Thursday, October 30, 2025
Homeព័ត៌មានជាតិតាមទាន់ហើយ នៅក្នុងផ្ទះសំណាក់ "ច័ន្ទរះ"

តាមទាន់ហើយ នៅក្នុងផ្ទះសំណាក់ “ច័ន្ទរះ”

ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី07 ខែកក្កដា ឆ្នាំ2018 សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឆ្មក់ចូលក្នុងផ្ទះសំណាក់ (ចន្ទរះ) បង្ក្រាបអ្នកញៀនល្បែងមួយក្រុម ដែលយកទីតាំងនេះធ្វើជាកន្លែងលេងល្បែងយ៉ាងអនាធិបតេយ្យ រាប់ឆ្នាំ តែក៏ត្រូវបានបង្ក្រាប និងបង្ហាញមុខក្រុមអ្នកញៀនល្បែងស៊ីសងល្មើសទាំងនេះ។

ប្រភពពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីបង្ក្រាបក្រុមញៀនល្បែងនេះ មានមនុស្សច្រើនណាស់ ក៏ប៉ុន្តែបានរត់គេចខ្លួនអស់ ហើយកម្លាំងនគរបាលបានឃាត់បានមនុស្ស ចំនួន4នាក់ ទី1-ឈ្មោះចាន់ សីហា អាយុ 31ឆ្នាំ ជាម្ចាស់ផ្ទះរស់នៅភូមិត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី2-ឈ្មោះឈាង ស៊្រឺ អាយុ54ឆ្នាំ ជាអ្នកលេង ទី3-ឈ្មោះរិន ចាន់តារា អាយុ25ឆ្នាំ អ្នកលេង និងទី4-ឈ្មោះ មួង ចាន់ថន អាយុ38ឆ្នាំ ជាអ្នកលេង។

ប្រភពដដែលបន្ថែមថា នៅផ្ទះសំណាក់ខាងលើនោះ មានមនុស្សពពាក់ពពូនលេងល្បែងរាល់ថ្ងៃ និងមានការប្រមូលផ្តុំលេងយ៉ាងធំៗរាល់ថ្ងៃ ព្រមទាំងមានការលាក់បាំងពីសមត្ថកិច្ចផងដែរ ។

លោកស្នងការបញ្ជាក់ទៀតថា ក្រោយបែកការដឹងថា សមត្ថកិច្ចចុះបង្ក្រាប ក្រុមអ្នកលេងល្បែងបានរត់ និងគេចខ្លួនបាត់អស់ តែកម្លាំងបានដកហូតបានម៉ូតូ ចំនួន10គ្រឿង មេអាប៉ោង បៀរ កម្រាលលេង ស្បែងជើងជាច្រើនគូ ដែលបញ្ជាក់បានថា មានមនុស្សលួចលេងជាច្រើននាក់ ក្នុងមួយថ្ងៃៗ។ ពេលនេះកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត ។

នៅរសៀលថ្ងៃទី08 កក្កដា 2018ដែរ ក្រោយការបង្ក្រាបហើយ មានប្រភពក្រៅផ្លូវការមួយបានបង្ហើបថា មានអ្នករត់ការខ្វែងខ្វាត់ ដើម្បីអន្តរាគមន៍សុំដោះជនសង្ស័យឱ្យបាននៅក្រៅឃុំផងដែរ តែត្រូវបានលោកស្នងការ បដិសេធ ។

គួរបញ្ជាក់ថា ល្បែងស៊ីសងនេះគ្មានអ្វីក្រៅពីបៀអាប៉ោងនោះទេ ព្រោះសព្វថ្ងៃបើលេងតាមព្រៃ ឬក្រោមដើមឈើ ប៉ូលិសព័ន្ធចាប់បាន តែបើលេងក្នុងផ្ទះសំណាក់ដាក់ខែឱ្យប៉ូលិស មិនសូវអីទេ តែបើភ្លេចដាក់ខែ ច្បាស់ជាប៉ូលិសឆ្មក់ចាប់បានមិនខាន៕

RELATED ARTICLES