ខេត្តកំពត ៖ យុវតីរូបស្រស់ម្នាក់ ព្រោះតែតូចចិត្តតូចថ្លើមនឹងរឿងឪពុកស្តីបន្ទោសតិចតួច ក៏ស្រាប់តែបែកគំនិត ឆ្លៀតពេលចេញទៅសាលា រត់ចោលផ្ទះបាត់ដោយគ្មានដំណឹង ធ្វើឱ្យឪពុកម្តាយកំពុងព្រួយបារម្ភ តាមស្វែងរកសព្វកន្លែងអស់រយៈពេល៥ថ្ងៃទៅហើយ នៅតែមិនទាន់មានដំណឹងនៅឡើយ។
យុវតីដែលចុះចោលផ្ទះបាត់ដោយគ្មានដំណឹង មានឈ្មោះផល សៀវហេង អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិព្រៃឃ្មុំ ឃុំដូនយ៉យ ស្រុកឈូក។ យុវតីបានចុះចេញពីផ្ទះ តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។
តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួន បានរៀបរាប់ប្រា់ប់ថា នៅមុនពេលកើតហេតុ ឪពុករបស់យុវតីខាងលើ បានស្តីបន្ទោសឱ្យកូនស្រីរូបនេះបន្តិចបន្តួច តែមិនបញ្ជាក់ថា ស្តីបន្ទោសពីរឿងអ្វីនោះទេ។ លុះឪពុកស្តីបន្ទោសរួច កូនស្រីក៏មិនមាត់កអ្វីដែរ និងមិនបានបញ្ចោញចរិត ឬកាយណាមួយ គួរឱ្យកត់សម្គាល់ឡើយ ដោយបានត្រឹមចូលទៅក្នុងបន្ទប់បិទទ្វារសម្ងំដេកប៉ុណ្ណោះ។ លុះមកដល់ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ យុវតីរូបនេះក៏បានដើរចេញពីផ្ទះ ចំណែកឪពុកម្តាយបងប្អូនក៏មិនបានចាប់អារម្មណ៍អ្វីដែរ ស្រាប់តែក្រោយមកមិនឃើញកូនស្រី ត្រឡប់មកវិញ ទើបកើតមានការផ្អើលឆោឡោចែកផ្លូវគ្នាតាមរក ប៉ុន្តែយឺតពេលទៅហើយ មិនដឹងថា កូនស្រីរូបនេះបានចេញទៅដល់ណា ជាមួយអ្នកណាបាត់ទៅហើយនោះទេ។
ក្រុមគ្រួសារយុវតីខាងលើ បានបញ្ជាក់ថា ក្រោយបាត់ខ្លួនកូនស្រីភ្លាមៗ ក្រុមគ្រួសារបានចែកផ្លូវគ្នាតាមស្វែងរកសព្វកន្លែង តែមិនទទួលបានដំណឹងអ្វីសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ខ្លាចកូនស្រីចាញ់ល្បិចរបស់មនុស្សខិលខូច ឬត្រូវគេធ្វើបាបដោយប្រការណាមួយ។ ប៉ុន្តែប្រសិនបើក្នុងករណីកូនស្រីតូចចិត្ត នឹងរឿងឪពុកស្តីបន្ទោសនោះ គួរត្រឡប់មកផ្ទះវិញ ព្រោះឪពុកម្តាយគ្រាន់តែស្តីប្រដៅកូន ដើម្បីឱ្យដើរផ្លូវល្អប៉ុណ្ណោះ មិនមែនជាការស្អប់ខឹង ឬចងគំនុំជាមួយកូននោះឡើយ។
ក្រុមគ្រួសារនារីរងគ្រោះខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាន ប្រទះឃើញនារីវ័យក្មេងដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទ លេខ ០១២ ២៣ ១០ ១០ និង ០៨៧ ២៣ ២៣ ២៣៕
