Monday, January 20, 2025
Homeសង្គម និងជីវិតកូនស្រីដុះសាច់បំពង់ក ព្យាបាលមិនជា ផ្តាំលាម៉ែ

កូនស្រីដុះសាច់បំពង់ក ព្យាបាលមិនជា ផ្តាំលាម៉ែ

ភ្នំពេញ ៖ ជារឿងដ៏រន្ធត់ចិត្តមួយសម្រាប់យុវតីរូបនេះ ដែលជួបនឹងវាសនាអភ័ព្វតាំងពីទើបចាប់កំណើតបាន៧ខែ ក៏ត្រូវឪពុកចុះចោល ទុកឱ្យរស់នៅកណ្តោចកណ្តែងតទល់២នាក់ម្តាយ រស់ទាំងត្រដាបត្រដួស និងត្រូវពុះពារឧបសគ្គរាប់មិនអស់ ទម្រាំបានឈានជើងចូលរៀនមហា វិទ្យាល័យ តែអកុសលអ្វី រៀនបានត្រឹមឆ្នាំទី៣ ក៏ចាប់ផ្តើមកើតមានជំងឺចម្លែក (ដុះសាច់បំពង់កដំណាក់កាលធ្ងន់ធ្ងរ) មិនអាចព្យាបាលបាន លុះដឹងខ្លួនថាស្ថានភាពជំងឺអស់សង្ឃឹម ក៏ប្រឹងផ្តាំផ្ញើលាម្តាយជាទីគោរពស្រលាញ់របស់ខ្លួន ទាំងមិនដាច់អាល័យ។

យុវតីអភ័ព្វខាងលើ មានឈ្មោះឆេង ឌីណា ហៅវាសនា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកគីមីវីទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (វេនយប់) និងមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ យុវតីរូបនេះ ជាកូនទោលក្នុងគ្រួសារ សព្វថ្ងៃរស់នៅតែ២នាក់ម្តាយប៉ុណ្ណោះ (ឪពុកចុះ ចោល តាំងពីអាយុ៧ខែ)។

តាមប្រភពពីសាច់ញាតិរបស់យុវតីអភ័ព្វ ឆេង ឌីណា បានបញ្ជាក់ឱ្យដឹងថា កញ្ញា ឆេង ឌីណា ហៅវាសនា បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងវ័យ២២ឆ្នាំ ដោយសារកើតមានជំងឺដុះសាច់ បំពង់កធ្ងន់ធ្ងរ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chnabol love Raksa កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បានបង្ហោះសារមួយ ដែលបង្ហាញពីទឹកចិត្ត និងសម្តីចុងក្រោយរបស់យុវតីអភ័ព្វ ឆេង ឌីណា មុនលាចាកលោក និងចាកចោលមនុស្សជាទីស្រលាញ់ជុំវិញខ្លួន។

