Sunday, March 16, 2025
Homeសង្គម និងជីវិតកម្មកររោងចក្រស្បែកជើងក្នុងស្រុកព្រៃឈរ ដួលសន្លប់ជិត៥០នាក់

កម្មកររោងចក្រស្បែកជើងក្នុងស្រុកព្រៃឈរ ដួលសន្លប់ជិត៥០នាក់

ខេត្តកំពង់ចាម ៖ កម្មករ-កម្មការិនីរោងចក្រដេរស្បែកជើងមួយកន្លែង ក្នុងស្រុកព្រៃឈរ កំពុងបំពេញការងារសុខៗ ក៏ស្រាប់តែកើតមានអាការៈដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់ចំនួន៤៦នាក់ ហើយក្នុងនោះ មាន៥នាក់ ជាស្ត្រីមានផ្ទៃពោះទៀតផង។

ហេតុការណ៍កម្មករ-កម្មការិនីដួលសន្លប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចរោងចក្រដេរស្បែកជើងយីហោ ជូហួយ មានទីតាំងស្ថិតក្នុងភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ។

លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ថា មានបងប្អូនកម្មករ កម្មការិនី នៃរោងចក្រដេរស្បែកជើង ជូហួយ ស្ថិតក្នុងភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៤៦នាក់ បានដួលសន្លប់ ហើយក្នុងនោះ មានស្ត្រីមានផ្ទៃពោះ ចំនួន៥នាក់ផងដែរ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា មូលហេតុមិនទាន់ដឹងនៅឡើយទេ ដោយពេលនេះ លោកបានចាត់ឱ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច មន្ទីរសុខាភិបាល មន្ទីរការងារ និងមន្ទីរបរិស្ថាន ចុះទៅធ្វើការស្រាវជ្រាដើម្បីវាយតម្លៃ ទៅលើមូលហេតុដែលនាំឱ្យមានការដួលសន្លប់នោះ៕

RELATED ARTICLES