ខេត្តប៉ៃលិន ៖ បុរសម្នាក់ស្ពាយឧបករណ៍ឆក់ដើរឆក់ត្រី បំណងយកមកលក់ គ្រាន់បានប្រាក់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ និងទុកធ្វើម្ហូបខ្លះ តែអកុសល បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេប្រទះឃើញសព កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចទឹកបឹងតូចមួយ ចម្ងាយប្រហែល៥០០ម៉ែត្រ ពីភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះដែលទៅឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់នេះ មានឈ្មោះសុខ សឿត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ជនរងគ្រោះបានស្ពាយឧករណ៍ឆក់ ដើរទៅឆក់ត្រីនៅបឹងខាងក្រោយភូមិដូចសព្វមួយដង ដើម្បីរកត្រីមកលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ និងទុកធ្វើម្ហូបខ្លះ។ លុះពេលជនរងគ្រោះទៅឆក់ត្រី ស្រាប់តែបាត់ខ្លួនរហូត ទោះជាក្រុមគ្រួសារចេះតែឆ្ងល់អត់ឃើញមកផ្ទះ ហើយក៏បាននាំគ្នាទន្ទឹងមើលផ្លូវ និងដើររកដែរតែរកមិនឃើញ។

លុះនៅរសៀលថ្ងៃទី០៨ ខែកក្កដា ត្រូវបានប្រទះឃើញដេកស្លាប់នៅមាត់បឹងនោះ ដោយជាប់ជាមួយនឹងឧបករណ៍ឆក់ត្រី ក៏រត់មកប្រាក់ក្រុមគ្រួសារ ហើយពេលក្រុមគ្រួសារទៅមើល ពិតជាសពជនរងគ្រោះមែន ធ្វើឱ្យមានការរន្ធត់ចិត្ត យំក្តុកក្តួលជាពន់ពេក និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ មានករណីមនុស្សស្លាប់មក សមត្ថកិច្ចបានចុះទៅពិនិត្យសព និងបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន មិនមានជាប់ពាក់ព័ន្ធករណីឃាតកម្មទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះអាចទាក់ខ្សែភ្លើង ឬដែកប៉ះទៅនឹងសំណើម បណ្តាលឱ្យឆក់ស្លាប់យ៉ាងដូច្នេះ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពឱ្យ្រក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