ពាក្យសម្តីចុងក្រោយរបស់យុវតិ ឆេង ឌីណា បានរៀបរាប់ថា “១១-០៧-១៨ ម៉ោង១៉៥០ព្រឹក ថែម៉ាក់ខ្ញុំផង!!! ពេលនេះកូន បានលាម៉ាក់ជាទីស្រលាញ់របស់កូនឆ្ងាយហើយ ឆ្ងាយឥតត្រឡប់មកវិញឡើយ អោយកូនសូមទោសម៉ាក់ផង ដែលកូនមិនទាន់បានតបស្នងសងគុណម៉ាក់។ មិនត្រឹមតែមិនទាន់បានសងគុណម៉ាក់ទេ កូនថែមទាំងបានធ្វើឱ្យម៉ាក់ស្រក់ទឹកភ្នែកឥតស្រាកស្រាន្ត អំឡុងពេលបង្កើតកូន និងជីវិតចុងក្រោយរបស់កូន។ កូនដឹងថាម៉ាក់ហត់នឿយ ឈឺចុកចាប់ ព្រោះម៉ាក់បានបាត់បង់កូនម្នាក់នេះ ព្រោះកូនដឹងថាម៉ាក់ស្រលាញ់កូនណាស់ កូនដឹងថាម៉ាក់ ប៉ុន្មានថ្ងៃនេះបាយមិនបាន សម្រាន្តមិនលក់ ម៉ាក់យំ ម៉ាក់ភ័យ ម៉ាក់អាណិតកូន ពេលខ្លះម៉ាក់ញាំបាយលាយទឹកភ្នែក ញាំមិនឆ្អែត ម៉ាក់មាន តែកូនមួយមិនដឹងប្រើអ្នកណា ដូចនេះម៉ាក់ត្រូវពេទ្យហៅឱ្យបង់លុយ ម៉ាក់រត់ទៅទិញថ្នាំឱ្យកូន ម៉ាក់ជូតខ្លួនឱ្យកូន ប្តូរខោអាវឱ្យកូន ម៉ាក់ត្រូវអង្គុយនៅចាំមើលអេក្រង់គ្រប់គ្រងលើរាងកាយកូនគ្រប់ពេល ព្រោះខ្លាចមានបញ្ហាអ្វីមួយកើតឡើងលើរូបកូន ពេលជំងឺកូនរើឡើងម្តងៗម៉ាក់ភ័យ យំ ហៅគ្រូពេទ្យឱ្យមកមើលកូន ម៉ាក់ម្តងយំ-ម្តងសើច ស្ទើរតែក្លាយជាមនុស្សម្នាក់ថ្មីមួយទៀត កូនអាណិតម៉ាក់ណាស់ នេះហើយជីវិតកូន ទោល។ កូនដឹងថា ទឹកចិត្តរបស់ម៉ាក់បើអាចឈឺជំនួសកូនបាន ម៉ាក់សុខចិត្តដើម្បីកូន។ ចំណែកផ្លូវងងឹតគ្រូហ្មថា កូនខុសនេះខុសនោះ ត្រូវរៀបចំឱ្យគេ ម៉ាក់មិនត្អូញត្អែរថាហត់ឡើយ ម៉ាក់បានជិះឡានតាក់ស៊ីមកផ្ទះភ្លាមៗ (កំពង់ឆ្នាំង) ដើម្បីរៀបចំកម្មវិធី ចប់សព្វគ្រប់ម៉ាក់ចេញឡានទៅវិញ ទាំងយប់ដោយក្តីបារម្មណ៍ជាប់នឹងកូនជានិច្ច។ នេះជាការលះបង់ខ្ពស់ណាស់ ដែលកូនបានដឹងតាមអារម្មណ៍របស់កូន កូនអាណិតម៉ាក់ណាស់ កូនបានតែសម្រក់ទឹកភ្នែកពេលឃើញមុខម៉ាក់។ គ្រាន់តែលោកដុកទ័រប្រាប់ថាកូនអស់សង្ឃឹម ម៉ាក់មិនហ៊ានចូលទៅមើលមុខកូនទៀតទេ ម៉ាក់អង្គុយ យំពេញមួយរាត្រីនៅខាងក្រៅ ដោយក្តីឈឺចាប់បំផុត ព្រោះម៉ាក់ដឹងថា ដង្ហើមចុងក្រោយរបស់កូននឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗនេះ។

