ខេត្តពោធិ៍សាត់ ៖ បុរសប្រមឹកម្នាក់តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងតែងបញ្ចោញចរិតកោងកាចឃោរឃៅ ដេញវាយប្រពន្ធកូនឱ្យចុះចេញពីផ្ទះ រហូតប្រពន្ធកូនទ្រាំលែងបាន ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់។

ករណីប្រពន្ធទ្រាំនឹងទង្វើឃោរឃៅរបស់ប្តីប្រមឹកលែងបាន ប្តឹងប៉ូលិសឱ្យចាប់ប្តីកំណាចនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។

បុរសប្រមឹក ដែលវ៉ៃបណ្តេញប្រពន្ធកូនចេញពីផ្ទះ មានឈ្មោះសាត ឡន អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ តែងដើរផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះប៉ិល នួន អាយុ៤៣ឆ្នាំ មុខរបរកសិករ។ ក្រុមគ្រួសារមួយនេះមានកូនក្នុងបន្ទុកចំនួន៣នាក់ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ម្នាក់នេះ មួយថ្ងៃៗ មិនដែលចេះជួយធ្វើការងារ ឬរកស៊ីចិញ្ចឹមប្រពន្ធកូននោះទេ បើភ្នែកឡើងឃើញឱបតែដបស្រា ស្រវឹងអួទីនួរាល់ថ្ងៃ ហើយនៅពេលស្រវឹងជោកជាំម្តងៗ ប្តីកំណាចរូបនេះតែងអុកឡុកពេញផ្ទះ វាយបំផ្លាញទ្រព្យរបស់ខ្ទេចខ្ទីគ្មានសល់ និងចេះតែរករឿងវាយដំ បណ្តេញគាត់ជាប្រពន្ធ រួមនឹងកូនៗឱ្យចុះចេញពីផ្ទះ ធ្វើឱ្យជីវិតគាត់រស់នៅក្នុងភាពភ័យខ្លាច មួយថ្ងៃៗ ពេលឃើញប្តីស្រវឹង តែនាំកូនជញ្ជូនចៅរត់គេចមុខប្តី ទៅសម្ងំលាក់ខ្លួនពួនអាត្មានៅផ្ទះអ្នកជិតខាង ព្រោះតែខ្លាចប្តីវាយដំធ្វើបាប។

ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា ដោយសារតែទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់ប្តីតទៅទៀតលែងបាន គាត់ក៏សម្រេចទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ចាប់ជនសង្ស័យជាប្តីនាំយកទៅចាត់ការតាមច្បាប់តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធរួចមក សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