Monday, January 20, 2025
Homeសង្គម និងជីវិតបាត់កូនស្រី៣ថ្ងៃ ម៉ែឪសង្ស័យប្រុសស្នេហ៍ពង្រត់

បាត់កូនស្រី៣ថ្ងៃ ម៉ែឪសង្ស័យប្រុសស្នេហ៍ពង្រត់

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវឪពុកម្តាយអះអាងថា បានទាក់ទងស្នេហាជាមួយកំលោះម្នាក់រស់នៅខេត្តកំពង់ចាម និងធ្លាប់ចង់ស្តីដណ្តឹងកូនស្រីគាត់រៀបការដែរ តែពេលគាត់ព្រមលើកឱ្យបែរជានិយាយថា គ្មានលុយទៅវិញ ទើបគាត់បានណែនាំឱ្យខំប្រឹងរកលុយរៀបការ ទៅ គាត់មិនពង្រាត់សេចក្តីស្នេហាកូនស្រីនោះទេ។ លុះនៅសុខៗ កូនស្រីរបស់គាត់ ស្រាប់តែចេញបាត់ពីផ្ទះដោយគ្មានដំណឹង ទោះជាស្វែងរក យ៉ាងណាក៏មិនឃើញសោះ ជាហេតុធ្វើឱ្យឪពុកម្តាយដាក់ការសង្ស័យថា កូនស្រីត្រូវបានយុវជននោះលួងលោមពង្រត់ចេញពីផ្ទះ ព្រោះក្រោយពីកូនស្រីបាត់ខ្លួន ទូរស័ព្ទរបស់យុវជននោះស្រាប់តែទាក់ទងលែងបានដែរ។

នារីវ័យក្មេងដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះសន ស្រីនាង អាយុ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅម្តុំអូរឌឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នារីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹងសម្លៀកបំពាក់អាវវាលក្លៀក ពណ៌កាហ្វេ ខោខូវប៊យ និងពាក់ស្បែកជើងផ្ទាត់ពណ៌ស ក្រៅពីនេះ មិនបានយកអ្វីទៅជាមួយជាប់ខ្លួននោះឡើយ។

តាមសម្តីបុរសជាឪពុកនារីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះ គឺជាក្មេងល្អ ស្តាប់បង្គាប់ឪពុកម្តាយណាស់ មួយថ្ងៃៗខំតែធ្វើការរោងចក្រ សូម្បីថ្ងៃអាទិត្យឈប់សម្រាកក៏មិនដែលចេញទៅណាដែរ ពោលគឺនៅសម្ងំតែក្នុងបន្ទប់លេងទូរស័ព្ទ និងមើល ទូរទស្សន៍ជាមួយប្អូនៗប៉ុណ្ណោះ។ កន្លងមក កូនស្រីម្នាក់នេះ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងយុវជនម្នាក់ រស់នៅស្រុកកងមាស ខេត្តកំពង់ ចាមឯណោះ ហើយពួកគេធ្លាប់បានជួបមុខគ្នាម្តងដែរ។ បន្ទាប់មក ខាងប្រុសបានឱ្យម្តាយរបស់គេទូរស័ព្ទមកស៊ើបសួរស្តីដណ្តឹងកូនស្រីរបស់គាត់ ពេលនោះ គាត់ក៏ប្រាប់ទៅម្តាយខាងប្រុសវិញថា គាត់មិនយល់ទាស់ទេ បើកូនស្រលាញ់គ្នាហើយ គាត់ក៏មិនបំបែកដែរ គឺព្រមលើកឱ្យ។ លុះពេលសួរដល់រឿងលុយកាក់សម្រាប់រៀបការ បែរជាត្រូវម្តាយខាងប្រុសនិយាយថា គាត់គ្មានលុយទេ ហើយសូម្បីតែ១លានរៀលក៏គ្មានដែរ។ នៅពេល លឺសម្តីបែបនេះ គាត់ក៏ប្រាប់ឱ្យម្តាយខាងប្រុស និយាយទៅកូនប្រុសរបស់គាត់នោះទៅថា បើបែបនេះ ត្រូវខំប្រឹងធ្វើការរកស៊ីសន្សំលុយរៀបការ ទៅ ហើយគាត់មិនបំបែកស្នេហាពួកគេនោះទេ។ ស្រាប់តែក្រោយមកមិនបានប៉ុន្មានកូនស្រីរបស់គាត់ ក៏បាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងតែម្តង ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយ នឹកព្រួយបារម្ភពីសុវត្ថិភាពកូនស្រី និងសង្ស័យថា ការបាត់ខ្លួនកូនស្រីរបស់គាត់អាចជាប់ពាក់ព័ន្ធទៅនឹងយុវជនជាសង្សារនោះ ពោលគឺសង្ស័យថា ត្រូវខាងប្រុសលួងលោមពង្រត់កូនស្រីគាត់ចេញពីផ្ទះ។

