ខេត្តកណ្តាល ៖ រថយន្តកូរ៉េដឹកកម្មករមួយគ្រឿង មានផ្ទុកកម្មករប្រមាណ៦០នាក់ បើកបរក្នុងល្បឿនលឿន និងបានវ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឱ្យរេចង្កូតក្រឡាប់ចាក់កម្មករចោលទៅលើផ្លូវ បង្កឱ្យរងរបួសរដូករណែលពេញដងផ្លូវ ក្នុងនោះមានអ្នករងរបួសធ្ងន់ ចំនួន១៧នាក់ និងរងរបួសស្រាលចំនួន៣៤នាក់។
ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣៥-៣៦ នៅម្តុំផ្សារកា ស្ថិតក្នុងភូមិតាម៉ូវ ឃុំត្បែង ស្រុកកណ្តាលស្ទឹង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-2203 ដឹកកម្មកររោងចក្រប្រមាណជាង៦០នាក់ ឆ្ពោះទៅរោងចក្រនៅឯរាជធានីភ្នំពេញ។ លុះបើកមកដល់ចំណុចកើត ហេតុខាងលើ អ្នកបើកបរបានព្យាយាមបន្ថែមល្បឿនវ៉ាជែងរថយន្តមួយគ្រឿងទៀត ដែលបើកនៅពីខាងមុខ តែវ៉ាមិនផុត ទើបបួងចង្កូតខ្លាំងពេក ក៏ជ្រុលធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យកម្មករជិះលើរថយន្តរងរបួសធ្ងន់ចំនួន១៧នាក់ និងរងរបួសស្រាលចំនួន៣៤នាក់។
តាមប្រភពព័ត៌មានពីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រោយទទួលបាន ព័ត៌មានស្តីពីគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករខាងលើនេះភ្លាម មន្ត្រី ប.ស.ស សាខាខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះ ទៅសម្របសម្រួល និងដឹកបញ្ជូនជនរងគ្រោះទៅពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាល។
ក្នុងនោះ ជនរងគ្រោះចំនួន២៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពត្រាំខ្នា ចំណែក២១នាក់ផ្សេងទៀត បានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដោយឡែកម្នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺមូលមិត្តដើមរការ។ រាល់ សេវាថ្លៃដឹកជញ្ជូនជនរងគ្រោះ ថ្លៃសេវាពិនិត្យ និងព្យាបាលរហូតដល់ជាសះស្បើយ ជាបន្ទុកទាំងស្រុងរបស់បេឡាជាតិរបបសន្តិសុខសង្គម៕