ម៉ាក់អើយ-អើយម៉ាក់ កូនពិតជាសូមទោសម៉ាក់ដែលកូនកើតមកធ្វើជាកូនម៉ាក់បានត្រឹម២២ឆ្នាំនេះ។ ថ្វីត្បិតតែរយៈពេលវាខ្លីមែនក៏កូន និងម៉ាក់បានសាងនូវអនុស្សាវរីយជាច្រើនទាំងការលំបាកទាំងស្រួល ព្រោះតែជីវភាពយើងក្រលំបាក កូនធ្លាប់ដើរលក់នំជាមួយម៉ាក់ កាលកូននៅតូចរហូតដល់កូនបានធំ ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់អាហារ និងចំណាយលើការសិក្សា រហូតដល់កូនប្រឡងជាប់ថ្នាក់ទី១២ និងបន្តឱ្យកូនទៅ រៀនបន្តនៅមហាវិទ្យាល័យ។ ពេលម៉ាក់រួយដៃជើង កូនជួយច្របាច់ឱ្យម៉ាក់បានស្រួល តែពេលនេះមិនដឹងថា តើម៉ាក់បានអ្នកណាជួយច្របាច់ជើងឱ្យម៉ាក់ទៀតទេ។ ពេលញាំបាយយើងមានគ្នាពីរនាក់ ពេលធ្វើកិច្ចការអ្វីមួយម៉ាក់សួរកូន កូនសួរម៉ាក់ ទៅផ្សារ ទៅកន្លែងផ្សេងៗ ទៅវត្តខែបុណ្យទានធំម្តងៗ មានម៉ាក់មានកូន ចុះពេលនេះតើមានអ្នកណានៅជាមួយម៉ាក់ទៀត។ ផ្ទះដែលទើបជួសជុលថ្មីនោះ ម៉ាក់ថាធ្វើទុកឱ្យកូននៅ តែធ្វើមិនទាន់រួចរាល់១០០ភាគរយទេ ព្រោះខ្វះប្រាក់ ពេលនេះកូនមិនបានឡើងទៅរស់នៅជាមួយម៉ាក់ទេ ពេលផ្ទះនេះធ្វើរួចរាល់។ កុំឃើញផ្ទះខ្ពស់ថា ខ្ញុំមាន មានតែសំបកផ្ទះទេ ព្រោះត្រូវដីមួយកូនអំពកក៏ឆ្លៀតកែកុនឱ្យល្អទៅ។ គិតទៅជីវិតរបស់កូននិងម៉ាក់វេទនាតាំងពីកូនកើតមកបាន៧ខែ ត្រូវប៉ាចាកចេញពីយើងដោយគ្មានការទទួលខុសត្រូវ រហូតដល់ដង្ហើមចុងក្រោយទើបឃើញវត្តមានរបស់គាត់មកសួរសុខទុក្ខកូន តែវាគ្មានន័យ និងតម្លៃអ្វីសម្រាប់ពួកយើងឡើយ។

