Friday, October 31, 2025
Homeព័ត៌មានជាតិបង្គោលភ្លើងលើផ្លូវហាណូយ រថយន្តកុងតឺន័រដឹកទំនញ បើកបុក

បង្គោលភ្លើងលើផ្លូវហាណូយ រថយន្តកុងតឺន័រដឹកទំនញ បើកបុក

ភ្នំពេញ ៖ រថយន្តធុនធំសណ្តោងកុងតឺន័រមួយគ្រឿង បានបើកទៅបុកបង្គោលភ្លើងធំមួយដើម ដែលបន្សល់ទុកចោលនៅចំកណ្តាលទ្រូងផ្លូវ បណ្តាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខស្ទើរតែទាំងស្រុង ចំណែកអ្នកបើកបររងរបួសបន្តិចបន្តួច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

រថយន្តធុនធំសណ្តោងកុងតឺន័រ ដែលបើកបុកបង្គោលភ្លើង ពាក់ស្លាកលេខភ្នំពេញ 3C-7071 ជារបស់ក្រុមហ៊ុនដឹកជញ្ជូន PH PLUS LOGISTICS Co.,Ltd បើកបរដោយឈ្មោះយ៉ន ភេទប្រុស បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងកុងតឺន័រខាងលើ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែស្ថានភាពផ្លូវមានសភាពងងឹតផង ណាមួយមេឃកំពុងធ្លាក់ភ្លៀងរលឹមផង ចំណែករថយន្តបើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងធំៗដែលបន្សល់ទុកចោលពេញទំហឹងតែម្តង។

ក្រោយកើតហេតុ ដោយឃើញសភាពមិនស្រួល បុរសដែលជាអ្នកបើកបររថយន្តដែលទទួលរងរបួសតិចតួច បានគេចខ្លួនបាត់ពីកន្លែង កើតហេតុ មុនពេលសមត្ថកិច្ចចុះមកដល់។

ក្នុងករណីនេះ មន្ត្រីអាជ្ញាធរអគ្គិសនីមួយរូបសុំមិនបញ្ចោញឈ្មោះបានបញ្ជាក់ថា អ្នកបច្ចេកទេសមួយក្រុមបានចុះត្រួតពិនិត្យដល់ទីតាំង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដើម្បីឈានទៅធ្វើការអនុវត្ត និងរុះរើបង្គោលភ្លើងនៅដើមខែឧសភា ២០១៨។ ខណៈបណ្តាញអគ្គិសនី ដែលគ្រោងរុះរើនោះ គឺជាបណ្តាញតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល។ ដូច្នេះអាចរងផលប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ទោះយ៉ាងណា អ្នកបច្ចេកទេសកំពុងសិក្សារកប្រភពអគ្គិសនីជំនួសតំបន់ដែលត្រូវបានកាត់ផ្តាច់ ព្រោះការរុះរើបង្គោលបានខ្លះ នៅខ្លះប៉ុណ្ណោះ។

គួរបញ្ជាក់ថា កន្លងទៅ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានរិះគន់ និងថតបង្ហោះរូបបង្គោលភ្លើង ដែលស្ថិតនៅចំកណ្តាលផ្លូវធ្វើដំណើរ ហើយអ្នកខ្លះបានហៅថា បង្គោលភ្លើងមរណៈ ជាដើម។ ប៉ុន្តែត្រង់ចំណុចនេះមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបកស្រាយថា ដើមឡើយបង្គោលភ្លើងនេះ គឺស្ថិតនៅអែបផ្លូវ។ ប៉ុន្តែដោយសារមានការពង្រីកផ្លូវបន្ថែម ទើបបង្គោលភ្លើងនេះស្ថិតនៅចំទ្រូងផ្លូវទៅវិញ។

ដោយឡែក កន្លងមក ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានសុំទោសដល់អ្នកដំណើរទាំងអស់ចំពោះករណីបង្គោលភ្លើងនេះផងដែរ ហើយថាផ្នែកពាក់ព័ន្ធបានពិភាក្សាគ្នារួចហើយ ដោយសម្រេចថា នឹងដកបង្គោលភ្លើងទាំងអស់នោះចេញចាប់ពីចន្លោះខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០១៨។

លោកថា អគ្គិសនីកម្ពុជា ត្រូវបង្កប់ខ្សែភ្លើងនៅក្រោមដីជាមុនសិន ហើយបន្ទាប់មក ទើបអាចដកបង្គោលភ្លើងទាំងនោះចេញបាន៕

RELATED ARTICLES