ភ្នំពេញ ៖ គូស្នេហ៍មួយគូ មិនដឹងជាទើបនឹងចេញពីកម្មវិធីផឹកស៊ីនៅឯណា ស្ថិតក្នុងស្ថានភាពស្រវឹងស្រឿងៗដូចគ្នា ក៏ជិះម៉ូតូដឹកគ្នាមកឈប់លើស្ពានជ្រោយចង្វារ រួចទាស់សម្តីតឹងសរសៃកដាក់គ្នា រហូតផ្អើលដល់អ្នកដំណើរចោមរោមមើលជិតកន្លះម៉ោង នៅតែមិនត្រូវគ្នា ស្រាប់តែខាងស្រីផ្ទុះកំហឹង ក៏ស្ទុះទៅតោងបង្កាន់ដៃស្ពានប្រុងលោតទឹកសម្លាប់ខ្លួន តែសំណាងល្អត្រូវខាងប្រុសស្ទុះចាប់ដៃជាប់ រួចក៏ចាប់បីដាក់ម៉ូតូ បើកចេញទៅវិញបាត់ទៅ។
ហេតុការណ៍គូស្នេហ៍ផ្ទុះជំលោះកណ្តាលរាត្រី រហូតខាងស្រីក្តៅចិត្តប្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវខាងប្រុសឃាត់ទាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានជ្រោយ ចង្វារថ្មី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
គូស្នេហ៍ដែលឈប់ម៉ូតូឈ្លោះប្រកែកគ្នានៅលើស្ពានជ្រោយចង្វារខាងលើនេះ មិនមានអ្នកស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យជាង២០ឆ្នាំ ដោយខាងស្រីស្លៀកសំពត់វែងពណ៌ត្រាវ និងពាក់អាវយឺតដៃវែង បង្កង់ពណ៌សលាយខ្មៅ ចំណែកខាងប្រុសស្លៀកខោជើងវែងពណ៌គគីរ និងពាក់អាវដៃវែងពណ៌ស។ គូស្នេហ៍ទាំងពីរ ជិះម៉ូតូ១គ្រឿងម៉ាក ស្មាសវី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1O-5402 និងមើលទៅស្ថិតក្នុងស្ថានភាពស្រវឹងរៀងខ្លួន។
តាមប្រភពពីសាក្សីដែលប្រទះឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍ខាងលើ បានជិះម៉ូតូម៉ាកស្មាសវី ពណ៌ស ដឹកគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង មិនដឹងថាទើបនឹងចេញមកពីកម្មវិធីផឹកស៊ីនៅកន្លែងណានោះទេ ស្ថិតក្នុងស្ថានភាពស្រវឹងដូចគ្នា បានឈ្លោះគ្នានៅលើម៉ូតូតាមផ្លូវរហូត។ លុះពេលដឹកគ្នាមកដល់ចំណុចលើស្ពានជ្រោយចង្វារថ្មី ក៏ស្រាប់តែឈប់ម៉ូតូឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាទៀត តែមិនមានអ្នកណាម្នាក់ដឹងថាអ្នកទាំង២មានទំនាស់ពីរឿងអ្វីនោះទេ៕