ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង១គូ ទើបនឹងចេញពីផឹកស៊ីរាំលេងនៅក្នុងក្លឹប ក៏ជិះម៉ូតូដឹកគ្នាបំណងត្រឡប់ទៅផ្ទះវិញ លុះដោយសារតែល្បឿនម៉ូតូលឿនខ្លាំងពេក ដល់ចំណុចផ្លូវកោង បត់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនផ្លូវ បណ្តាលឱ្យផ្លោងមនុស្សបោកក្បាល នឹងបង្គោលប៉ាណូ បែកក្បាលស្លាប់យ៉ាងអាណោចអាធ័មទាំង២នាក់ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
គូស្នេហ៍ដែលទើបនឹងចេញពីក្លឹបជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាត់បង់ជីវិតទាំង២នាក់ រួមមាន ភាគីខាងស្រី មានឈ្មោះហាន់ ណា អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចំណែកភាគីខាងប្រុសស្នេហ៍មានឈ្មោះហាន់ ហៃ អាយុ២០ឆ្នាំ មុខរបរបុគ្គលិកចាក់សាំង ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិតាមាយ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ជនរងគ្រោះជាគូស្នេហ៍ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្សុយគីលែត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FO 7731។
តាមសម្តីមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ពួកគេមានគ្នា៤នាក់ (ប្រុស២ ស្រី២) ជិះម៉ូតូ២គ្រឿង បាននាំគ្នាធ្វើដំណើរទៅចូលក្លឹបផឹកស៊ីរាំលេងនៅក្នុងក្លឹប រីវឡាញ។ រហូតមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីរាំលេងចប់ ពួកគក៏នាំគ្នាជិះម៉ូតូត្រលប់មកផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ឬផ្លូវ២១៧ ហើយបានបត់មកផ្លូវវេងស្រេង ដោយក្នុងល្បឿនលឿន។ ដោយសារតែផ្លូវនៅចំណុចកើតហេតុខាងលើ មានស្ថានភាពកោង ហើយ មិនបន្ថយល្បឿន ទើបបត់ចង្កូតតាមផ្លូវមិនទាន់ ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យផ្លោងមនុស្សបោកក្បាលទៅនឹង បង្គោលស្លាកប៉ាន់ណូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធ័ម៕