កូនក៏សូមអរគុណដល់ប៉ាអ៊ុំ (អ៊ុំម៉ន) ម៉ាក់អ៊ុំ (អ៊ុំថា) ដែលបានជួយបីបាច់ថែរក្សាកូនពីតូច និងមួយរយៈចុងក្រោយនេះឃើញថា ហត់ ខ្លាំងណាស់ មកផ្លាស់ប្តូរវេនគ្នាទាំងគ្រួសារ ដើម្បីជួយមើលថែទាំកូន ពេលកូនឈឺកន្លងមក រហូតដល់ដង្ហើមចុងក្រោយ។ សូមអរគុណដល់បងប្អូន ជីដូនមួយទាំងអស់គ្នាផង ខ្ញុំលាហើយណា។ ហើយជម្រាបលា យាយតា អ៊ុំពូមាមីង បងប្រុសបងស្រី ប្អូនប្រុសប្អូនស្រី ក្មួយ ញាតិមិត្តភូមិផងរបង ជិតឆ្ងាយទាំងអស់ ខ្ញុំជម្រាបលាហើយ អរគុណដែលបានផ្តល់កំលាំងចិត្ត និងជូនពរដល់ខ្ញុំ សូមជួយមើលម៉ាក់ខ្ញុំផង មិនដឹងពេលនេះគាត់ធ្លាក់ក្នុង ស្ថានភាពយ៉ាងណានោះទេ។ ម៉ាក់ខ្ញុំគាត់គិតថា ពេលគាត់ចាស់ទៅ គាត់នៅមានខ្ញុំមើលថែទាំគាត់ ចិញ្ចឹមគាត់ តែពេលនេះបែរជាគាត់ជូនដំណើរខ្ញុំទៅវិញ។ បើគាត់ខ្វះខាតអ្វី ជួយគាត់ផង ពិសេសញាតិជិតខាងដែលតែងតែយកអាសារគាត់។ ខ្ញុំដឹងថាពេលម៉ាក់អត់អីញ៉ាំ មានការខ្វះខាត គឺម៉ាក់មានអ្នកជិតខាងហៅឱ្យញ៉ាំបាយ លើកទឹកចិត្ត ផ្តល់គំនិតយោបល់ផ្សេងៗ គាត់ចិត្តល្អណាស់ ហើយខ្ញុំមិនដែលភ្លេចពួកគាត់នោះទេ។ និងជម្រាបលាផងដែរ ដល់ថ្នាក់គ្រប់គ្រងបុគ្គលិកគ្រួសាររីករាយ (ក្រេប៉ូ) ពិសេសមិត្តរួមការងារ និងបុគ្គលិកសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ មិត្តនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងអស់ អតីតមិត្តវិទ្យាល័យ មិត្តភក្តិជាទីស្រលាញ់ ខ្ញុំលាហើយ លាឥតត្រឡប់ឡើយ ខ្ញុំមិនចង់លាអ្នក គ្រប់គ្នាទេ ខ្ញុំចង់រៀនឱ្យចប់ ខ្ញុំនៅចង់ធ្វើការងារ ខ្ញុំចង់ជួបមុខអ្នករាល់គ្នានិយាយលេង ខ្ញុំចង់ដើរលេងរួមជាមួយមិត្តទាំងអស់គ្នា ខ្ញុំនៅចង់ស្លៀក ឯកសណ្ឋាននិស្សិតដូចមិត្តទាំងអស់គ្នាដែរ ខ្ញុំចង់នៅថតទទួលបរិញ្ញាបត្រ ពាក់អាវទទួលសញ្ញាបត្រជាមួយមិត្ត យកចំណេះជំនាញផ្នែកគីមីចូលរួម ជួយសង្គមរបស់យើង តែ… រឿងកន្លងទៅ បើមានអ្វីខុសឆ្គងជាមួយគ្នាឱ្យខ្ញុំសូមអភ័យទោសផង។ ហើយសូមអរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លា របស់លោកគ្រូ-អ្នកគ្រូ បងៗ មិត្តនិស្សិត មិត្តរួមការងារតូចធំ មិត្តសម្លាញ់ទាំងអស់ ចំពោះថវិកា កំលាំងចិត្ត សារជូនពរ ការមកសួរសុខទុក្ខ ការចំណាយពេលវេលាដើម្បីខ្វះខ្វែងរកជំនួយមកជួយសង្គ្រោះជីវិតរបស់ខ្ញុំដោយក្តីសង្ឃឹម ដើម្បីជួយសម្រាលទុក្ខមួយផ្នែកដល់ម៉ាក់របស់នាងខ្ញុំ តែថវិកានេះ បែជាប្រែក្លាយទៅជាថវិការបុណ្យសពនាងខ្ញុំទៅវិញ។

ជាអវសាន្ត សូមជូនពរម៉ាក់មានសុខភាពល្អ យាយតាអ៊ុំពូមាមីងបងប្រុសស្រី លោកគ្រូ-អ្នកគ្រូទាំង២ស្ថាប័ន មិត្តនិស្សិត មិត្តរួមការងារ មិត្តជាទីស្រលាញ់ទាំងអស់ សូមមានអាយុវែង សុខភាពល្អ សំណាងល្អ គ្រប់ៗគ្នា។ ជម្រាបលា… ជួយមើលម្តាយជំនួសខ្ញុំផង… លាហើយ លាលុះ អវសាន…”។

RELATED ARTICLES