តាមសម្តីស្ត្រីជាម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ បានបាត់ខ្លួនចេញពីផ្ទះតាំងពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។ នៅមុនពេលកើតហេតុ ប្តីរបស់គាត់រវល់ចេញទៅរត់ម៉ូតូឌុបបាត់ ចំណែកគាត់នៅបោកខោអាវនៅក្បែរផ្ទះ ពេលនោះ កូនស្រីនេះ បានរៀបចំខ្លួន ដោយមានស្ពាយកាបូបមួយផង ដើរមកសុំគាត់ជាម្តាយថា នាងសុំចេញទៅរៀបមិត្តភក្តិ (សែនព្រេន) មួយព្រឹក។ ចំណែកគាត់ក៏បាននិយាយទៅកូនស្រីវិញថា កុំទៅអី ព្រោះកូនចេញទៅកម្មវិធីមិត្តភក្តិញឹកញាប់ហើយ ទៅឡើងផ្ទះផង បុណ្យផង ពេលនេះចង់ទៅសែនព្រេនទៀត នៅផ្ទះវិញល្អជាង ជួយមើលផ្ទះសំបែង។ ក្រោយពីគាត់និយាយចប់ កូនស្រីមិនបានមាត់កអ្វីតបតមកគាត់វិញទេ តែបានដើរត្រឡប់ចូលទៅក្នុងផ្ទះវិញបាត់ទៅ និងបានទុកកាបូបនៅក្នុងផ្ទះវិញ។

ស្ត្រីជាម្តាយបន្តថា លុះមួយសន្ទុះក្រោយមក កូនស្រីគាត់ក៏ដើរចេញពីផ្ទះវិញ ក្នុងសម្លៀកបំពាក់អាវវាលក្លៀក ពណ៌កាហ្វេ ខោខូវប៊យ និងពាក់ស្បែកជើងផ្ទាត់ពណ៌ស រួចបាននិយាយប្រាប់ប្អូនរបស់គេថា គេទៅទិញអីញ៉ាំបន្តិច រួចក៏ចាកចេញទៅបាត់ទៅ ហើយតាំងពីពេលនោះ មក ក៏បាត់កូនស្រីមិនឃើញត្រឡប់មកផ្ទះវិញសោះ លុះល្ងាចឡើង ប្តីត្រឡប់មកពីរត់ម៉ូតូឌុបវិញ គាត់ក៏ប្រាប់ប្តីថាកូនស្រីបាត់ខ្លួនហើយ ភ្លាមនោះ គ្រួសារគាត់ បានចែកផ្លូវគ្នាតាមស្វែងរកសព្វកន្លែង តាំងពីផ្ទះម្តាយធម៌ ផ្ទះមិត្តភក្តិរបស់នាង តែមិនបានដំណឹងអ្វីបន្តិចណាសោះ។

ស្ត្រីជាម្តាយរូបនេះ បានបញ្ជាក់ថា កូនស្រីគាត់ពីមុនគឺជាមនុស្សស្លូតបូតល្អណាស់ តែអ្វីដែលចម្លែក នៅមួយរយៈចុងក្រោយនេះ កូនស្រី ហាក់មិនសូវចុះសម្រុងជាមួយគាត់សោះ មិនដឹងជាមកពីបញ្ហាអ្វីទេ ពេលគាត់និយាយស្តីអ្វី១ម៉ាត់ទៅ កូនស្រីសង៣ម៉ាត់មកវិញ ទើបធ្វើឱ្យគាត់ខឹងចេះតែស្តីបន្ទេស្ទាខ្លះទៅ តែមិនដល់ថ្នាក់ប្រើអំពើហិង្សានោះទេ៕

RELATED ARTICLES