៅអី” អស់ឡាន អស់ដី អស់ផ្ទះនោះ គួរកុំធ្វើល្អជាង។ ការលើកឡើងខាងលើនេះ អ្នកវិភាគណាក៏មើលឃើញយ៉ាងនេះដែរ ពោលគឺ CPP នៅតែឈ្នះឆ្នោតដដែល ឬស៊ីដាច់១២៥កៅអី ក៏ថាបាន ដោយសារ CPP ដាក់បេក្ខជនសុទ្ធតែប្រភេទ “ទំពាំងទឹក” ខណៈដែលបក្សបង្កើតថ្មី មានសុទ្ធតែ “ទំពាំងភ្លើង”។ បើសិនជាបក្សកាន់អំណាច បើកផ្លូវឱ្យអតីតបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ទើបជារឿង “ថាមិនត្រូវ” ព្រោះបក្សប្រឆាំងធំជាងគេនោះ ត្រូវលុបឈ្មោះពីបញ្ជី ប៉ុន្តែ “និន្នាការប្រឆាំង” មិនទាន់រលាយ ឬថា CNRP មាន “ទំពាំងទឹក” ដែរ បើយកទៅដាក់លក់នៅទីផ្សារ នឹងមានអ្នកទិញដូចគ្នា។
សរុបទៅ “ទំពាំងភ្លើង” មានន័យយ៉ាងនេះឯង។ “នគរធំ” ក៏សូមអភ័យទោសផងដែរ ក្រែងការប្រៀបធៀបនេះ ហាក់ឱ្យតម្លៃទៅលើបក្សកាន់អំណាចពេក បណ្តាលឱ្យបក្សតូចៗអាក់អន់ចិត្ត ប៉ុន្តែគួរតាមដានទៅមុខទៀតថា តើការប្រៀបធៀបនេះ ត្រូវឬខុស? ទោះយ៉ាងណា បក្សទំពាំងភ្លើង កុំទាន់អាលអស់សង្ឃឹមអី ត្រូវប្រឹងប្រែងឱ្យមែនទែន ក្រែងសំណាងល្អ មានសម្ពាយបុណ្យ បានកៅអីពាក់កណ្តាល ឬអាចដណ្តើមសំឡេង CPP បានខ្លះ ព្រោះសម្ពាយបុណ្យ ឈ្នះអ្វីៗទាំងអស់…៕