Tuesday, January 21, 2025
Homeសង្គម និងជីវិតចៅស្រីស្រែករកយុត្តិធម៌!​ ប៉ូលិសដោះលែងជនសង្ស័យកាប់ប្លន់យាយ

ចៅស្រីស្រែករកយុត្តិធម៌!​ ប៉ូលិសដោះលែងជនសង្ស័យកាប់ប្លន់យាយ

ខេត្តព្រៃវែង ៖ នារីវ័យក្មេងម្នាក់ ដែលកំពុងដេកក្នុងផ្ទះជាមួយជីដូនសុខៗ ស្រាប់តែត្រូវជនសង្ស័យមួយក្រុមចូលកាប់ប្លន់ដល់ក្នុងផ្ទះ បណ្តាលឱ្យជីដូនទទួលរងរបួសក្បាលយ៉ាងធ្ងន់ ចំណែកនាងរងរបួសដៃ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក បានស្រែកទាមទាររកយុត្តិធម៌ បន្ទាប់ពីទទួលដំណឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវ បានប៉ូលិសដោះលែង ឱ្យមានសេរីភាព។

គួររំលឹកថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីកាប់ប្លន់មួយបានកើតឡើងនៅចំណុចភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ដោយស្ត្រីវ័យចំណាស់ម្នាក់ រួមនឹងចៅស្រី កំពុងដេកសម្រាកនៅក្នុងផ្ទះ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យជាចោរប្លន់ ចូលទៅធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឱ្យស្ត្រីជាជីដូនរងរបួសរយះក្បាលធ្ងន់ ចំណែកចៅស្រីរងរបួសរយះកដៃ រួចប្លន់យកលុយបានចំនួន១០ម៉ឺនរៀលទៅបាត់។

ជនរងគ្រោះទាំង២នាក់ម្តាយកូនដែលត្រូវចោរកាប់ប្លន់ រួមមាន ទី១-ឈ្មោះស សុខ អាយុ៦៧ឆ្នាំ ត្រូវជាម្តាយ (រងរបួសរយះក្បាល) និងទី២-ឈ្មោះអ៊ួច ចន្ធូ អាយុ១៨ឆ្នាំ ត្រូវជាកូនស្រី (រងរបួសកដៃខាងឆ្វេង)។ ជនរងគ្រោះទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីនារីរងគ្រោះឈ្មោះអ៊ួច ចន្ធូ បានរៀបរាប់ប្រាប់ថា នាងរស់នៅជាមួយជីដូនឈ្មោះស សុខ នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ កាលពីយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ វេលាម៉ោង១រំលងអធ្រាត្រ មានចោរមួយក្រុមបានគាស់ទ្វាផ្ទះរបស់នាង ក្នុងដៃពួកវាមានកាន់ព្រនង់ កាំបិតផ្គាក់ មកគំរាមសម្លាប់ និងទាររកលុយពីជីដូនរបស់នាង តែជីដូននាងមានប្រាក់១០ម៉ឺនរៀល និងក្រវិលមួយគូប៉ុណ្ណោះ ឱ្យទៅពួកវានិងសុំអង្វរពួកវាកុំឱ្យសម្លាប់គាត់ តែវាពួកបានលុយហើយ នៅតែកាប់ជីដូនរបស់នាងយ៉ាងព្រៃផ្សៃ ហើយពួកវាដឹងថា នាងបានឃើញមុខ ស្គាល់ពួកវា ក៏មកកាប់នាងទៀត តែនាងបានយកដៃរង ហើយពួកវាបានយកលុយ ហើយលោតចុះតាមបង្អួចគេចខ្លួនបាត់។

នារីរងគ្រោះ បន្តថា ក្រោយពីឃើញជីដូនត្រូវជនសង្ស័យកាប់ឱ្យរបួសធ្ងន់បែបនេះ ធ្វើឱ្យរូបនាងភ័យណាស់ បានស្រែកឆោឡោឱ្យអ្នកជិតខាងជួយ ហើយបានរាយការណ៍ជូនសមត្ថកិច្ច មកអន្តរាគមន៍ភ្លាមៗ។ លុះកម្លាំងប៉ូលិសមកដល់ ក៏ស្រាវជ្រាវឃាត់ខ្លួនក្រុមចោរ បានទាំងអស់ ៣នាក់ ដែលពួកវាគឺក្រុមក្មេងស្ទាវក្នុងភូមិ ក្នុងនោះទី១-ឈ្មោះឈុន សក្តា ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះហ៊ុន វិសាល ហៅលក ភេទប្រុស និងទី៣-ឈ្មោះសំ រ៉ាដូ ហៅក្តូ ភេទប្រុស។

នារីរងគ្រោះខាងលើ បានបញ្ជាក់ថា អ្វីដែលធ្វើឱ្យនាងមានការងឿងឆ្ងល់នៅត្រង់ថា ហេតុអ្វីចាប់បានជនសង្ស័យ៣នាក់ តែប៉ូលិសចាត់បញ្ជូនទៅតុលាការតែ២នាក់ ចុះម្នាក់ទៀតម៉េចក៏ទុកឱ្យរួចខ្លួន? ដោយសារជីវភាពគ្រួសាររបស់នាងក្រីក្រណាស់ ហេតុនេះពុំមានលទ្ធភាពតស៊ូ ក្តីនោះទេ តែរូបនាងនៅតែមិនអស់ចិត្តសោះ ដោយសារឃើញអ្នកប្រព្រឹត្តបទល្មើសមកលើគ្រួសាររបស់នាងរួចខ្លួន ហេតុនេះនាងសំណូមពរដល់ អាជ្ញាធរពាក់ព័ន្ធ និងគ្រប់ស្ថាប័ន មេត្តាជួយរកយុត្តិធម៌ជូនគ្រួសារនាងផង ព្រោះបញ្ហានេះគឺអយុត្តិធ៌មសម្រាប់នាង និងជីដូនរបស់នាងខ្លាំងណាស់ ខណៈពេលនាង និងជីដូនកំពុងសម្រាកព្យាបាលរបួសមិនទាន់ដឹងថាយ៉ាងណាផង៕

RELATED ARTICLES