ភ្នំពេញ ៖ បុរសជាកម្មករសំណង់២នាក់ ឆ្លៀតពេលសម្រាកពីការងារ ក៏នាំគ្នាទិញស្រាថ្នាំមកអង្គុយផឹកបណ្តើរ ជជែកគ្នាលេងបណ្តើរ រហូតដល់ស្រវឹងស្រឿងៗ ក៏ចាប់ផ្តើមក្លែមសម្តីដាក់គ្នា រហូតផ្ទុះជាជំលោះតឹងសរសៃក និងត្រូវភាគីម្ខាងទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញបំពង់ទីប វាយសំពងគូទំនាស បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់។
ករណីផឹកស៊ីក្លែមសម្តីផ្ទុះជាអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចវង់ផឹកស៊ីមួយកន្លែង ស្ថិតក្នុងការដ្ឋានសំណង់ផ្ទះល្វែង តាមផ្លូវបេតុង ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។
ជនរងគ្រោះដែលត្រូវគូទំនាស់វាយនឹងបំពង់ទីបបណ្តាលឱ្យរយះក្បាល មានឈ្មោះសារី គម អាយុ២៩ឆ្នាំ មុខរបរជាងលាបថ្នាំ ស្នាក់នៅការដ្ឋានសំណំង់ផ្ទះល្វែងខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះអោក ស៊ីក្លូ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋាន សំណង់ជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រោយពេលចប់ម៉ោងការងារ គេឃើញជនរងគ្រោះ និងជនដៃដល់ បាននាំគ្នាទៅទិញស្រាថ្នាំយកមកផឹកស៊ីនៅក្នុងការដ្ឋានសំណង់ដែលខ្លួនធ្វើការ។ លុះបន្ទាប់ពីផឹកស្រវឹងស្រឿងៗរៀងខ្លួន អ្នកទាំង២ ក៏ចាប់ផ្តើម ក្លែមសម្តីដាក់គ្នាទៅវិញទៅមក រហូតកើតជាជំលោះតឹងសរសៃក ហើយភ្លាមនោះ ជនដៃដល់ឈ្មោះអោក ស៊ីក្លូ ក៏ស្ទុះទៅទាញបំពង់ទីបជ្រុង មកវាយសំពងចំក្បាលជនរងគ្រោះ បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួន រងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅចាត់ការបន្តតាមនីតិវិធី៕