ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបយួរពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ដេញតាមឃាត់ខ្លួនបាន ចំណែកបក្ខពួក៤នាក់ទៀតរត់គេចខ្លួនបាត់អស់ ដោយយកកាបូបនារីរងគ្រោះទៅជាមួយផង។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខមជ្ឃមណ្ឌលទួលគោក ដែលមានទីតាំងដីឡូត៍លេខ៥២ ផ្លូវលេខ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពពីលោកខាត់ ខុនទិត្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកក់ទី២ បានឱ្យដឹងថា ជនសង្ស័យឈ្មោះខាំឡ ខាំរី ហៅខាំរី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែង ពីបទឆក់កាបូបយួរដៃ បណ្តាលឱ្យជនរងគ្រោះ ដួលម៉ូតូ រងរបួសយ៉ាងដំណំ។ ចំណែកវត្ថុតាងចាប់យក មានម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ស៊េរី ២០១៤ ឡើងតែម២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FT-0822 (ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព)។ រីឯជនរងគ្រោះឈ្មោះស៊ុំ សម្ផស្ស ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនលក់ថ្នាំពេទ្យ (UAS) ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់មានកាបូបយួរដៃមួយ ពណ៌ខ្មៅ ក្នុងនោះ មានឡេបថប មួយគ្រឿង ម៉ាក LENOVO, ទូរស័ព្ទដៃមួយគ្រឿង ម៉ាក ONE Plus, លុយចំនួន២៥០$, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មួយសន្លឹក, កាត ATM មួយ និងកាតធានារ៉ាប់រងមួយ។

បច្ចុប្បន្នជនសង្ស័យឈ្មោះខាំឡ ខាំរី ហៅខាំរី ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី និងបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់គុកម្តងហើយ ពីបទចោរកម្ម លុះចេញពីគុកមិនរាងចាល ចូលគុកវិញ៕
