ភ្នំពេញ ៖ បុរសជាប្តីហេងស៊យម្នាក់នេះ មានប្រពន្ធនិងមានកូនដល់ទៅ២នាក់រួចទៅហើយ បែរជាបែកគំនិតលួចទៅរៀបការជាមួយនឹងស្រីថ្មីសម្ងំសោយសុខធ្វើព្រងើយ លុះបែកធ្លាយរឿង ប្រពន្ធដើមដឹកដៃកូន២ទៅសួររកខុសត្រូវ ស្រាប់តែប្តីហេងស៊យឆ្លើយយ៉ាងរំភើយថា នាងគ្រាន់តែជាស្រីលេងសើច ហេតុនេះមិនចាំបាច់ទទួលខុសត្រូវអ្វីទាំងអស់ ចំណែកអ្នកក្រោយទើបជាប្រពន្ធពិត ដោយសារតែពួកគេបានចុះ អេតាស៊ីវិលនឹងគ្នាត្រឹមត្រូវ ធ្វើឱ្យប្រពន្ធឈឺចាប់រកពាក្យនិយាយមិនចេញ។
ស្ត្រីអភ័ព្វដែលរួមរស់នឹងប្តីរហូតបានកូន២នាក់ បែរជាត្រូវប្តីហេងស៊យលួចទៅរៀបការ សោយសុខជាមួយប្រពន្ធថ្មី ដោយគ្មានការទទួលខុសត្រូវ មានឈ្មោះណន សុម្ភស៍ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ សព្វថ្ងៃរស់នៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកបុរសជាប្តីហេង ស៊យ មានឈ្មោះស៊ុនុ សេងហៀង អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីយោធា (កងកម្លាំងមួកខៀវ) មានស្រុកកំណើតនៅភូមិត្រពាំងស្វាយ ឃុំបល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
នាងណន សុម្ភស៍ បានរៀបរាប់ប្រាប់ថា នាងនិងប្តីហេងស៊យខាងលើ បានស្រលាញ់គ្នាដោយចិត្តនិងចិត្តតាំងពីឆ្នាំ២០០៩មកម៉្លេះ ដោយកាលណោះ នាងនៅធ្វើការរោងចក្រ ចំណែកប្តីនេះ នៅរៀនជួសជុលម៉ាញ៉េ រួចក៏កើតមានទំនាក់ទំនងស្នេហានឹងគ្នា រហូតដល់ត្រូវរ៉ូវរួមរស់នឹងគ្នា ដោយមិនបានរៀបការ ប៉ុន្តែត្រូវបានម្តាយរបស់នាងរៀបចំសែនព្រេនឱ្យបន្តិចបន្តួចដែរ។ បន្ទាប់មក ពួកនាងក៏ទទួលយកគ្នាជាប្តីប្រពន្ធរួមរស់ រហូតបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងនិស្ស័យ ដោយក្នុងនោះកូនស្រីច្បង មានឈ្មោះគីម ហៀងឡេងលី អាយុ៥ឆ្នាំ ចំណែកកូនប្រុសពៅ ឈ្មោះគីម ហៀងរិទ្ធស័ក្តិ អាយុ៣ឆ្នាំ ។
នាងណន សុម្ភស៍ បន្តថា តាមពិតនៅពេលដែលពួកនាងរួមរស់ជាប្តីប្រពន្ធអត់ខាន់ស្លានឹងគ្នា ម្តាយខាងប្តីក៏បានដឹងដែរ តែគាត់មិនព្រមទទួលស្គាល់ដាច់ខាត ដោយមើលងាយថានាង គឺជាស្រីមិនល្អ តោងទាមកូនប្រុសរបស់គាត់ និងចេះតែព្យាយាមតាមបំបែកប្តី ប្រពន្ធនាងរហូត។ ក្រោយមក ពួកនាងមានកូន២នាក់ជាមួយគ្នា នឹកស្មានថាម្តាយក្មេកទន់ចិត្តនឹកឃើញអាណិតដល់ចៅតូចៗ តែផ្ទុយទៅវិញ ទោះជាគាត់បានឃើញមុខចៅប្រុសស្រីទាំង២នាក់ហើយ ក៏គាត់នៅតែបដិសេធមិនព្រមទទួលស្គាល់ថាជាចៅរបស់គាត់ដែរ រហូតដល់ធ្លាប់បោះពាក្យសម្តីដាក់នាងទៀតថា ទោះជាមានកូនជាមួយគ្នា១ឡូត៍ ក៏គាត់នៅតែតាមយកកូនប្រុសរបស់គាត់ទៅរៀបការឱ្យទាល់តែបានដែរ។
នាងសុម្ភស៍ បានឱ្យដឹងទៀតថា ចំណែកប្តីរបស់នាងវិញ ដំបូងឡើយ ស្រលាញ់យកចិត្តទុកដាក់ជាមួយប្រពន្ធកូនណាស់ដែរ តែហាក់ខ្លាចសម្តីម្តាយរបស់គេខ្លាំងណាស់ ហើយនៅរាល់ពេលមានពិធីបុណ្យធំៗម្តងៗ ដូចជាចូលឆ្នាំ ភ្ជុំបិណ្ឌ ប្តីតែងតែចេញទៅលេងស្រុកកំណើត របស់គាត់នៅឯខេត្តកំពង់ធំរហូត ប៉ុន្តែនៅពេលដែលនាងសុំទៅជាមួយ ប្តីហាមឃាត់មិនឱ្យនាងនិងកូនទៅជាមួយដាច់ខាត ដោយសំអាងថា គេមិនចង់ឱ្យម្តាយរបស់គេខឹងនោះទេ រីឯនាងក៏មិនហ៊ានរឹងទទឹងជាមួយប្តីដែរ តែក៏នៅតែមានកូនចិត្តមួយលួចរំពឹងថា គង់មានថ្ងៃណាមួយម្តាយក្មេកទន់ចិត្ត ព្រមទទួលយកនាងជាកូនប្រសា ពិសេសព្រមទទួលស្គាល់ចៅប្រុសស្រីទាំង២នាក់មិនខាន៕